គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) បានអំពាវនាវសាជាថ្មីម្ដងទៀត ដល់រដ្ឋាភិបាលកម្ពុជាធានាការចែករំលែកគំនិតឬយោបល់ដ៏មានសារៈសំខាន់សម្រាប់ដំណើរការបង្កើតច្បាប់ ស្ដីពីការគ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលដែលកម្ពុជាអាចអនុម័តនៅក្នុងខែនេះ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសេរីភាពក្នុងការជួបប្រជុំដោយសន្តិវិធី និងសមាគម លោក មែនណា ខៃ (Maina Kiai) មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការរបស់ខ្លួនមួយដែលចេញផ្សាយកាលពីថ្ងៃទី២១ ឧសភា ថាវាជាការហួសចិត្តណាស់ដែលសេចក្ដីព្រាងច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិលមិនឲ្យមានការផ្ដល់យោបល់ពីសង្គមស៊ីវិលក្នុងការបង្កើតច្បាប់។
លោកបន្តថាសេចក្ដីព្រាងច្បាប់នេះ គួរតែលាតត្រដាងឲ្យសាធារណជនបានឃើញឬបើកចំហឲ្យមានការជជែកវែកញែកប្រកបដោយតម្លាភាព ដើម្បីអាចទទួលយកបានពីគ្រប់ភាគីនៅពេលច្បាប់នោះចេញជារូបរាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។