អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​រក្សា​ជំហរ​ប្រឆាំង​នឹង​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម

0:00 / 0:00

នៅ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា រដ្ឋសភា​នឹង​រៀបចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល តាម​ការ​គ្រោង​ទុក។ ក៏ប៉ុន្តែ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​ជាតិ ទាំង​អន្តរជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ឲ្យ​បញ្ឈប់​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ ដោយ​លើក​ឡើង​ថា រដ្ឋសភា​មិន​បើក​ទូលាយ​ឲ្យ​មាន​ការ​ពិភាក្សា​ដេញដោល​ពី​សំណាក់​សង្គម​ស៊ីវិល​នោះ​ទេ។

មួយ​ថ្ងៃ​មុន​រដ្ឋសភា​នឹង​ធ្វើ​សិក្ខា​សាលា​បើក​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជុំវិញ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក នៅ​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា នេះ រៀបចំ​សិក្ខា​សាលា​ដាច់​ដោយឡែក​មួយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិគ្រោះ និង​វិភាគ​ផ្នែក​ច្បាប់​លើ​ទម្រង់​នៃ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ មុន​នឹង​បញ្ជូន​ទៅ​រដ្ឋសភា​សម្រាប់​ការ​ពិភាក្សា​ដេញដោល។

អង្គការ​ដែល​រៀបចំ​សិក្ខា​សាលា​នេះ​រួម​មាន គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា គណៈកម្មការ​ប្រព្រឹត្តិកម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។ អង្គ​សិក្ខា​សាលា បាន​គូស​បញ្ជាក់​ពី​ចំណុច​មួយ​ចំនួន​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដែល​រឹតត្បិត​ប្រតិបត្តិការ​របស់​អង្គការ​សង្គម​ស៊ីវិល។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា លោក សឿង សារឿន លើក​ឡើង​ថា ភាគ​ច្រើន​នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ផ្ទុយ​ពី​ក្របខ័ណ្ឌ​គតិយុត្តិ​ជាតិ និង​អន្តរជាតិ៖ «អ្នក​វិភាគ​ជាតិ និង​អន្តរជាតិ ខ្ញុំ​ឃើញ​សឹងតែ​ក្នុង​ចំណោម ៣៩​មាត្រា​នៃ ៩​ជំពូក​ហ្នឹង មាន​រហូត​ទៅ​ដល់ ៧៥% នៃ​ឯកសារ​ហ្នឹង គឺ​បង្កប់​អត្ថន័យ​ដែល​ពិបាក​នឹង​យល់ ពិបាក​នឹង​ទទួល​យក​បាន ហើយ​ពិបាក​នឹង​យល់ ពិបាក​នឹង​ទទួល​យក​បាន​ហ្នឹង គឺ​ធ្វើ​ឲ្យ​ច្បាប់​ហ្នឹង​អាក្រក់ ធ្វើ​ឲ្យ​ច្បាប់​ហ្នឹង​ពិបាក​អនុវត្ត ធ្វើ​ឲ្យ​ច្បាប់​ហ្នឹង​ប៉ះពាល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម នា​សណ្ឋាគារ​កាំបូឌីយ៉ាណា នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​សមាគម នា​សណ្ឋាគារ​កាំបូឌីយ៉ាណា នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៥។ (RFA/Cheng Mengchou)

មាត្រា​៥ នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ជា​មាត្រា​មួយ​ក្នុង​ចំណោម​មាត្រា​មួយ​ចំនួន​ទៀត ដែល​អង្គការ​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ខ្លាំង ដោយ​អះអាង​ថា មាត្រា​នេះ​រឹតត្បិត​ដល់​សិទ្ធិ​បុគ្គល​ក្នុង​ការ​បង្កើត​អង្គការ​សមាគម។ ត្រង់​ចំណុច​នេះ លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា អះអាង​ថា លោក​មិន​អាច​ទទួល​យក​បាន​ទេ៖ «សហគមន៍​ព្រៃ​ឈើ​មាន​សហគមន៍​ដីធ្លី មាន​ក្លឹប​យុវជន មាន​អី​ហូរហែ​ហ្នឹង គឺ​តម្រូវ​ឲ្យ​ចុះ​ឈ្មោះ បើ​សិន​ជា​គាត់​ចង់​ឲ្យ​ស្រប​ច្បាប់។ បើ​សិន​ជា​គាត់​ធ្វើ​ការ​អត់​មាន​ចុះ​ឈ្មោះ ថ្ងៃ​ក្រោយ​ទៅ​គេ​អាច​ចោទ​គាត់​ថា​បំពាន​ច្បាប់ ហើយ​ដាក់​ទោស​គាត់​គ្រប់​ពេលវេលា​ទាំងអស់។ ហើយ​មិន​ទាន់​មាន​ការ​ចេញ​ច្បាប់​ហ្នឹង​ផង យើង​ឃើញ​មាន​ឧបសគ្គ​ច្រើន​រួច​ទៅ​ហើយ សម្រាប់​សមាគម​ដែល​មិន​បាន​ចុះ​ឈ្មោះ»

យ៉ាង​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ថា​នឹង​ចូលរួម​សិក្ខាសាលា​របស់​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា ដើម្បី​ពិភាក្សា​ដេញដោល ប៉ុន្តែ​ថា រដ្ឋសភា​ផ្ដល់​ពេលវេលា​តិច​ពេក​សម្រាប់​ការ​ពិភាក្សា​ដែល​គេ​រៀបចំ​តែ​មួយ​ព្រឹក​នោះ។

ដោយឡែក​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​នេះ​ដែរ ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​មិន​ឲ្យ​ជន​បរទេស​ណា​មួយ​លូក​ដៃ​ក្នុង​ការ​ធ្វើ​ច្បាប់​នេះ​ក៏ដោយ ក៏​ក្រុម​អង្គការ​អន្តរជាតិ​ចំនួន​៤០ រួម​មាន អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) អង្គការ​អ៊ែកសិន​អេត (Action Aid) អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ជាដើម កាល​ពី​ថ្ងៃ​ទី​៦ កក្កដា បាន​សរសេរ​លិខិត​រួម​គ្នា​មួយ ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​បញ្ឈប់​សេចក្ដី​ព្រាង​ច្បាប់​នេះ​ជា​បន្ទាន់។ លិខិត​នោះ ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​រាជ​រដ្ឋាភិបាល​កម្ពុជា ពិត​ជា​គិតគូរ​ពី​ការ​ការពារ និង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​មែន រដ្ឋាភិបាល​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​លើ​កំណែ​ទម្រង់​ច្បាប់​ទូទៅ​ទៅ​វិញ​ទេ ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​កម្ពុជា ទទួល​បាន​សិទ្ធិ​ដែល​ពួក​គេ​ត្រូវ​ការ​ជា​ចាំបាច់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។