ជនភៀសខ្លួនចំនួន ៤នាក់ដែលត្រូវបានរដ្ឋាភិបាលអូស្រ្តាលី បញ្ជូនពីកោះណាវរូ (Nauru) នោះ បានមកដល់ប្រទេសកម្ពុជា ហើយ។ ការផ្ដល់ជម្រកឲ្យស្នាក់នៅសម្រាប់ជនភៀសខ្លួន ដែលស្វែងរកការជ្រកកោននៅប្រទេសអូស្ត្រាលី ទាំងនេះ រដ្ឋាភិបាលកម្ពុជា ត្រូវរងការស្ដីបន្ទោស និងប្រតិកម្មពីប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលថា រដ្ឋាភិបាលកម្ពុជា នៅពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលយកជនភៀសខ្លួននៅឡើយទេ។ បើទោះជាបែបណា មន្ត្រីរដ្ឋាភិបាល បានអះអាងម្ដងហើយម្ដងទៀតថា ប្រទេសកម្ពុជា គឺពិតជាមានសមត្ថភាពក្នុងការផ្ដល់ជម្រកនៃការស្នាក់នៅឲ្យជនភៀសខ្លួនបាន។
មន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាននៃក្រសួងមហាផ្ទៃ បានប្រាប់ថា ជនភៀសខ្លួនទាំង ៤នាក់នោះ ត្រូវបានគេផ្ដល់កន្លែងស្នាក់នៅបណ្ដោះអាសន្នរួចហើយ គឺស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បន្ទាប់ពីបញ្ជូនដល់ប្រទេសកម្ពុជា ភ្លាមៗ។
ជនភៀសខ្លួនទាំង ៤នាក់នេះ ត្រូវបានគេបញ្ជូនតាមជើងហោះហើរ ចេញពីប្រទេសម៉ាឡស៊ី និងមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា។ ជុំវិញរឿងរ៉ាវនៃការបញ្ជូនជនភៀសខ្លួននេះ ព័ត៌មានពុំត្រូវបានរដ្ឋាភិបាលបើកចំហឲ្យដឹងជាសាធារណៈទេ។ ចំណែកសន្តិសុខនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ វិញ ត្រូវបានគេរឹតបន្តឹងការចេញចូល ដែលពុំធ្លាប់មាន។
ការពង្រឹងសន្តិសុខនេះ គេតែងសង្កេតឃើញសម្រាប់តែក្នុងពិធីការពារសុវត្ថិភាពរបស់គណៈប្រតិភូនៃមន្ត្រីជាន់ខ្ពស់ប៉ុណ្ណោះ។ ក៏ប៉ុន្តែសម្រាប់ការបញ្ជូនជនភៀសខ្លួននេះវិញ គឺសន្តិសុខត្រូវបានគេរឹតត្បិត មិនខុសពីការពារអ្នកធំឡើយ។ រឹតតែតឹងតែងថែមទៀតនោះ គឺក្រុមអ្នកសារព័ត៌មានមិនត្រូវបានគេអនុញ្ញាតឲ្យចូលទៅផ្នែកខាងក្នុងនៃអាកាសយានដ្ឋាន ដើម្បីបានថតសំឡេង និងយករូបភាពនោះឡើយ។
ការរង់ចាំអស់ពេលជាច្រើនម៉ោងនៅអាកាសយានដ្ឋាននោះ ទីបំផុតគេមិនដឹងថា ជនភៀសខ្លួនទាំងនោះ ត្រូវដឹកចេញពីប្រលានដោយរបៀបណាទេ ដោយហេតុថា មានរថយន្តខ្លះដែលសង្ស័យថា អាចដឹកជនភៀសខ្លួន ត្រូវបិទបាំងដោយក្រណាត់យ៉ាងជិត។
ជនភៀសខ្លួនដែលស្វែងរកសិទ្ធិជ្រកកោននៅអូស្ត្រាលី ទាំង ៤នោះ គឺមានជនជាតិអ៊ីរ៉ង់ (Iran) ៣នាក់ និងម្នាក់ទៀតជាជនជាតិដើមភាគតិច រ៉ូហ៊ីងយ៉ា (Rohingya) ដែលរត់គេចខ្លួនពីប្រទេសមីយ៉ាន់ម៉ា ឬភូមា។
ពាក់ព័ន្ធរឿងរ៉ាវនេះ មន្ត្រីនាំក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បដិសេធថា លោកពុំបានទទួលព័ត៌មានល្អិតល្អន់ចំពោះការពង្រឹងសន្តិសុខនេះទេ។ បន្ថែមពីលើនេះទៀត លោកអះអាងថា សម្រាប់ជនភៀសខ្លួនទាំង ៤នាក់នេះ គឺមានជម្រកស្នាក់នៅសមរម្យ។ ថ្លៃទឹក ភ្លើង គឺជាបន្ទុកនៃការចំណាយរបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី បូករួមទាំងថ្លៃម្ហូបអាហារថែមទៀតផង។ លោកបន្តថា «យើងមានតែមួយទេ គឺទទួលដឹកជញ្ជូនពីពោធិ៍ចិនតុង មកទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន ហើយចំពោះការយាមកាមក៏ជាបន្ទុករបស់គេដែរ»។
ដោយឡែកនាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ថា រដ្ឋាភិបាលអូស្ត្រាលី បានបោះលុយច្រើនលានដុល្លារទៅឲ្យរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលយកជនភៀសខ្លួននៅពេលនេះ។
បើទោះជាដឹងថា រដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះបានបណ្ដេញជនជាតិភាគតិចម៉ុងតាញ៉ា វៀតណាម ឲ្យត្រឡប់ទៅប្រទេសវៀតណាម វិញក្តី និងបើទោះជាដឹងថា រដ្ឋាភិបាលកម្ពុជា បានគំរាមបញ្ជូនខ្លួនពួកគេទៅវៀតណាម វិញ ប្រសិនបើមិនមានប្រទេសណាមួយព្រមទទួលយកពួកគេទាំងនេះក៏ដោយ។
ទាក់ទិនរឿងនេះ រដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី បានចុះហត្ថលេខារួមគ្នាមួយកាលពីខែមីនា ឆ្នាំ២០១៣ កន្លងទៅ ដោយព្រមទទួលយកជនភៀសខ្លួនដើម្បីមករស់នៅកម្ពុជា។ ជុំវិញរឿងនេះ កម្ពុជាទទួលបានលុយប្រមាណ ៤០លានដុល្លារ ជាថ្នូរក្នុងការទទួលយកជនភៀសខ្លួននេះ។ ភ្លាមៗ ក្រោយពីដឹងថា មានកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួន មានបាតុកម្មបានផ្ទុះឡើង ប្រឆាំងគោលការណ៍របស់រដ្ឋាភិបាលនេះដែរ។
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់នៃអង្គការលីកាដូ (Licadho) ចាត់ទុកថា នេះជាពេលវេលាមួយពុំទាន់សាកសម សម្រាប់កម្ពុជា ទទួលយកជនភៀសខ្លួននៅឡើយទេ ព្រោះរដ្ឋាភិបាលមានបញ្ហាស្មុគស្មាញច្រើនណាស់ ដែលត្រូវដោះស្រាយ។ ជាងនេះទៀតនោះ ការទទួលយកជនភៀសខ្លួននេះ គឺរដ្ឋាភិបាលហាក់ធ្វើឡើងដោយមិនស្មើភាពទេ។ មានជនភៀសខ្លួនកន្លងទៅ សុំសិទ្ធិជ្រកកោន តែត្រូវបានរដ្ឋាភិបាលបដិសេធ។ លោកបន្តថា «ខ្ញុំនៅតែគិតថា កាលពីមុនជនជាតិអ៊ុយហ្គរ៍ ឬជនជាតិម៉ុងតាញ៉ាផ្សេងៗដែលស្វែងរកសិទ្ធិជ្រកកោននៅកម្ពុជា ប៉ុន្តែត្រូវបានកម្ពុជា បញ្ជូនទៅវិញ។ យើងឃើញការបញ្ជូននោះ ក៏វាទាក់ទងនឹងការទទួលជំនួយ និងការជួយអ្វីផ្សេងៗដែរ។ អ៊ីចឹងបើយើងមើលទៅ វាហាក់បីដូចជាកម្ពុជា យើង មើលឃើញនូវជំនួយជាធំ ដែលជាជាងគិតអំពីសិទ្ធិសេរីភាព»។
បើទោះជាបែបណា កាលពីឆ្នាំ២០១៤ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ផ្សាយរបាយការណ៍ដោយសម្ភាសជនភៀសខ្លួនដែលមករស់នៅកម្ពុជា តាំងពីឆ្នាំ២០០៩ ថា ពួកគេត្រូវរើសអើង និងពុំបានទទួលសេវាកម្មពីរដ្ឋាភិបាលខ្មែរស្មើភាពគ្នានឹងពលរដ្ឋខ្មែរទូទៅឡើយ។ ជាងនេះទៀត ខ្វះការធានាសិទ្ធិសេរីភាពបញ្ចេញមតិ ខ្វះសេវាសុខាភិបាល និងការអប់រំជាដើម។
ក្រុមអ្នកតវ៉ា និងអង្គការមិនមែនរដ្ឋាភិបាលផង ចាត់ទុកថា ប្រទេសកម្ពុជា គឺនៅពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទទួលយកជនភៀសខ្លួននៅឡើយទេ។ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវសម្រេចចិត្តទៅរកការងារធ្វើនៅខាងក្រៅទាំងបង្ខំ ដោយសារទីផ្សារការងារក្នុងស្រុកពុំគ្រប់គ្រាន់ និងប្រាក់បៀវត្សទាប។ បញ្ហាប្រឈមទាំងនេះ គឺនៅពុំគិតដល់មនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ត្រូវបណ្ដេញចេញពីដីធ្លាប់រស់នៅតាមរយៈគោលនយោបាយសម្បទានដីសេដ្ឋកិច្ច និងខ្វះដីផលិតកសិកម្មជាដើមនៅឡើយផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។