តំណាងខាងសមាគមរោងចក្រកាត់ដេរ អះអាងនៅថ្ងៃទី២១ ឧសភា ថា ស្ថានភាពជម្លោះដែលកើតឡើងពីបាតុកម្ម និងកូដកម្ម ទាមទារលក្ខណៈការងារ ដោយសារតែក្រុមអ្នកតវ៉ាមិនយល់អំពីច្បាប់។ ការលើកឡើងនេះ បន្ទាប់ពីរបាយការណ៍អន្តរជាតិដែលធ្វើការលើសិទ្ធិសេរីភាពរបស់កម្មករនៅលើពិភពលោក រកឃើញថា ការអនុវត្តច្បាប់ និងសិទ្ធិមនុស្សកម្ពុជា ស្ថិតនៅស្ថានភាពអាក្រក់បំផុត។
ស្ថាប័នស្រាវជ្រាវអន្តរជាតិ បានយកបញ្ហាជម្លោះក្ដីក្ដាំជាច្រើនដែលបានកើតឡើងជាបន្តបន្ទាប់ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ធ្វើជាប្រធានបទស្រាវជ្រាវចំណាត់ថ្នាក់ស្ថានភាពប្រទេសនីមួយៗ លើការគោរពសិទ្ធិមនុស្ស និងការគោរពច្បាប់ការងារ។
បច្ចុប្បន្ន សម្ព័ន្ធសហភាពពាណិជ្ជកម្មអន្តរជាតិ ដែលហៅកាត់ថា អាយ.ធី.យូ.ស៊ី (ITUC = The International Trade Union Confederation) ដែលអង្កេតប្រទេសចំនួន១៣៩ នៅលើពិភពលោក កំឡុងខែមេសា ឆ្នាំ២០១៣ ដល់ខែមីនា ឆ្នាំ២០១៤ បានរកឃើញថា ប្រទេសកំពុងអភិវឌ្ឍមានបញ្ហាធ្ងន់ធ្ងរលើការគោរពច្បាប់ការងារ។ ស្ថាប័ននេះ បានចេញរបាយការណ៍ពិស្ដាររបស់ខ្លួននាថ្ងៃទី១៩ ឧសភា ដោយដាក់ចំណងជើងថា ទីកន្លែងធ្វើការដ៏អាក្រក់បំផុតសម្រាប់កម្មករ។
របាយការណ៍ដដែលបានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលមានសន្ទស្សន៍សិទ្ធិមនុស្សអាក្រក់បំផុត។ រីឯច្បាប់ការងាររបស់ប្រទេសកម្ពុជា វិញក៏មានភាពតឹងតែងខ្លាំងពេកលើការជ្រើសរើសតំណាងសហជីព ការប្រើកម្លាំងបណ្ដាលឲ្យបាតុករស្លាប់ពីការតវ៉ាទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។
អគ្គលេខាធិការនៃសម្ព័ន្ធសហភាពពាណិជ្ជកម្មអន្តរជាតិ អ្នកស្រី សារ៉ាន់ ប៊ូរូវ (Sharan Burrow) មានប្រសាសន៍ថា ការវាស់វែងកម្រិតនៃការអភិវឌ្ឍប្រទេសមួយនៃស្ថានភាពសិទ្ធិមនុស្ស ថាអាក្រក់ ឬល្អ ដោយផ្ដោតលើសូចនាករមួយចំនួន ដូចជា ការទទួលបានសិទ្ធិទាមទារប្រាក់ឈ្នួល កូដកម្មដើម្បីលក្ខខណ្ឌការងារសមរម្យ និងសិទ្ធិក្នុងការចូលក្នុងសហជីព។
តំណាងមន្ត្រីជាន់ខ្ពស់ខាងសមាគមរោងចក្រកាត់ដេរ លោក ជាតិ ខេមរា ដែលបានតាមដានស្ថានការណ៍ដែលកើតឡើងនៅក្នុវិស័យរោងចក្រកាត់ដេរកម្ពុជា បានសង្កេតឃើញថា បញ្ហាជាច្រើនដែលកើតឡើងពីរឿងកូដកម្មទាមទារប្រាក់ឈ្នួល ដូចជា ការដុតបំផ្លាញទ្រព្យសម្បត្តិរោងចក្រ ការប៉ះទង្គិចរហូតដល់មានមនុស្សស្លាប់ និងរបួសកើតឡើង ដោយសារការមិនយល់ច្បាប់ និងធ្វើបំពានច្បាប់ការងារ។
«សំឡេង»
ទោះជាយ៉ាងណាក៏ដោយ វិស័យឯកជន ជាពិសេសសមាគមរោងចក្រកាត់ដេរ ជំរុញការគោរព និងការអនុវត្តច្បាប់ជាលក្ខណៈអហិង្សា។ ជាក់ស្ដែង សមាគមរោងចក្រកាត់ដេរបានរកឃើញថា ឧស្សាហកម្មកំពុងបំផ្លាញដោយសហជីពដែលមិនមានក្រមសីលធម៌ និងចំនួនសហជីពច្រើនហួសហេតុពេក។
របាយការណ៍របស់ក្រសួងការងារ បានបង្ហាញថា បច្ចុប្បន្ន កម្ពុជា មានសហជីពជិត ៣ពាន់ (២.៨៩១សហជីព) ក្នុងចំណោមរោងចក្រចំនួនជាង ៦០០ មានន័យថា សហគ្រាសមួយមានសហជីពចំនួន៥។
បញ្ហានេះ ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា មានប្រសាសន៍ថា សហជីពច្រើនមិនឆ្លុះបញ្ចាំងពីការជួយលើកកម្ពស់កម្មករឡើយ ក្នុងនោះសហជីពជាច្រើនគាំទ្ររដ្ឋាភិបាល។ ម្យ៉ាងវិញទៀត លោកគាំទ្រចំពោះរបាយការណ៍របស់សម្ព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិ ដែលរកឃើញពីស្ថានភាពគោរពសិទ្ធិមនុស្សមានកម្រិតទាប។
«សំឡេង»
សម្ព័ន្ធសហភាពពាណិជ្ជកម្មអន្តរជាតិ មានសូចនាករសំខាន់ប្រាំសម្រាប់វាស់វែង និងវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ការងារ។ ទីមួយ ការរំលោភបំពានសិទ្ធិមិនប្រក្រតី។ ទីពីរ ការរំលោភសិទ្ធិមនុស្សដែលកើតឡើងដដែលៗ។ ទីបី ការរំលោភសិទ្ធិមនុស្សដោយទៀងទាត់។ ទីបួន គ្មានការធានាអំពីសិទ្ធិ និងទីប្រាំ គ្មានការធានាសិទ្ធិមនុស្ស ដោយសារតែការមិនគោរពនីតិរដ្ឋ។ បញ្ហាទាំងអស់នេះ សហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិ បានវាយតម្លៃស្ថានភាពកម្ពុជា មានពិន្ទុ៥ ជាពិន្ទុអាក្រក់បំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។