អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ស្នើ​មេ​ឃុំ​ចៅ​សង្កាត់​ថ្មី​ជួយ​លុបបំបាត់​ការ​រើសអើង​ពួក​គាត់

0:00 / 0:00

សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា ដែល​អះអាង​ថា​ទទួល​រង​ការ​រើសអើង​ពី​សង្គម រំពឹង​ថា ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មេ​ឃុំ ចៅ​សង្កាត់ មាន​លទ្ធភាព និង​សមត្ថភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​រើសអើង​នេះ។

បើ​ទោះ​ជា​ច្បាប់​មិន​ប្រឆាំង ឬ​មិន​ដាក់​ទោស​ទណ្ឌ​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ឬ អិល.ជី.ប៊ី.ធី (LGBT= lesbian, gay, bisexual and transgender) ក៏ប៉ុន្តែ​ពួក​គេ​តែង​រង​នូវ​ការ​រើសអើង និង​បំពាន​តាំង​ពី​នៅ​ផ្ទះ នៅ​សាលារៀន ដល់​ទីតាំង​កន្លែង​ធ្វើ​ការ។ ក្នុង​នោះ​រួម​មាន សម្ដី​ឡកឡឺយ ការ​មិន​ទទួល​ស្គាល់​ពី​សមាជិក​គ្រួសារ អ្នក​ជិត​ខាង និយោជក ការ​បង្ខំ​ឲ្យ​រៀបការ ការ​បណ្ដេញ​ចេញ ឬ​បង្ខំ​ចាកចេញ​ពី​ផ្ទះ និង​ការ​វាយ​ដំ។

របាយការណ៍​អង្កេត​របស់​អង្គការ យូ.អេស.អេ.អាយ.ឌី (USAID) និង​អង្គការ យូ.អិន.ឌី.ភី (UNDP) កាល​ពី​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ត្រូវ​គ្រួសារ​រើសអើង ឬ​ត្រូវ​បង្ខំ​ឲ្យ​រៀបការ​ជាមួយ​ភេទ​ផ្ទុយ​គ្នា ឬ​ត្រូវ​យក​ទៅ​ព្យាបាល​ជាមួយ​គ្រូ​ខ្មែរ និង​ត្រូវ​រំលោភ​បំពាន​ផ្នែក​រាងកាយ និង​ផ្លូវ​ចិត្ត ហើយ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​បន្ត​ចាត់​ទុក​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា ជា​ការ​ត្រូវ​ខ្មោច​អារក្ស​ជាន់ ឬ​ខុស​គ្រូ​មេបា។

ទោះ​បី​ជា​យ៉ាង​ណា កាល​ពី​ឆ្នាំ​១៩៩០ អង្គការ​សុខភាព​ពិភពលោក (WHO)បាន​បញ្ជាក់​ថា ការ​ស្រឡាញ់​ភេទ​ដូច​គ្នា មិន​មែន​ជា​ជំងឺ​ផ្លូវ​ចិត្ត​នោះ​ទេ។

កាល​ពី​ឆ្នាំ​២០០៤ អតីត​ព្រះមហាក្សត្រ ព្រះបាទ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ហើយ​នៅ​ឆ្នាំ​២០១២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ជំហរ​គាំទ្រ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​រើសអើង។

យ៉ាង​នេះ​ក្តី ការ​សិក្សា​ស្រាវជ្រាវ​ឆ្នាំ​២០១៥ ដែល​ផ្សព្វផ្សាយ​ដោយ​សហគមន៍​ឥន្ទធនូ​កម្ពុជា (RoCK) ដែល​ជា​អង្គការ​លើក​កម្ពស់​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា បាន​រក​ឃើញ​ថា បើ​ទោះ​ជា​ប្រជាជន​មួយ​ចំនួន​បាន​គាំទ្រ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា ក៏ប៉ុន្តែ​ពួក​គេ​នៅ​តែ​ចង់​ឲ្យ​កូន​ចៅ​របស់​ពួក​គេ​ដែល​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ផ្លាស់ប្ដូរ​ទៅ​ស្រឡាញ់ ឬ​រៀបការ​ជាមួយ​ភេទ​ផ្ទុយ​គ្នា​វិញ។ បន្ថែម​ពី​លើ​នេះ អ្នក​ដែល​មិន​មែន​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា គាំទ្រ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​ក្តី តែ​ពួក​គេ​មិន​ចង់​ឲ្យ​សមាជិក​គ្រួសារ​របស់​ពួក​គេ​ក្លាយ​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ឡើយ។

ជាង​នេះ​ទៅ​ទៀត អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​អះអាង​ថា ត្រូវ​បាន​មិត្តភ័ក្ដិ និង​គ្រូ​រើសអើង និយាយ​សើច​ចំអក និង​ផាត់​ចោល​នៅ​ក្នុង​សាលារៀន ដោយសារ​អត្តសញ្ញាណ​ភេទ​របស់​ពួក​គេ។ នេះ​បើ​តាម​ការ​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៥ ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

ការ​ស្រាវជ្រាវ​មួយ​ទៀត​របស់​ក្រុម​អនាគត​យុវជន​កម្ពុជា-អាស៊ាន (CamASEAN) កាល​ពី​ឆ្នាំ​២០១៥ បាន​បង្ហាញ​ថា ការ​រើសអើង និង​ការ​ធ្វើ​បាប​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា បណ្ដាល​ឲ្យ​ពួក​គេ​ងាយ​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ។ ភាព​ក្រីក្រ​បណ្ដាល​មក​ពី​ខ្វះ​ការ​អប់រំ ដែល​រារាំង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា មិន​អាច​រក​ការងារ​ធ្វើ និង​បណ្ដាល​មក​ពី​ការ​រើសអើង​នៅ​កន្លែង​ការងារ។

សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា មាន​ក្តី​សង្ឃឹម​ថា មេ​ឃុំ-សង្កាត់​ដែល​ត្រូវ​ជ្រើសរើស​នៅ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​៤ នេះ នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​រើសអើង និង​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជាជន​ស្ដីពី​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។

ខាង​ក្រោម​ជា​ការ​បញ្ចេញ​មតិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​មួយ​ចំនួន៖

១. សុទ្ធ យន្ត ពី​ខេត្តតាកែវ​

ខ្ញុំ​ចង់​និយាយ​ពី​ការ​បោះឆ្នោត។ ខ្ញុំ​ចង់​ឲ្យ​ឃុំ-សង្កាត់​យល់​អំពី​សហគមន៍​របស់​ពួក​ខ្ញុំ (អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា) ឲ្យ​មាន​ការ​ចូលរួម​ដែរ ពីព្រោះ​យើង​ក៏​ជា​ប្រជាពលរដ្ឋ ស្រឡាញ់​ការ​បោះឆ្នោត​ជ្រើស​តំណាង​ខ្លួន​ឯង​ដែរ។ ម្យ៉ាង​ទៀត ចង់​ឲ្យ​បញ្ជ្រៀត (បញ្ចូល) ពួក​យើង​ចូល​ទៅ​ក្នុង​នោះ​ដែរ (ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់)។ យើង​ជា​ពលរដ្ឋ​ល្អ យើង​មិន​ដែល​ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សង្គម​ទេ។ អ៊ីចឹង​ពួក​យើង​ក៏​ចង់​បាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដែល​នៅ​ក្នុង​ឃុំ-សង្កាត់។

២. សម សែម ពី​ខេត្ត​ស្វាយរៀង

ក្នុង​ពេល​បោះឆ្នោត​ថ្មីៗ​នេះ ខ្ញុំ​ចង់​ឲ្យ​ភូមិ​ឃុំ​របស់​ខ្ញុំ​ឲ្យ​មាន​ការ​បញ្ជ្រៀត​ចូល​មាន​អ្នក​ការពារ​ពួក​ខ្ញុំ និង​មាន​ពួក​ខ្ញុំ​ក្នុង​ភូមិ​ឃុំ​មាន​សុវត្ថិភាព។ ខ្ញុំ​ចង់​បាន​អ៊ីចឹង។ កុំ​ឲ្យ​ពួក​គាត់​រអើង (រើសអើង) នឹង​ពួក​ខ្ញុំ ដូចជា​មើលងាយ ដូច​ថា ពេល​ពួក​ខ្ញុំ​ទៅ​សុំ ឧទាហរណ៍​ថា​មាន​ការ​ចែក​រង្វាន់ ចែក​អង្ករ ដោយ​កាកបាទ​ក្រហម ឬ​ចែក​ប័ណ្ណ​ក្រីក្រ។ ពួក​ខ្ញុំ​មិន​បាន​អ្វី​ទាំងអស់។ គេ​ថា ពួក​ខ្ញុំ ស្រី​មិន​ស្រី ប្រុស​មិន​ប្រុស អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ដូច​ថា​គាត់​មិន​សូវ​ចាប់​អារម្មណ៍។ ចឹង​អាណត្តិ​ក្រោយ​នេះ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​បោះឆ្នោត បញ្ចូល​តំណាង​របស់​ពួក​ខ្ញុំ​ក្នុង​ភូមិ​ឃុំ​ផង។

៣. លាក់​ឈ្មោះ

ខ្ញុំ​មាន​សំណូមពរ​ជាច្រើន តែ​សំណូមពរ​ធំ​បំផុត​នោះ គឺ​សុំ​ឲ្យ​មេ​ភូមិ​មេ​ឃុំ​លុប​បំបាត់​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា មិន​ថា TG (transgender អ្នក​ប្ដូរ​ភេទ) lesbian (ស្រី​ស្រឡាញ់​ស្រី) ឬ MSMs (men who sex with men បុរស​រួម​ភេទ​ជាមួយ​បុរស) ដោយសារ​ពួក​គាត់​ក៏​ជា​មនុស្ស​ដូច​គ្នា។

និយាយ​ទៅ ពួក​យើង​មាន​បញ្ហា​សម្រាប់​ខ្លួន​ឯង​ច្រើន​ហើយ ចឹង​សុំ​កុំ​ឲ្យ​ពួក​គាត់​មាន​ការ​រើសអើង​មក​លើ​យើង មាន​បញ្ហា​សម្រាប់​ពួក​គាត់​ទៀត។ យើង​មាន​ការ​រើសអើង​ពី​គ្រួសារ ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​ដែល​ធ្លាប់​ជួប​ប្រទះ​មក​ហើយ។ ចឹង​សុំ​កុំ​ឲ្យ​ភូមិ​ឃុំ​រើសអើង​មក​លើ​ពួក​យើង ព្រោះ​ពួក​យើង​ក៏​ជា​មនុស្ស​ដូច​គ្នា។ ច្បាប់​គេ​បង្កើត​មក ដើម្បី​ការពារ​មនុស្ស ប៉ុន្តែ​ពួក​យើង​ជា​មនុស្ស​ដែរ ហេតុ​អ្វី​ច្បាប់​មិន​ការពារ​ពួក​យើង? ពួក​យើង​មិន​មែន​សត្វ​ទេ មាន​ដៃ​មាន​ជើង មាន​ការ​គិត​ដូច​មនុស្ស​ទូទៅ។ ដូច្នេះ សុំ​កុំ​ឲ្យ​មនុស្ស​មាន​ការ​រើសអើង។

៤. ទិត សុខេង ពី​ខេត្ត​ពោធិ៍សាត់

ខ្ញុំ​សំណូមពរ​ដល់​អាជ្ញាធរ​ភូមិ​ឃុំ​ទាំងអស់ ឲ្យ​មាន​ការ​គាំទ្រ​ពួក​ខ្ញុំ កុំ​ឲ្យ​មាន​ការ​រើសអើង។ ចង់​ឲ្យ​ពួក​ខ្ញុំ​មាន​ឈ្មោះ​ឈរ​នៅ​បោះឆ្នោត។ ចង់​កុំ​ឲ្យ​មាន​ការ​រើសអើង។ ដូច​មិត្តភ័ក្ដិ​ខ្ញុំ​អ៊ីចឹង វា​ចរិត​ដូច​ខ្ញុំ​ចឹង ពេល​វា​ទៅ​ធ្វើ​អត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន គេ​មិន​ចង់​ធ្វើ​ឲ្យ​ទេ។ តាម​ភូមិ តាម​ឃុំ​អី រើសអើង។ ពេល​ខ្លះ​ពេល​ខ្ញុំ​ដើរ មាន​ការ​រើសអើង និយាយ​ទៅ​បង​អាជ្ញាធរ មេ​ឃុំ​អី មិន​ស្រែក​អី​ទេ តែ​តាម​ធម្មតា អ្នក​នៅ​ហ្នឹង (ប្រជាជន​ទូទៅ) ចេះ​តែ​ស្រែក។ ជួនកាល​ខ្ញុំ​មាន​មិត្តភ័ក្ដិ​ស្បៀន (lesbian ស្រី​ស្រឡាញ់​ស្រី) ដើរ​លេង​ជុំ​គ្នា​ចឹង គេ​តែងតែ​មើលងាយ។ ពេល​ដើរ​ទៅ​ណា ទៅ​ញ៉ាំ​អី គេ​ចេះ​តែ​និយាយ​ចុះ​ឡើងៗ។ ពេល​ខ្លះ​ពួក​ខ្ញុំ​ចេះ​តែ​ចង់​ថា​ឲ្យ​វិញ។ តាម​ធម្មតា យើង​ចរិត​ចឹង គេ​ថា​ឲ្យ​យើង​ថា​ទៅ យូរៗ​ទៅ គេ​លែង​ថា​ហើយ។ ខ្ញុំ​គិត​ថា មេ​ឃុំ​អាច (ដោះស្រាយ) ប្រសិន​ជា​គាត់​ចាត់​វិធានការ ចាត់​ឲ្យ​ពួក​ខ្ញុំ​មាន​តំណាង​នៅ​នោះ (សាលា​ឃុំ) ដើម្បី​ឲ្យ​ពួក​ខ្ញុំ​មាន​កម្លាំង​ចិត្ត។

៥. ឈុំ វី ហៅ​ស៊ីវ​ឡុង​នី ពី​ភ្នំពេញ

ការ​បោះឆ្នោត​មក​ដល់​ហ្នឹង ខ្ញុំ​ចង់​ឲ្យ​មេ​ភូមិ​មេ​ឃុំ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​ខ្ញុំ។ ពេល​ខ្លះ​គេ​ចោទ​ប្រកាន់​ថា ពួក​ខ្ញុំ (អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា) លួច (អីវ៉ាន់) គេ តែ​ពួក​ខ្ញុំ​មិន​បាន​លួច​គេ​ទេ។ ក៏ប៉ុន្តែ​ខ្លះ​ក៏​មាន (លួច) ពិត​មែន មួយ​ចំនួន​តូច។ ពេល​ចឹង ត្រី​មួយ​កន្ត្រក ស្អុយ​មួយ ស្អុយ​ទាំងអស់។ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ពេល​ទៅ​ប្ដឹង​អាជ្ញាធរ​សមត្ថកិច្ច​អី ពួក​គាត់​មិន​សូវ​អើពើ​ទេ ចាត់​ទុក​ពួក​ខ្ញុំ​មនុស្ស​ផ្សេង​ចឹង​ទៅ អត់​ដូច​មនុស្ស​ស្រី​ប្រុស​ពិត​មួយ​ចំនួន។

៦. សាយ សៀកឡាយ អ្នក​តស៊ូ​មតិ​នៃ​អង្គការ​សហគមន៍​ឥន្ទធនូ​កម្ពុជា

សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា យើង​ជួប​ប្រទះ​ការ​រើសអើង ចឹង​យើង​ចង់​ឲ្យ​ចៅ​សង្កាត់ ឬ​ក្រុម​ប្រឹក្សា​ឃុំ ជួយ​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាជន​ទូទៅ និង​ឪពុក​ម្ដាយ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ឲ្យ​គាត់​យល់ ដើម្បី​កាត់​បន្ថយ​ការ​រើសអើង។ គាត់​បញ្ជ្រាប​នៅ​ក្នុង​ការ​ប្រជុំ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ពួក​គាត់ ឬ​ការ​ប្រជុំ​មូលដ្ឋាន​គាត់​ផ្សេងៗ​នៅ​ក្នុង​កម្មវិធី​ឃោសនា​បោះឆ្នោត​ផ្សេងៗ ដើម្បី​បញ្ជ្រាប​ការ​កាត់​បន្ថយ​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

កាល​ពី​ថ្ងៃ​ទី​១៧ ឧសភា ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​ការ​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​អ្នក​ប្ដូរ​ភេទ (IDAHOT) ពិភពលោក និង​ជា​សប្ដាហ៍​មោទនភាព (Pride Week) ក្នុង​ប្រទេស​កម្ពុជា អង្គការ​សហប្រជាជាតិ និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ជាន់​ខ្ពស់​ពី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ក្រសួង​កិច្ចការ​នារី ក្រសួង​យុត្តិធម៌ ក្រសួង​សុខាភិបាល និង​ក្រសួង​ព័ត៌មាន បាន​បង្ហាញ​ជំហរ​គាំទ្រ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​ទទួល​ស្គាល់​ពី​ការ​រើសអើង​លើ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ហើយ​ពួក​គេ​ផ្តល់​យោបល់​ថា ក្នុង​ការ​កាត់​បន្ថយ​ការ​រើសអើង ត្រូវការ​ផ្សព្វផ្សាយ​អប់រំ​ប្រជាជន​ឲ្យ​យល់​ដឹង​ពី​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។