គណៈកម្មការអ្នកច្បាប់អន្តរជាតិ (The International Commission of Jurists = ICJ)ទទូចឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើមន្ត្រីការពារសិទ្ធិមនុស្ស និងអ្នកនយោបាយបក្សប្រឆាំង។ ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៩ ឧសភា អង្គការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) មួយនេះ សម្ដែងការបារម្ភយ៉ាងខ្លាំងចំពោះការយាយីរបស់រដ្ឋាភិបាលទៅលើសកម្មជនការពារសិទ្ធិមនុស្ស។
ពួកគេស្នើឲ្យរដ្ឋាភិបាលកម្ពុជា បើកការត្រួតពិនិត្យឡើងវិញ និងបញ្ឈប់ការចោទប្រកាន់នានាលើសកម្មជនការពារសិទ្ធិមនុស្ស និងមន្ត្រីបក្សប្រឆាំង បើសិនរកឃើញថា ការចោទប្រកាន់ទាំងអស់នោះធ្វើឡើងគ្មានមូលដ្ឋាន និងបំពានច្បាប់។ គណៈកម្មការអ្នកច្បាប់អន្តរជាតិ ក៏ទទូចឲ្យរដ្ឋាភិបាលបញ្ឈប់នូវការប្រើប្រាស់ប្រព័ន្ធតុលាការ ធ្វើបាប និងគំរាមកំហែងមន្ត្រីសិទ្ធិមនុស្ស និងបក្សប្រឆាំងបន្តទៀត និងត្រូវគោរពសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានា ដែលកម្ពុជា ជារដ្ឋភាគី ពិសេសគឺអនុសញ្ញាអន្តរជាតិស្ដីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការសហប្រជាជាតិ។
ទីប្រឹក្សាច្បាប់អន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ លោក ឃីងស្លី អាប៊ត (Kingsley Abbott) មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា ស្របពេលដែលកម្ពុជា ត្រូវមានកាតព្វកិច្ចតាមច្បាប់អន្តរជាតិ ក្នុងការការពារអ្នកការពារសិទ្ធិមនុស្ស ពីការយាយីដោយសារការបំពេញការងាររបស់ខ្លួន ចំណាត់ការរបស់រដ្ឋាភិបាលទៅលើមន្ត្រីសិទ្ធិមនុស្សពេលនេះ បង្ហាញឲ្យឃើញរឹតតែច្បាស់ពីចេតនារបស់រដ្ឋាភិបាល ក្នុងការបំភិតបំភ័យ និងបំបិទសំឡេងរបស់សង្គមស៊ីវិល ដែលលោកថា រដ្ឋាភិបាលគួរពិនិត្យជាថ្មីឡើងវិញ។
ការទទូចរបស់គណៈកម្មការអ្នកច្បាប់អន្តរជាតិ ក៏ស្របពេលដែលសមត្ថកិច្ចរដ្ឋាភិបាល ចាប់ខ្លួនសកម្មជនការពារសិទ្ធិមនុស្សជិត ១០នាក់បន្ថែមទៀត ក្នុងពេលពួកគេជួបជុំធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យតុលាការដោះលែងសកម្មជនការពារសិទ្ធិមនុស្ស ៤រូប និងមន្ត្រី គ.ជ.ប ១រូបដែលកំពុងជាប់ឃុំ ឲ្យមានសេរីភាពវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។