អ្នក​ភូមិ​បណ្ដែត​ទឹក​នៅ​សៀមរាប​ខ្វះ​ទឹក​ស្អាត

គេហទំព័រ​ជា​ភាសា​អង់គ្លេស​មួយ​ឈ្មោះ ខេមបូឌា​ធួរ (Cambodia Tours) បាន​ចាត់​ទុក​ប្រទេស​កម្ពុជា ថា​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ និង​មាន​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ ៤០% កំពុង​រស់នៅ​ដោយ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់។ ទឹក​ស្អាត គឺ​មាន​សារសំខាន់​យ៉ាង​ខ្លាំង ជួយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​សុខភាព​ល្អ មាន​អនាម័យ ដើម្បី​ជៀស​ផុត​ពី​ជំងឺ​ផ្សេងៗ។

ស្ត្រី​វ័យ​ជំទង់​ដែល​ជា​អ្នក​ភូមិ​ពាមតាអួ ឃុំ​កែវពណ៌ ស្រុក​ពួក ខេត្ត​សៀមរាប កំពុង​ដង​ទឹក​ទន្លេសាប ដែល​ល្អក់​ខ្វល់​ពោរពេញ​ដោយ​កករ​ដី មក​កូរ​សាជូរ ដើម្បី​បោក​គក់​សម្លៀកបំពាក់​របស់​នាង កាល​ពី​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៣។
ស្ត្រី​វ័យ​ជំទង់​ដែល​ជា​អ្នក​ភូមិ​ពាមតាអួ ឃុំ​កែវពណ៌ ស្រុក​ពួក ខេត្ត​សៀមរាប កំពុង​ដង​ទឹក​ទន្លេសាប ដែល​ល្អក់​ខ្វល់​ពោរពេញ​ដោយ​កករ​ដី មក​កូរ​សាជូរ ដើម្បី​បោក​គក់​សម្លៀកបំពាក់​របស់​នាង កាល​ពី​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ​២០១៣។ (RFA/Hang Savyouth)

0:00 / 0:00

នៅ​ឯ​ភូមិ​បណ្ដែត​ទឹក​មួយ​ក្នុង​បឹង​ទន្លេសាប នៃ​ស្រុក​ពួក ខេត្ត​សៀមរាប គឺ​មាន​អ្នក​នេសាទ​ជាច្រើន​គ្រួសារ​កំពុង​តែ​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ពេល​បច្ចុប្បន្ន។

ប្រជាពលរដ្ឋ​ជាង ២៧០​គ្រួសារ រស់នៅ​ភូមិ​ពាមតាអួ នៃ​ឃុំ​កែវពណ៌ បាន​ត្អូញត្អែរ​ថា ពួក​គេ​កំពុង​មាន​កង្វល់​ជា​ខ្លាំង នៅ​ពេល​រដូវ​ប្រាំង​ចូល​មក​ដល់​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​តែ​គ្មាន​ទឹក​ស្អាត​ប្រើប្រាស់​ទាល់​តែ​សោះ។

ភូមិ​នេះ​មាន​ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច ពី​ទី​រួម​ខេត្ត​សៀមរាប។ ជា​រៀង​រាល់​ថ្ងៃ អ្នក​ភូមិ​ដែល​គ្មាន​លទ្ធភាព​ទិញ​ទឹក​ស្អាត​ពី​កន្លែង​ដទៃ​មក​ប្រើប្រាស់ គឺ​តែង​បង្ខំ​ចិត្ត​ដង​យក​ទឹក​ទន្លេសាប ល្អក់​ខ្វល់​ពោរពេញ​ដោយ​កករ​ដី​មក​ប្រើប្រាស់ ដូច​ជា​ដាំ​ស្ល បោក​គក់​សម្លៀកបំពាក់ និង​ផឹក​ជាដើម។

ស្ត្រី​អ្នក​ភូមិ​ពាមតាអួ ម្នាក់ គឺ​អ្នកស្រី កេង ចិន អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា រូប​គាត់ និង​អ្នក​ភូមិ​ជាច្រើន​ទៀត​ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក កំពុង​មាន​ការ​លំបាក​ដោយសារ​តែ​ពុំ​មាន​ទឹក​ស្អាត​ប្រើប្រាស់។ គាត់​បញ្ជាក់​ថា ដោយសារ​តែ​គ្មាន​ទឹក​ស្អាត​ទាល់​តែ​សោះ គឺ​អ្នក​ភូមិ​តែង​បង្ខំ​ចិត្ត​ដួស​យក​ទឹក​ទន្លេ​ល្អក់​ខ្វល់​មក​ប្រើប្រាស់ បណ្ដាល​ឱ្យ​សម្លៀកបំពាក់​ក៏​មិន​ស្អាត ហើយ​ខ្លួន​ប្រាណ​ក៏​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេងៗ។

អ្នកស្រី កេង ចិន៖ «អូ! យ៉ាប់​មែន​ទែន ទឹក​នៅ​តំបន់​យើង​នេះ ឡើង​ដូច​ខ្ទុះ​អីចឹង​ឯង ខាប់ខ្ពឺស ហើយ​ទិញ​ទឹក​គេ​ហូប ខ្ញុំ ២​ថ្ងៃ​ដឹង​តែ ៣.០០០​រៀល។ ទាល់​កូរ​សាជូរ ទើប​បាន​ទឹក​ដាំ​បាយ​ស្ល​អី។ ងូត​អី​តែ​ទឹក​ហ្នឹង​ជួន​ថ្ងៃ​ខ្លះ​កូរ​សាជូរ ទៅ​រមាស់​ពេញ​ខ្លួន។ ខ្វល់! មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច រក​វិធី​ដោះស្រាយ​យ៉ាង​ម៉េច បើ​វា​អត់​ទៅ​ហើយ។ ខ្ញុំ​ចាប់​មក​នៅ​ទី​នេះ ៤-១០​ឆ្នាំ​មក ឃើញ​តែ​ទឹក​ហ្នឹង​ល្អក់​អីចឹង​ឯង​រហូត​មក។ ចង់​បាន​ទឹក​ស្អាត​ដូច​បាន​មាស ១​គីឡូក្រាម​ដាក់​លើ​ផ្ទះ​អីចឹង»

ភូមិ​ពាមតាអួ គឺ​ជា​ភូមិ​ចល័ត​បណ្ដែត​តាម​ផ្ទៃ​ទឹក​នៃ​បឹង​ទន្លេសាប ទៅ​តាម​រដូវ​កាល ដូច​ជា​នៅ​រដូវ​ទឹក​ឡើង គេ​បាន​នាំ​គ្នា​អូស​សណ្ដោង​ផ្ទះ​មក​នៅ​ជុំវិញ​ទី​វត្ត​មេជ្រៃ និង​រដូវ​ទឹក​ស្រក នាំ​គ្នា​ចុះ​តាម​ទឹក​ទៅ​នៅ​កណ្ដាល​ទន្លេសាប ជាដើម។ នៅ​រដូវ​ប្រាំង ចាប់​ពី​អំឡុង​ខែ​មីនា រហូត​ដល់​ខែ​មិថុនា ទឹក​ទន្លេសាប ជុំវិញ​តំបន់​ពួក​គេ​រស់នៅ បាន​គោក​រាក់ គួប​ផ្សំ​ជា​រៀង​រាល់​ថ្ងៃ​មាន​កាណូត​ដឹក​ជញ្ជូន​អីវ៉ាន់ និង​កាណូត​ដឹកនាំ​ទេសចរណ៍​ចេញ​ចូល​ផង ធ្វើ​ឱ្យ​ផ្ទៃ​ទឹក​នៅ​ទីនោះ​ល្អក់​ខ្វល់។ ភាព​មិន​ស្អាត​នៃ​ទឹក​មួយ​ផ្នែក​ទៀត​នោះ គឺ​អ្នក​ភូមិ​បាន​ចិញ្ចឹម​សត្វ​នៅ​លើ​ក្បូន ដូច​ជា​ជ្រូក មាន់ ទា ជាដើម ឱ្យ​បន្ទោរ​បង់​លាមក លាង​ចាន​ឆ្នាំង និង​លាង​ត្រី​ប្រហុក​ដាក់​ទឹក​ជា​ប្រចាំ ដែល​ធ្វើ​ឱ្យ​ទឹក​កាន់​ក្រខ្វក់​ខ្លាំង​ឡើង។

លោក ឈាន ណារិទ្ធ ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពាមតាអួ ម្នាក់​ទៀត បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​របស់​លោក គឺ​ជៀស​មិន​ផុត​ពី​ការ​ប្រើប្រាស់​ទឹក​នោះ​ទេ។ ទឹក​ទន្លេ​ទីនោះ​ល្អក់​ខ្លាំង ចាប់​ផ្ដើម​ពី​ខែ​មីនា រហូត​ដល់​ខែ​ឧសភា។ បុរស​ដដែល​បាន​បញ្ជាក់​ថា គាត់​មិន​ចង់​ប្រើប្រាស់​ទឹក​របៀប​នេះ​ទេ ក៏ប៉ុន្តែ​វា​មិន​មាន​ជម្រើស​ណា​មួយ​ឡើយ៖ «អ្នក​ខ្លះ​គេ​មាន​ថវិកា​ខ្លះ​ទៅ ហើយ​មាន​កាណូត​មាន​អី គេ​ទៅ​ទិញ​យក​ពី​លើ​មក ព្រោះ​គេ​អត់​ត្រូវ​ការ​ប្រើ​ទឹក​នេះ ព្រោះ​ទឹក​វា​អាក្រក់​ពេក។ តែ​អ្នក​ដែល​អត់ គឺ​ប្រើ​ទឹក​ហ្នឹង​តែ​ម្ដង ដង​មក​កូរ​សាជូរ ជួន​កាល​បាន​ដាំ ជួន​កាល​ញ៉ាំ​ទាំង​អីចឹង​បណ្ដោយ ញ៉ាំ​ឆៅ។ ដល់​អីចឹង ក្មេងៗ​តូចៗ​ជួប​ការ​លំបាក​រាករូស ហើយ​សុខភាព​មិន​សូវ​ល្អ ក្មេង។ រាល់​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​ភូមិ​នេះ​ចង់​អំពាវនាវ​ថា បើ​សិន​ជា​អង្គការ​ណា​មួយ​អាច​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទឹក​ស្អាត​នៅ​កន្លែង​នេះ គឺ​ប្រជាពលរដ្ឋ​នេះ​ចូល​រួម​គាំទ្រ​ទាំងអស់»

អ្នក​ភូមិ​បាន​ឱ្យ​ដឹង​ថា ដោយសារ​តែ​ប្រើប្រាស់​ទឹក​ក្រខ្វក់​ជា​ប្រចាំ​ថ្ងៃ​នោះ ធ្វើ​ឱ្យ​ពួក​គេ​ឧស្សាហ៍​កើត​ជំងឺ​ផ្សេងៗ។ កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ អ្នក​ភូមិ​ទីនោះ​ជាច្រើន​នាក់ បាន​កើត​ជំងឺ​អាសន្នរោគ បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន ២​នាក់​ស្លាប់។

អនុប្រធាន​ភូមិ​ពាមតាអួ លោក លី មោង បាន​មាន​ប្រសាសន៍​ថា លោក​តែង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​លោក។ ជា​រៀង​រាល់​ថ្ងៃ ដោយសារ​តែ​អ្នក​ភូមិ​ប្រើប្រាស់​ទឹក​ក្រខ្វក់ គឺ​អ្នក​ភូមិ​តែង​កើត​ជំងឺ​រាក និង​កមរមាស់ ជាដើម។ អនុប្រធាន​ភូមិ​បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៦ មក លោក​តែង​ស្នើសុំ​អង្គការ ឬ​ក៏​រដ្ឋាភិបាល​ឱ្យ​ជួយ​រិះរក​វិធី​យ៉ាង​ណា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ទឹក​ស្អាត​ប្រើប្រាស់ ក៏ប៉ុន្តែ​ការ​ស្នើសុំ​របស់​លោក​មិន​បាន​ផល​អ្វី​ទេ។

លោក លី មោង៖ «ខ្វល់​ដែរ​ពី​បញ្ហា​សុខភាព។ ទឹក​នេះ​ឯង​ប្រើប្រាស់​មិន​ស្អាត។ ខ្ញុំ​ធ្លាប់​ស្នើសុំ​ទៅ​ថ្នាក់​ឃុំ ថ្នាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ក៏​រាជ​រដ្ឋាភិបាល​យើង​ដែរ ប៉ុន្តែ​ដូច​មិន​ទាន់​មាន​ដំណោះស្រាយ​អ្វី​ផ្តល់​ជូន​ប្រជាពលរដ្ឋ​ខ្ញុំ ដូច​ជា​ជីក​អណ្ដូង កាយ​ជា​ស្រះ សម្រាប់​ឱ្យ​គាត់​ប្រើប្រាស់​ទឹក ឬ​ក៏​យ៉ាង​ម៉េច មិន​ទាន់​ឃើញ​មាន​ឆ្លើយ​តប»

១៤-មីនា-២០១៣៖ សត្វ​ជ្រូក​ដែល​អ្នក​ភូមិ​ពាមតាអួ ឃុំ​កែវពណ៌ ស្រុក​ពួក ខេត្ត​សៀមរាប ចិញ្ចឹម​លើ​ក្បូន ដោយ​វា​តែង​បន្ទោរ​បង់​លាមក​ចូល​ទឹក​ទន្លេ ដែល​គោក​រាក់ ហើយ​អ្នក​ភូមិ​តែង​ដង​ទឹក​ទន្លេ​នោះ​ងូត បោក​គក់​សម្លៀកបំពាក់ ដាំ​ស្ល និង​ផឹក​ជា​ប្រចាំ​ថ្ងៃ។
១៤-មីនា-២០១៣៖ សត្វ​ជ្រូក​ដែល​អ្នក​ភូមិ​ពាមតាអួ ឃុំ​កែវពណ៌ ស្រុក​ពួក ខេត្ត​សៀមរាប ចិញ្ចឹម​លើ​ក្បូន ដោយ​វា​តែង​បន្ទោរ​បង់​លាមក​ចូល​ទឹក​ទន្លេ ដែល​គោក​រាក់ ហើយ​អ្នក​ភូមិ​តែង​ដង​ទឹក​ទន្លេ​នោះ​ងូត បោក​គក់​សម្លៀកបំពាក់ ដាំ​ស្ល និង​ផឹក​ជា​ប្រចាំ​ថ្ងៃ។ (RFA/Hang Savyouth)

ចំណែក​លោក លួស ឡាយ ជា​មេ​ឃុំ​កែវពណ៌ បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​តែ​ពី​ឆ្នាំ​២០០៧ គឺ​លោក​តែង​ស្នើសុំ​ជា​ញឹកញាប់​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ឱ្យ​ជួយ​ធ្វើ​ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​ចែក​ជូន​អ្នក​ភូមិ​ទីនោះ ក៏ប៉ុន្តែ​អង្គការ​ខ្លះ​បាន​ត្រឹម​តែ​សន្យា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ចេញ​ជា​លទ្ធផល​អ្វី​ឡើយ។ អង្គការ​ខ្លះ​ទៀត​បាន​ចុះ​ទៅ​សិក្សា ក៏ប៉ុន្តែ​ដោយសារ​តែ​ភូមិ​នោះ​ពិបាក​ផ្លូវ​ធ្វើ​ដំណើរ ក៏​មិន​ទាន់​ឃើញ​មាន​គម្រោង​ណា​មួយ​កើត​ចេញ​ជា​រូប​រាង​ទេ។

លោក លី សាមេត ជា​ប្រធាន​អង្គការ​មហាជន​ប្រចាំ​ភូមិ​ពាមតាអួ នោះ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​សហគមន៍​របស់​លោក​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន ដូច​ជា​ការ​ចំណាក​ស្រុក អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​បញ្ហា​ខ្វះ​មណ្ឌល​សុខភាព​ជាដើម។ ក៏ប៉ុន្តែ បញ្ហា​ចម្បង​ដែល​អ្នក​ភូមិ​កំពុង​ប្រឈម​មុខ​នេះ គឺ​ការ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់។ លោក លី សាមេត បាន​ឱ្យ​ដឹង​ថា ដោយសារ​តែ​អ្នក​ភូមិ​របស់​លោក​កំពុង​ប្រើប្រាស់​ទឹក​ក្រខ្វក់ គឺ​អ្វី​ដែល​លោក​អាច​ជួយ​បាន ត្រឹម​តែ​ខំ​ប្រឹងប្រែង​ចុះ​អប់រំ​អ្នក​ស្រុក​ឱ្យ​យល់​ដឹង​អំពី​អនាម័យ ការ​ថែ​រក្សា​សុខភាព ដើម្បី​ឱ្យ​ជៀស​ផុត​ពី​ជំងឺ​ទាំង​ឡាយ​ប៉ុណ្ណោះ។

ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា ក៏​កំពុង​ប្រឹងប្រែង​លើក​កម្ពស់​សុខភាព​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ជនបទ ដោយ​ចាត់​ទុក​ការ​ប្រើប្រាស់​ទឹក​ស្អាត​ជា​យុទ្ធសាស្ត្រ​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែរ ប្រសិន​បើ​ពលរដ្ឋ​សុខភាព​ល្អ គឺ​មាន​ពេល​វេលា និង​កម្លាំង​ធ្វើ​ការ ដើម្បី​បាន​កម្រៃ​ចិញ្ចឹម​ជីវិត។ ក៏ប៉ុន្តែ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​តាម​ទី​ជនបទ មិន​ទាន់​មាន​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។