មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សប្រចាំខេត្តរតនគិរី ឲ្យដឹងនៅថ្ងៃទី២០ ខែកក្កដា ថា ជនភៀសខ្លួនម៉ុងតាញ៉ាមួយក្រុមថ្មីទៀតមានគ្នា ៦នាក់ បានរត់ចេញពីស្រុកដាក់កឺ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម ចូលមកទឹកដីខេត្តរតនគិរី ដើម្បីស្វែងរកសិទ្ធិជ្រកកោនជាជនភៀសខ្លួន។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (Adhoc) ខេត្តរតនគិរី លោក ឆាយ ធី បញ្ជាក់ថា ក្រុមម៉ុងតាញ៉ាទាំង ៦នាក់ មានពីរនាក់ជាស្ត្រី បានរត់ចូលមកក្នុងព្រៃស្រុកអូរយ៉ាដាវ កាលពីថ្ងៃទី១៨ ខែកក្កដា។ មួយថ្ងៃបន្ទាប់មក អ្នកភូមិខ្មែរបានជម្លៀសពួកគេទៅប្រគល់ឲ្យការិយាល័យអង្គការសហប្រជាជាតិ ឯទីក្រុងភ្នំពេញ។
លោកបន្តថា នេះជាក្រុមម៉ុងតាញ៉ាចុងក្រោយ ដែលអ្នកភូមិជនជាតិដើមភាគតិចនៅស្រុកអូរយ៉ាដាវ បានជួយទំនុកបម្រុងផ្តល់កន្លែងលាក់ខ្លួន និងអាហារនៅក្នុងព្រៃ៖ «គាត់តែងតែបានបញ្ជាក់ថា ពិបាករស់នៅស្រុកកំណើត ដោយសារអាជ្ញាធរធ្វើទុក្ខបុកម្នេញ បំបិទសេរីភាពផ្នែកជំនឿសាសនា ការទាក់ទងក្រុមគ្រួសារ និងហាមប្រើប្រាស់អ៊ីនធឺណិត បណ្ដាញព័ត៌មានសង្គម ជាដើម។ នេះជាហេតុផលធ្វើឲ្យក្រុមម៉ុងតាញ៉ាចាកចេញពីស្រុកកំណើត ដើម្បីស្វែងរកសិទ្ធិជ្រកកោនក្នុងឋានៈជាជនភៀសខ្លួន»។
កាលពីសប្ដាហ៍មុន មន្ត្រីក្រុមការងារឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន បានអមដំណើរជនភៀសខ្លួនម៉ុងតាញ៉ា ១២នាក់ពីទីក្រុងភ្នំពេញ បញ្ជូនទៅឲ្យអាជ្ញាធរវៀតណាម តាមច្រកទ្វារអន្តរជាតិស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បន្ទាប់ពីពួកគេស្ម័គ្រចិត្តវិលត្រឡប់ទៅប្រទេសកំណើតវិញ។
អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) អ្នកស្រី វីវៀន តាន់ (Vivian Tan) ឲ្យដឹងថា រដ្ឋាភិបាលវៀតណាម យល់ព្រមទទួលយកជនភៀសខ្លួនម៉ុងតាញ៉ា ធ្វើមាតុភូមិនិវត្តន៍ទាំងនោះ ដោយមិនដាក់ទោសទណ្ឌ រួមទាំងអនុញ្ញាតឲ្យមន្ត្រី យូ.អ៊ិន.អេច្ឆ.ស៊ី.អ ទៅសួរសុខទុក្ខពួកគេក្រោយពេលវិលត្រឡប់ទៅដល់ស្រុកកំណើតវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។