មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់ជាភាសាអង់គ្លេសមួយ ដែលរៀបរាប់លម្អិតពីខ្លឹមសារនៃលិខិតរបស់ក្រសួងព័ត៌មាន ដែលបានចេញលិខិតណែនាំ មានអត្ថន័យមិនឲ្យពលរដ្ឋទទួលបានព័ត៌មានឯករាជ្យ និងតុល្យភាពពីវិទ្យុបរទេសនិយាយជាភាសាខ្មែរ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានផ្ញើសេចក្តីប្រកាសបន្ទាន់នេះ ទៅបណ្ដាញសារព័ត៌មានអន្តរជាតិលើពិភពលោក។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា សាធារណជនជាច្រើនជឿជាក់ថា លិខិតនេះធ្វើឡើងសំដៅលើវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអន្តរជាតិមួយចំនួនទៀត ដែលផ្សាយព័ត៌មានឯករាជ្យ និងវិភាគលម្អិត ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានកាន់តែច្រើនពីស្ថានភាពសង្គម វប្បធម៌ និងនយោបាយនៅកម្ពុជា។
មន្ត្រីសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន រ៉ាមណា មានប្រសាសន៍ថា លិខិតណែនាំរបស់ក្រសួងព័ត៌មាន ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋ និងរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។
នៅដំណាលគ្នានេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសចំពោះក្រសួងព័ត៌មាន ហើយបានហៅលិខិតណែនាំរបស់ក្រសួងព័ត៌មាន ថា ជាចេតនាចង់ឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានតែម្ខាង មិនឆ្លុះបញ្ចាំងពីការពិតសង្គម នាំឲ្យពលរដ្ឋសម្រេចចិត្តមិនត្រឹមត្រូវ។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ទង្វើរបស់ក្រសួងព័ត៌មាន ជាទង្វើខុសច្បាប់ផ្ទុយពីរដ្ឋធម្មនុញ្ញ និងផ្ទុយពីសេចក្តីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្ស។ លោកបន្តថា គណបក្សកាន់អំណាចទំនងជាខ្លាចចាញ់ឆ្នោតគណបក្សប្រឆាំង ទើបធ្វើបែបនេះ។ ប៉ុន្តែ ការធ្វើបែបនេះមិនចំណេញឡើយ គឺខាតផលប្រយោជន៍ជាតិទាំងមូលតែម្តង។
ចំណែកឯមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលទទួលបន្ទុកកិច្ចការអាស៊ី លោក ហ្វីល រ៉ូប៊ីនសាន់ (Phil RoBenson) មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា មានបំណងឲ្យពលរដ្ឋទទួលបាននូវព័ត៌មានតែម្ខាងដែលរដ្ឋាភិបាលផ្តល់ឲ្យ។ លោកបន្តថា សេចក្តីណែនាំនេះជាបំរាមមួយដ៏អាក្រក់សម្រាប់ពលរដ្ឋកម្ពុជា។ ហើយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន មានបំណងចង់យកចំណេញច្រើនពីបំរាមនេះ។
ឆ្លើយតបនឹងការរិះគន់ផ្ទួនៗគ្នាបែបនេះ ប្រធាននាយកដ្ឋានសោតទស្សន៍នៃក្រសួងព័ត៌មាន លោក ប៊ុត បូវុធ បកស្រាយថា ក្រសួងព័ត៌មានធ្វើនេះដើម្បីធានាកុំឲ្យវិទ្យុក្នុងស្រុកផ្សាយលម្អៀងកាន់ជើងគណបក្សមួយៗប៉ុណ្ណោះ មិនមានបំណងបំបិទមាត់បំបិទត្រចៀកពលរដ្ឋនោះឡើយ។ លោកបន្តថា ក្រសួងព័ត៌មាន មិនអាចហាមឃាត់ការផ្សាយរបស់វិទ្យុបរទេសបាន ទើបសម្រេចចិត្តផ្អាកមិនឲ្យវិទ្យុក្នុងស្រុកទទួលផ្សាយបន្តកម្មវិធីនៃវិទ្យុបរទេសទាំងនោះ។
ទោះយ៉ាងណាក៏ដោយ សង្គមស៊ីវិលក្នុងស្រុកមួយចំនួនទៀត ក៏គ្រោងនឹងចេញសេចក្តីថ្លែងការណ៍រិះគន់ និងជំរុញឲ្យក្រសួងព័ត៌មានដកបំរាមនេះដែរ។ កាលពីពេលកន្លងទៅ ក្រសួងព័ត៌មាន មិនបានហាមឃាត់អ្វីឡើយចំពោះវិទ្យុ និងទូរទស្សន៍ក្នុងស្រុកដែលស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីបក្សកាន់អំណាច។ ក្រសួងព័ត៌មាន បញ្ជាឲ្យវិទ្យុក្នុងស្រុកផ្អាកការផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុបរទេសនិយាយភាសាខ្មែរ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ត្រូវនឹងថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោត។ កាលពីថ្ងៃទី២៨ ខែមិថុនា វិទ្យុសំបុកឃ្មុំ ដែលមិនទាន់បានដឹងព័ត៌មានផ្អាកនេះ ក៏ត្រូវមន្ត្រីក្រសួងព័ត៌មាន បញ្ជាឲ្យបិទកម្មវិធីវិទ្យុអាស៊ីសេរី ទាំងកណ្ដាលទី។
របាយការណ៍ស្ទង់មតិរបស់វិទ្យាស្ថានសាធារណរដ្ឋ អាយ.អ.អាយ (IRI) កាលពីដើមឆ្នាំ២០១៣ បង្ហាញថា ពលរដ្ឋខ្មែរចំនួន ១២% ដែលទទួលបានព័ត៌មានវិទ្យុអាស៊ីសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។