អង្គការសង្គមស៊ីវិលលើកឡើងថា ពួកគេនៅតែជួបការគំរាមកំហែង និងភាពភ័យខ្លាចក្នុងការងារលើកកម្ពស់សិទ្ធិមនុស្ស។ ការគំរាមកំហែង និងភាពភ័យខ្លាចនោះ គឺស្ដែងចេញពីករណីចាប់ឃុំខ្លួន ដាក់ពន្ធនាគារ និងការបាញ់សម្លាប់មនុស្សដែលជាអ្នកលើកស្ទួយសិទ្ធិបញ្ចេញមតិ និងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស។
ថ្វីត្បិតតែកម្ពុជា បញ្ចូលបទបញ្ញត្តិសំខាន់ៗស្ដីពីសិទ្ធិមនុស្សក្នុងរដ្ឋធម្មនុញ្ញ និងការផ្ដល់សច្ចាប័នលើកតិកាសញ្ញាអន្តរជាតិទាក់ទិននឹងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សយ៉ាងណាក្ដី ក៏អង្គការការពារសិទ្ធិមនុស្សមើលឃើញថា ករណីរំលោភបំពានសិទ្ធិមនុស្សនៅតែកើតមានទូទៅ និងពុំមានវិធានការដោះស្រាយគ្រប់គ្រាន់នៅឡើយទេ។
ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៨ ថ្ងៃទី១០ ធ្នូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញផ្សាយសេចក្ដីថ្លែងការណ៍មួយស្ដីពីកាលប្បវត្តិនៃករណីរំលោភសិទ្ធិមនុស្សសំខាន់ៗនៅកម្ពុជា ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ទាក់ទងករណីរំលោភសិទ្ធិមនុស្សមួយចំនួន មានដូចជាករណីឃុំខ្លួនអ្នកទោសនយោបាយ ២៦នាក់ក្នុងពន្ធនាគារ ការចាប់ឃុំអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ទេព វន្នី និងមន្ត្រីសង្គមស៊ីវិលទាំង ៥នាក់ផ្សេងទៀត ជាពិសេសករណីឃាតកម្មដ៏រន្ធត់លើលោកបណ្ឌិត កែម ឡី អ្នកតស៊ូសិទ្ធិបញ្ចេញមតិដ៏សកម្ម និងជាអ្នកវិភាគនយោបាយជាដើម។ ករណីទាំងនេះ ត្រូវបានសង្គមស៊ីវិលយល់ថា ជាការគំរាមកំហែង និងភាពភ័យខ្លាចសម្រាប់ពួកគេ ដែលធ្វើការងារលើកកម្ពស់សិទ្ធិមនុស្ស។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព បញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ថា ជារឿងគួរឲ្យសោកស្ដាយ ដែលការរំលោភបំពានសិទ្ធិមនុស្សជាច្រើននៅតែបន្តកើតឡើងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការរួមកាន់តែតូចនៃលំហរបស់សង្គមស៊ីវិល និងការបំពានលើសេរីភាពមូលដ្ឋាននៃការបញ្ចេញមតិ ការប្រមូលផ្ដុំ និងសមាគម។ អ្នកស្រីបន្តថា ប្រជាពលរដ្ឋ សង្គមស៊ីវិល គណបក្សនយោបាយ និងរដ្ឋាភិបាល ត្រូវក្រោកឈរដើម្បីសិទ្ធិមនុស្សទាំងអស់គ្នា ក្នុងការទាមទារ និងធានាថា មនុស្សគ្រប់រូបទទួលបានសិទ្ធិ និងសេរីភាពទាំងឡាយ មានដូចជាសិទ្ធិរស់នៅលើដីធ្លី និងសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធីជាដើម ដែលជាការទទួលស្គាល់ពីអន្តរជាតិ។
បើទោះជាយ៉ាងនេះក្ដី រយៈពេលកន្លងមក រដ្ឋាភិបាលត្រូវបានគេសង្កេតឃើញថា បានប្រើប្រាស់កម្លាំងអាជ្ញាធរវាយបង្ក្រាប និងចាប់ចងអ្នកតវ៉ាដោយសន្តិវិធីនានា ដូចជាការតវ៉ារឿងដីធ្លី ការតវ៉ាទាមទារប្រាក់ខែសមរម្យ និងការតវ៉ាទាមទារសិទ្ធិជាច្រើនផ្សេងទៀត។ ជួនកាល រដ្ឋាភិបាលតែងតែចាត់ទុកការតវ៉ារបស់ពលរដ្ឋទាំងនោះ ថាជារឿងនយោបាយ និងមានបង្កប់ដោយចេតនាអាក្រក់ ចង់ផ្ដួលរំលំរដ្ឋាភិបាលផងដែរ។
ពាក់ព័ន្ធនឹងរឿងនេះ ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ដែលធ្លាប់ទទួលរងការវាយដំពីសន្តិសុខខណ្ឌដូនពេញ កាលពីថ្ងៃទី១០ តុលា អំឡុងពេលលោកចុះតាមដានការប្រារព្ធទិវាសិទ្ធិលំនៅឋានរបស់សកម្មជនដីធ្លីមួយនៅជិតរដ្ឋសភា ថ្លែងថា ការគោរពសិទ្ធិមនុស្សនៅក្នុងឆ្នាំ២០១៦ មានការធ្លាក់ចុះ ព្រោះអ្នកការពារ និងលើកកម្ពស់សិទ្ធិមនុស្សខ្លះ ត្រូវបានគេគំរាមកំហែង និងរងនូវអំពើហិង្សា និងខ្លះទៀតត្រូវបានគេបាញ់សម្លាប់ផងដែរ៖ « នេះគឺជាភាពប្រឈមសម្រាប់អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា យើងឃើញថានៅឆ្នាំ២០១៦ អ្នកការពារសិទ្ធិមនុស្សកាន់តែប្រឈមមុខធ្ងន់ធ្ងរនៅក្នុងស្ថានភាពការគោរពសិទ្ធិ មានការធ្លាក់ចុះក្នុងឆ្នាំ២០១៦ នេះ »។
មកទល់ពេលនេះ ឃាតកដែលបានបាញ់សម្លាប់សកម្មជនទាមទារសិទ្ធិសេរីភាពឲ្យពលរដ្ឋ និងកម្មករ និងសកម្មជនការពារព្រៃឈើ ជាដើម រដ្ឋាភិបាលមិនទាន់វែកមុខឃាតកនោះយកមកកាត់ទោស ដើម្បីឲ្យមហាជនស្ងប់អារម្មណ៍នៅឡើយទេ បើទោះជាករណីនោះកើតឡើងអស់រាប់ឆ្នាំក្ដី។ ជាក់ស្ដែង ករណីឃាតកម្មចុងក្រោយលើបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ក៏មិនទាន់រកឃើញឃាតកពិតដែរ ស្របពេលមហាជនរិះគន់ថា រដ្ឋាភិបាលគ្មានឆន្ទៈស៊ើបអង្កេតរឿងនេះ ព្រោះភស្តុតាងមួយចំនួនធំដែលអាចទម្លុះការពិតជុំវិញការស្លាប់នេះ ក៏រដ្ឋាភិបាលមិនព្រមបញ្ចេញដែរ។
លោក អំ សំអាត បន្តថា ការគោរពសិទ្ធិមនុស្សដែលមានលក្ខណៈល្អប្រសើរ និងមិនប្រសើរ គឺអាស្រ័យលើស្ថានភាពនយោបាយឡើងចុះប៉ុណ្ណោះ ព្រោះរយៈពេលកន្លងមក នៅពេលនយោបាយជាប់គាំង និងតានតឹងខ្លាំង គឺការគោរពសិទ្ធិមនុស្សក៏ធ្លាក់តាមគ្នាដែរ។
ចំណែកប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា របស់រដ្ឋាភិបាល លោក កែវ រ៉េមី ថ្លែងនៅក្នុងកម្មវិធីប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ ថា នៅកម្ពុជា បច្ចុប្បន្ន ការគោរពសិទ្ធិមនុស្ស គឺសម្បូរហូរហៀរ ស្របពេលប្រទេសខ្លះ គឺមានភាពតានតឹងខ្លាំងជុំវិញការគោរពសិទ្ធិមនុស្ស៖ « ស្ថានភាពនៅបរទេសតានតឹងខ្លាំងណាស់រឿងសិទ្ធិមនុស្ស ហើយរឿងសិទ្ធិមនុស្សនៅកម្ពុជា គឺសម្បូរហូរហៀរ »។
ថ្វីត្បិតតែយ៉ាងនេះក្ដី ក្រុមសង្គមស៊ីវិលធ្វើការពាក់ព័ន្ធលើកកម្ពស់សិទ្ធិមនុស្ស នៅតែប្ដេជ្ញាថាគ្មានអ្វីអាចរារាំងពួកគេមិនឲ្យបន្តសកម្មភាពរបស់ខ្លួនឡើយ។
ប៉ុន្តែរដ្ឋាភិបាលត្រូវតែគោរពគោលការណ៍គ្រឹះនៃសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដូចអ្វីដែលខ្លួនបានព្រមព្រៀងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា។ លើសពីនេះ រដ្ឋាភិបាលត្រូវលើកទឹកចិត្តចំពោះអ្នកលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសត្រូវអនុវត្តតាមបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញឲ្យបានខ្ជាប់ខ្ជួន ដើម្បីធានាអ្នកលើកកម្ពស់សិទ្ធិមនុស្ស ត្រូវបានការពារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។