អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវឲ្យក្រុមមេដឹកនាំពិភពលោកដាក់សម្ពាធលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកលើគណបក្សប្រឆាំង និងដោះលែងលោក កឹម សុខា ជាបន្ទាន់។ ការអំពាវនាវនេះ ធ្វើឡើងនៅពេលដែលមេដឹកនាំកំពូលៗនៅលើពិភពលោក គ្រោងនឹងជួបប្រជុំគ្នានៅក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬហៅថា អេប៉ិច (APEC) និងសន្និសីទកំពូលប្រចាំឆ្នាំរបស់សមាគមអាស៊ាន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា នៅទីក្រុងដាណាង ប្រទេសវៀតណាម និងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
នាយកប្រតិបត្តិទទួលបន្ទុកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) អំពាវនាវឲ្យមេដឹកនាំកំពូលៗរបស់ពិភពលោក រួមមានសហរដ្ឋអាមេរិក ចិន ជប៉ុន រុស្ស៊ី កាណាដា អូស្ត្រាលី និងម៉ិកស៊ិក ដែលនឹងចូលរួមបើកកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឬហៅថា អេប៉ិច (APEC) និងសន្និសីទប្រចាំឆ្នាំកំពូលអាស៊ាន ឲ្យលើកយកបញ្ហាវិបត្តិនយោបាយ និងការធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រួមនឹងបញ្ហាក្តៅៗក្នុងតំបន់ដទៃទៀតមកពិភាក្សាក្នុងកិច្ចប្រជុំដ៏សំខាន់ទាំងពីរនេះ។
លោក ប្រ៊េដ អាដាម ថា នេះគឺជាឱកាសដ៏ល្អដែលមេដឹកនាំពិភពលោកទាំងនេះ គួររួមគ្នាបង្កើនការគាបសង្កត់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើឲ្យរដ្ឋាភិបាលលោកបញ្ឈប់នូវយុទ្ធនាការវាយប្រហារតាមផ្លូវច្បាប់ដោយគ្មានមូលដ្ឋានប៉ុនប៉ងរម្លាយគណបក្សប្រឆាំងធំជាងគេក្នុងប្រទេសនេះ និងទាមទារឲ្យមានការដោះលែងមេដឹកនាំគណបក្សនេះ គឺលោក កឹម សុខា ចេញពីពន្ធនាគារក្រោមបទចោទប្រកាន់ដែលមិនមែនជាការពិត។
លោក ប្រ៊ែដ អាដាម ថ្លែងថា ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា កំពុងតែឈានទៅរកការបរាជ័យហើយ ខណៈដែលមានសន្និសីទអាស៊ាននេះ។ លោកបន្តថា ប្រទេសដែលជាមិត្តរបស់កម្ពុជា គួរថ្កោលទោសនូវរាល់កិច្ចប្រឹងប្រែងជម្នះរបស់លោក ហ៊ុន សែន ដើម្បីបង្កើតឲ្យមានឡើងវិញនូវការវិលត្រឡប់មកវិញនូវប្រព័ន្ធគ្រប់គ្រងរដ្ឋតាមបែបឯកបក្សក្នុងប្រទេសកម្ពុជានេះ ហើយត្រូវទាមទារឲ្យលោក ហ៊ុន សែន ទម្លាក់ចោលនូវសំណុំរឿងប៉ុនប៉ងរម្លាយគណបក្សប្រឆាំង និងដោះលែងមេដឹកនាំគណបក្សនេះ ដែលលោកថា ធ្វើឡើងក្រោមបទចោទប្រកាន់ដែលជាការប្រឌិតឡើងសុទ្ធសាធ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា របស់លោក បានបើកយុទ្ធនាការជាប្រព័ន្ធគាស់រម្លើងសម្បកលទ្ធិប្រជាធិបតេយ្យដែលនៅសេសសល់ចុងក្រោយក្នុងប្រទេសកម្ពុជា តាមរយៈការបំបិទប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិដែលធ្វើការពាក់ព័ន្ធវិស័យសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តមកលើសំឡេងអ្នករិះគន់ និងក្រុមអ្នកនយោបាយបក្សប្រឆាំងជាមួយនឹងការបង្កើត និងអនុម័តច្បាប់ដ៏ចម្រូងចម្រាសនានា ដើម្បីរឹបអូសយកអាសនៈគណបក្សប្រឆាំង ដែលក្រុមអ្នកតាមដាននយោបាយមើលឃើញថា ជាការជាន់ឈ្លីឆន្ទៈពលរដ្ឋខ្មែររាប់លាននាក់។ នៅទីថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ តុលាការកំពូល ក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច នឹងបើកសវនាការលើសំណុំរឿងសុំរម្លាយគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេមើលឃើញថា ជាករណីនយោបាយ បង្កើតឡើងដើម្បីឲ្យគណបក្សកាន់អំណាចអាចដណ្ដើម និងធានាជ័យជម្នះរួចជាស្រេចនៅមុនការបោះឆ្នោតជាតិ ឆ្នាំ២០១៨ មកដល់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសចេញផ្សាយថ្ងៃទី៨ ខែវិច្ឆិកា ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងដាណាង ប្រទេសវៀតណាម នៅថ្ងៃទី១០ ខែវិច្ឆិកា តបតាមការអញ្ជើញប្រធានរដ្ឋវៀតណាម លោក ត្រាន ដាយក្វាង។ កិច្ចសន្ទនានេះ ធ្វើឡើងក្រោមមូលបទ «ការចូលរួមជាដៃគូដើម្បីថាមភាពថ្មីសម្រាប់សមាហរណកម្ម និងការតភ្ជាប់គ្រប់ជ្រុងជ្រោយនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក»។
ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសវៀតណាម លោក ហ៊ុន សែន ក៏គ្រោងនឹងជួបលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម ផងដែរ។
សេចក្ដីប្រកាសព័ត៌មានដដែលនេះ ឲ្យដឹងដែរថា លោក ហ៊ុន សែន ក៏នឹងបន្តដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំសន្និសីទកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ក្រោមមូលបទ «រួមគ្នាជាដៃគូដើម្បីធ្វើការផ្លាស់ប្ដូរ រួមចំណែកជាមួយពិភពលោក» ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។ បន្ថែមពីលើនេះ លោក ហ៊ុន សែន ក៏គ្រោងនឹងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីអូស្ត្រាលី ម៉ាលខុម ថើនបុល (Malcolm Turnbull) នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា មូឌី (Narendra Modi) នាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូញ៉ូ ហ្គុយតេរេស (Antonio Guterres)។ យ៉ាងណាក៏ដោយ ពុំមានការបញ្ជាក់ណាមួយថា នឹងមានជំនួបទ្វេភាគីរវាងលោក ហ៊ុន សែន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ឡើយ។
ឆ្នាំ២០១៧នេះ គឺជាខួបលើកទី ៥០ នៃសមាគមអាស៊ាន ដែលមានប្រជាជនសរុបជិត ៦២២លាននាក់ មកពីប្រទេសចំនួន ១០ នៅតំបន់អាស៊ីអាគ្នេយ៍។ សន្និសីទកំពូលអាស៊ានលើកទី៣១ នេះ នឹងផ្តោតលើបញ្ហាសេដ្ឋកិច្ច និងសន្តិសុខប្រចាំតំបន់។
ក្រៅពីបានអំពាវនាវឲ្យមេដឹកនាំកំពូលៗលើពិភពលោកទាំងនេះ ជួយដោះស្រាយបញ្ហាវិបត្តិប្រជាធិបតេយ្យនៅកម្ពុជា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដដែលនេះ ក៏បានអំពាវនាវឲ្យមេដឹកនាំកំពូលៗពិភពលោកទាំងនេះ លើកយកពីបញ្ហាបារម្ភនានា នៃការធ្លាក់ចុះដុនដាបនៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសអាស៊ានដទៃទៀត រួមមានបញ្ហាវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា (Rohingya) នៅប្រទេសមីយ៉ាន់ម៉ា ឬភូមា បញ្ហារំលោភសិទ្ធិមនុស្សនៅប្រទេសវៀតណាម បញ្ហាគ្រឿងញៀននៅប្រទេសហ្វីលីពីន និងរបបផ្តាច់ការយោធានៅប្រទេសថៃ មកដោះស្រាយផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។