អង្គការ Amnesty International ប្រតិកម្ម​ទៅ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ប្រតិកម្ម​ថាលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់ដើម្បី​ប្រែក្លាយ​ជា​ប្រទេស​ដែល​ពុំ​ឲ្យ​មាន​ការ​រិះគន់​ទាល់​តែ​សោះ។

នាយក​អង្គការ​លើកលែង​ទោស​អន្តរជាតិប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក លោក ហ្យេម ហ្គូម៉េ (James Gomez) បាន​អះអាង​កាល​ពី​ថ្ងៃ​សុក្រ ទី៦ ខែ​តុលា ថា កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាលដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិមុន​ការ​បោះឆ្នោត​ជាតិនៅ​ឆ្នាំ​២០១៨ខាង​មុខគឺ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ទង្វើ​ក្ដោបក្ដាប់​អំណាច​ដោយ​ឥត​លាក់លៀម​របស់​លោក ហ៊ុន សែន និង​ការ​បង្កើន​សកម្មភាព​បង្ក្រាប​គ្រប់​បែបយ៉ាង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោក James Gomez បន្ត​ថាសហគមន៍​អន្តរជាតិមិន​អាច​នៅ​ស្ងៀមដោយ​គ្រាន់​តែ​ក្រឡេក​មើល​ស្ថានការណ៍រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដូច្នេះ​ទេប្រទេស​ធំៗ​ដែល​ជា​ម្ចាស់​ជំនួយត្រូវ​ដាក់​គំនាបដល់​រដ្ឋាភិបាល​កម្ពុជាឲ្យ​បញ្ឈប់​ជា​បន្ទាន់នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ក្រុមប្រឆាំង និង​ត្រូវ​គោរព​សិទ្ធិ​សេរីភាពក្នុង​ការ​បញ្ចេញមតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។