លោកអ្នកនាងខ្លះប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាព្រះរាជាខ្មែរសម័យអង្គរ សង់ប្រាសាទច្រើនម្ល៉េះ? ការសង់ប្រាសាទរបស់ព្រះរាជាខ្មែរនៅសម័យអង្គរ ភាគច្រើន គឺដើម្បីឧទ្ទិសដល់ព្រះអាទិទេពទាំងឡាយផង និងដើម្បីលើកតម្កើងខ្លួនឯងអោយទៅជាទេវរាជ គឺជាស្ដេចផង និងជាទេវផង។ នេះ គឺជាសកម្មភាពមួយដណ្ដើមភាពស្របច្បាប់នៃការកាន់អំណាចរបស់ខ្លួន បន្ទាប់វាយដណ្ដើមរាជ្យបានពីព្រះរាជាណាមួយបានហើយ។
ជាបន្តទៅទៀតនេះ លោក ជុន ច័ន្ទបុត្រ សូមរៀបរាប់ជូននូវសកម្មភាព និងសង្គ្រាមដណ្ដើមរាជ្យគ្នារបស់ព្រះរាជាមួយចំនួនទៀតនៅសម័យអង្គរ។
ក៥. ព្រះបាទហស៌វរ្ម័នទី១ (៩០០-៩២២)
ក្រោយពីព្រះបាទយសោវរ្ម័នទី១ ទ្រង់ចូលទិវង្គតទៅ ព្រះរាជបុត្រច្បងរបស់ព្រះអង្គព្រះនាម ហស៌វរ្ម័នទី១ ទ្រង់ឡើងគ្រងរាជ្យបន្តពីព្រះបិតានៅឆ្នាំ៩០០ នៃគ្រិស្ដសករាជ។ តែឯកសារខ្លះថានៅឆ្នាំ៩០៨ ឬ ៩១០ ទៅវិញ។ ព្រះអង្គទ្រង់គង់នៅរាជធានីយសោធបុរៈ គឺក្រុងអង្គរដដែល ហើយទ្រង់បានកសាងប្រាសាទភ្នំតូចមួយ គឺប្រាសាទបក្សីចាំក្រុង នៅក្បែរជើងភ្នំបាខែង ជាភ្នំកណ្ដាលនៃរាជធានី។ គេមិនបានដឹងពិតប្រាកដថា តើព្រះអង្គទ្រង់សោយទិវង្គតនៅឆ្នាំណាទេ គេគ្រាន់តែប៉ាន់ស្មានថា ព្រះអង្គប្រហែលជាចូលទិវង្គតនៅក្រោយឆ្នាំ៩២២ តែប៉ុណ្ណោះ ដោយទ្រង់បានទទួលព្រះមរណនាមថា រុទ្រលោក។
ក៦. ព្រះបាទឥសាណវរ្ម័នទី២ (៩២៥-៩២៨)
ក្រោយពីព្រះបាទហស៌វរ្ម័នទី១ ទ្រង់សោយទិវង្គតទៅ ព្រះអនុជរបស់ព្រះអង្គទ្រង់ឡើងសោយរាជ្យស្នងនៅឆ្នាំ៩២៥ នៃគ្រិស្ដសករាជ ដែលមានព្រះនាមក្នុងរាជ្យថា ព្រះបាទឥសាណវរ្ម័នទី២។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ព្រះបាទឥសាណវរ្ម័នទី២ ត្រូវប្រឈមមុខនឹងការបះបោរដណ្ដើមរាជ្យរបស់ស្ដេចមាជាស្វាមីព្រះនាងជ័យទេវី ដែលជាប្អូនស្រីរបស់ព្រះបិតាព្រះអង្គ ហើយដែលជាអនាគតព្រះបាទជ័យវរ្ម័នទី៤។ ព្រះបាទឥសាណវរ្ម័នទី២ ទ្រង់សោយទិវង្គតនៅឆ្នាំ៩២៨ ដោយមានព្រះមរណនាមថា បរមរុទ្រលោក។
ក៧. ព្រះបាទជ័យវរ្ម័នទី៤ (៩២៨-៩៤១) និងការលើករាជធានីទៅកោះកេរ្តិ៍
នៅក្នុងរាជ្យព្រះបាទឥសាណវរ្ម័នទី២ ជាក្មួយដែលសោយរាជ្យមុនព្រះអង្គ ព្រះបាទជយ័វរ្ម័នទី៤ ដែលជាប្អូនថ្លៃរបស់ព្រះបាទយសោវរ្ម័ន បានបះបោរប្រឆាំងនឹងក្មួយរបស់ព្រះអង្គ ហើយបានឆក់ប្លន់យករតនសម្បត្តិផ្សេងៗ ហើយចាកចេញពីយសោធបុរៈ គឺក្រុងអង្គរ ទៅគង់នៅគោកគគី គឺកោះកេរ្តិ៍ ចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ទិសឦសានក្រុងអង្គរ ដោយនាំយកទាំងលិង្គទេវរាជទៅជាមួយផង។ ព្រះបាទជ័យវរ្ម័នទី៤ បានឡើងសោយរាជ្យនៅរាជធានីកោះកេរ្តិ៍នៅឆ្នាំ៩២៨ គឺជាឆ្នាំដែលព្រះបាទឥសាណវរ្ម័នទី២ ដែលសោយរាជ្យនៅអង្គរ ទ្រង់សោយទិវង្គតនោះឯង។
ដើម្បីអោយប្រជារាស្ត្រទទួលស្គាល់ថា ព្រះអង្គជាស្ដេចមានមហិទ្ធិឫទ្ធិ ព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានខិតខំកសាងសមិទ្ធផលផ្សេងៗដែលមានលក្ខណៈធំសម្បើមទៀតផង ដូចជា នៅក្នុងរាជធានីកោះកេរ្តិ៍ ជារាជធានីថ្មីនេះ។
ព្រះអង្គបានសាងប្រាសាទភ្នំមួយដែលមានខឿន ៧ជាន់ កម្ពស់ ៣៥ម៉ែត្រ ឈ្មោះប្រាសាទធំ សម្រាប់តម្កល់លិង្គទេវរាជត្រិភូវនេស្វរៈ ប្រមាណក្នុងឆ្នាំ៩៣១។ ក្រៅពីនេះ ព្រះអង្គបានសាងប្រាសាទជាច្រើនទៀត ព្រមទាំងបារាយណ៍មួយ គឺបារាយណ៍រហាល ហើយនៅរយៈកាលចុងក្រោយនៃរាជ្យរបស់ព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៤ បានវាយរុញច្រានការលុកលុយរបស់ចាម អោយដកថយទៅវិញ។
ព្រះបាទជ័យវរ្ម័នទី៤ ទ្រង់ឡើងគ្រងរាជ្យនៅឆ្នាំ៩២៨ ហើយសោយទិវង្គតនៅឆ្នាំ៩៤១ នៃគ្រិស្ដសករាជ ដោយមានព្រះមរណនាមថា បរមសិវបល្តិ។
ក៨. ព្រះបាទហស៌វរ្ម័នទី២ (៩៤១-៩៤៤)
ក្រោយពេលដែលព្រះបាទជ័យវរ្ម័នទី៤ ទ្រង់ចូលទិវង្គតទៅ ព្រះរាជបុត្ររបស់ព្រះអង្គដែលនៅមានវ័យក្មេងណាស់នៅឡើយ ទ្រង់បានឡើងសោយរាជ្យស្នងព្រះបិតានៅរាជធានីកោះកេរ្តិ៍ ហើយមានព្រះនាមក្នុងរាជ្យថា ព្រះបាទហស៌វរ្ម័នទី២។
ព្រះបាទហស៌វរ្ម័នទី២ ទ្រង់សោយរាជ្យបានតែពីរ ឬបីឆ្នាំ ក៏បាត់ខ្លួន ឬក៏ទ្រង់សុគតទៅ។ ឯកសារខ្លះបានបញ្ជាក់ថា ព្រះបាទហស៌វរ្ម័នទី២ ទ្រង់សោយរាជ្យបានតែពីរឆ្នាំប៉ុណ្ណោះ គឺនៅគ្រិស្ដសករាជ៩៤៤ ព្រះអង្គត្រូវព្រះបាទរាជេន្ទ្រវរ្ម័នទី២ ជាព្រះរៀមជីដូនមួយនឹងព្រះអង្គ ច្បាំងដណ្ដើមរាជសម្បត្តិបាន ហើយឡើងសោយរាជ្យបន្តពីព្រះអង្គ។ ក្នុងពេលដែលសោយទិវង្គតទៅនោះ ព្រះបាទហស៌វរ្ម័នទី២ ទ្រង់មានព្រះមរណនាមថា ព្រហ្មលោក។
ក៩. ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) និងការវិលត្រឡប់មកយសោធបុរៈវិញ
ក្រោយពីព្រះបាទហស៌វរ្ម័នទី២ ទ្រង់សោយទិវង្គតទៅ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដែលជាព្រះរាជបុត្ររបស់ព្រះនាងមហេន្ទ្រទេវី ដែលត្រូវជាប្អូនស្រីមួយអង្គទៀតរបស់ព្រះបាទយសោវរ្ម័នទី១ ដែរ ក៏ទ្រង់ឡើងសោយរាជ្យស្នងព្រះអនុជនៅឆ្នាំ៩៤៤។ ព្រះអង្គមិនគង់នៅរាជធានីកោះកេរ្តិ៍ ទៀតទេ គឺព្រះអង្គទ្រង់នាំយកលិង្គទេវរាជត្រឡប់ទៅយសោធបុរៈក្រុងអង្គរ បានជួសជុល និងរៀបចំកសាងបន្ថែម ធ្វើអោយរាជធានីយសោធបុរៈ នេះកាន់តែរុងរឿងឡើងថែមទៀត។
នៅចំកណ្ដាលទីក្រុងនេះ គេចាប់ផ្ដើមកសាងប្រាសាទភិមានអាកាសដ៏ល្អឆើតឆាយ ហើយនៅភាគខាងកើតនៃទីក្រុងនៅឆ្នាំ៩៥២ ព្រះអង្គទ្រង់បានសាងប្រាសាទមេបុណ្យខាងកើត ដែលមានប្រាង្គចំនួន៥ នៅចំកណ្ដាលបារាយណ៍យសោធរៈតដាក ដើម្បីឧទ្ទិសចំពោះព្រះមាតាព្រះបិតា បុព្វការីជនផ្សេងទៀត និងសិវលិង្គ។ នៅឆ្នាំ៩៦១ ព្រះអង្គទ្រង់បានសាងប្រាសាទមួយទៀតដែលមានរូបរាង និងប្រាង្គចំនួន៥ ដូចគ្នានឹងប្រាសាទមេបុណ្យខាងកើតដែរ ឈ្មោះថា ប្រាសាទប្រែរូប ស្ថិតនៅខាងត្បូងយសោធរៈតដាក ដើម្បីតម្កល់លិង្គទេវរាជ និងឧទ្ទិសចំពោះព្រះញាតិព្រះអង្គផង។
ហេតុដែលបណ្ដាលអោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ សាងប្រាសាទប្រែរូបដែលមានរូបរាង និងសណ្ឋានដូចគ្នានឹងប្រាសាទមេបុណ្យខាងកើតនោះ គឺមកពីប្រាសាទមេបុណ្យខាងកើតនេះបានត្រូវសាងសង់ឡើងនៅកណ្ដាលបារាយណ៍ ដែលជាហេតុធ្វើអោយមានការពិបាកក្នុងការធ្វើបុណ្យទាន។
ក្នុងរាជ្យរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ សាសនាទាំងអស់មានការរីកចម្រើន ហើយរួមរស់ដោយសុខដុមជាមួយគ្នា។ នៅក្នុងរាជ្យរបស់ព្រះអង្គនេះដែរ មានវីរជន ឬមន្ត្រីជាន់ខ្ពស់នៃព្រះបរមរាជវាំងជាច្រើន បានរួមចំណែកកសាងសមិទ្ធផលផ្សេងៗ ដូចជានៅឆ្នាំ៩៤៦ កវិន្ទ្រារឹមថន ជាស្ថាបត្យករបានសាងប្រាសាទបាតជុំ ដើម្បីឧទ្ទិសថ្វាយចំពោះពោធិសត្វមួយអង្គនៃពុទ្ធសាសនាមហាយាន និងព្រះនាងប្រាជ្ញាបារមីតា។ នៅឆ្នាំ៩៦៧ ព្រះរាជគ្រូព្រាហ្មណ៍យជ្ជនៈវរហៈ ចាប់ផ្ដើមសាងប្រាសាទបន្ទាយស្រី ត្រីភូវនមហេស្វរៈ ស្ថិតខាងជើងក្រុងយសោធបុរៈ។
ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ទ្រង់ជាស្ដេចសឹកមួយអង្គដ៏អង់អាចក្លាហាន ព្រះអង្គទ្រង់បានលើកទ័ពទៅវាយនគរចំប៉ា វិញ ក្រោយពីចំប៉ាបានមកលុកលុយប្រទេសកម្ពុជា នៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ នោះ។ នៅឆ្នាំ៩៤៥-៩៤៦ ព្រះអង្គទ្រង់បានឡោមព័ទ្ធរាជធានីនៃប្រទេសចំប៉ា បាន ហើយបាននាំបដិមាទេពធិតារក្សានគរ ដែលធ្វើអំពីមាស និងរឹបយកនគរចំប៉ា ដាក់ជាចំណុះនគរខ្មែរមួយរយៈថែមទៀតផង។ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ទ្រង់បានឡើងគ្រងរាជ្យនៅឆ្នាំ៩៤៤ ហើយទ្រង់សុគតនៅឆ្នាំ៩៦៨។ ទ្រង់មានព្រះមរណនាមថា សិវលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។