អង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ប្រកាសនៅថ្ងៃទី៦ កក្កដា ថា ខ្លួននៅតែរក្សាជំហរដាច់ខាតថា នឹងធ្វើបាតុកម្មមុខស្ថានទូតវៀតណាមដដែល ទោះបីអាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតក៏ដោយ។
អង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស អះអាងនៅ ថ្ងៃទី៦ កក្កដា ថា ក្រុមនិស្សិត បញ្ញវន្ត រួមទាំងព្រះសង្ឃប្រមាណ ១០០នាក់និងអង្គ នឹងទៅធ្វើបាតុកម្មតាមការគ្រោងទុក គឺនៅថ្ងៃទី៨ កក្កដា ខាងមុខ។
លោកថា ការធ្វើបាតុកម្មអហិង្សានោះ គឺដើម្បីទាមទារឲ្យមន្ត្រីស្ថានទូតវៀតណាម ទទួលស្គាល់ថា ទឹកដីកម្ពុជាក្រោម ជាអតីតទឹកដីខ្មែរ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរភ្នំពេញ ផ្ញើលិខិតមួយច្បាប់ ចុះថ្ងៃទី៥ កក្កដា ឆ្លើយតបទៅនឹងអង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា បញ្ជាក់ពីមូលហេតុមិនឲ្យធ្វើបាតុកម្មនោះ ដោយសំអាងមូលហេតុថា អាចបង្កឲ្យមានបញ្ហាសន្តិសុខ សុវត្ថិភាព ប៉ះពាល់របៀបរៀបរយសាធារណៈ និងកកស្ទះចរាចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។