អ្នកវិភាគនយោបាយ និងអ្នកការពារសិទ្ធិមនុស្ស លើកឡើងថា រដ្ឋាភិបាលនឹងរងការរិះគន់ថា គ្មានឆន្ទៈគោរពសិទ្ធិមនុស្សឡើយ ប្រសិនបើរដ្ឋាភិបាលសម្រេចបិទទ្វារការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា។ ការលើកឡើងនេះ ស្របពេលមន្ត្រីការិយាល័យអង្គការសហប្រជាជាតិ បញ្ជាក់ថា ខ្លួនកំពុងរង់ចាំការពិភាក្សាជាមួយរដ្ឋាភិបាលស្ដីពីការបន្តវត្តមានរបស់ខ្លួននៅកម្ពុជា។
ការព្រមានពិចារណារបស់រដ្ឋាភិបាលថា នឹងអាចបិទការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ត្រូវបានអ្នកវិភាគនយោបាយ និងអ្នកសិទ្ធិមនុស្សមើលឃើញថា កម្ពុជានឹងជួបរូបភាពអាក្រក់ និងភាពខ្មៅងងឹតកាន់តែខ្លាំង បើសិនជារដ្ឋាភិបាលធ្វើដូចអ្វីដែលខ្លួនព្រមាននោះ ហើយម្យ៉ាងវិញទៀត រដ្ឋាភិបាលនឹងខាតបង់ធំ។
ប្រធានអង្គការវេទិកាអនាគត និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ លើកឡើងថា រដ្ឋាភិបាលនឹងត្រូវប្រទេសជាច្រើននៅទូទាំងពិភពលោក រិះគន់កាន់តែខ្លាំងថា គ្មានឆន្ទៈគោរពសិទ្ធិមនុស្ស ស្របពេលប្រទេសមួយនេះកំពុងញាំញីដោយពាក្យរិះគន់ជាច្រើនពីមតិជាតិ និងអន្តរជាតិថា ស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្ន កាន់តែអាក្រក់ឡើងជាបន្តបន្ទាប់៖ «ពិភពលោកគេនឹងគិតថា កម្ពុជាគ្មានឆន្ទៈគោរពសិទ្ធិមនុស្ស ហើយគ្មានការសហការជាមួយការិយាល័យដ៏សំខាន់មួយនេះ អ៊ីចឹងខ្ញុំមើលទៅ កម្ពុជានឹងមានរូបភាពខ្មៅងងឹតទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងទទូលបានការរិះគន់ខ្លាំងជាងមុន»។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី២២ ខែវិច្ឆិកា បានផ្ញើលិខិតមួយទៅកាន់ឧត្ដមស្នងការអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយបញ្ជាក់ថា ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បន្តជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ម្ដងហើយម្ដងទៀត។ ការលើកឡើងរបស់លោក ប្រាក់ សុខុន បន្ទាប់ពីអ្នកតំណាងការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា អ្នកស្រី វ៉ាន់ហ៊ី លី (Wan-Hea Lee) ស្នើសុំរដ្ឋាភិបាលពន្យល់ផ្លូវច្បាប់អំពីការរារាំងមិនឱ្យមេបក្សប្រឆាំង លោក សម រង្ស៊ី វិលចូលស្រុកវិញ។
លោក អ៊ូ វីរៈ អះអាងថា ការទាមទារឱ្យរដ្ឋាភិបាលពន្យល់ផ្លូវច្បាប់ពាក់ព័ន្ធនឹងការរារាំងមិនឱ្យមេបក្សប្រឆាំងចូលស្រុក មិនមែនជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងឡើយ ព្រោះរដ្ឋាភិបាលគឺមានភារកិច្ចពន្យល់រឿងនេះជាសាធារណៈទៅដល់មហាជនឱ្យស័ក្ដិសមជាប្រទេសមានច្បាប់ត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងលិខិតរបស់លោក ប្រាក់ សុខុន បានចាត់ទុកការលើកឡើងរបស់អ្នកស្រី វ៉ាន់ហ៊ី លី ថាគឺមិនគោរពអធិបតេយ្យភាពកម្ពុជា និងជាទង្វើមិនអាចទទួលយកបាន ព្រោះជាឥរិយាបថព្រហើន។
ពាក់ព័ន្ធរឿងនេះ ប្រធានគ្រប់គ្រងការិយាល័យស៊ើបអង្កេតសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ពន្យល់ថា ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយ គឺទាល់តែមានការលូកដៃផ្ទាល់ទៅដល់កិច្ចការរបស់រដ្ឋាភិបាលនៃប្រទេសនោះ ផ្ទុយទៅវិញការលើកឡើងរបស់អ្នកស្រី វ៉ាន់ហ៊ី លី គឺគ្រាន់តែជាការផ្ដល់អនុសាសន៍ប៉ុណ្ណោះ មិនមែនជាការជ្រៀតជ្រែកឡើយ៖ «ក៏ប៉ុន្តែគ្រាន់តែជាការលើកឡើងជាអនុសាសន៍ ដើម្បីធ្វើឱ្យស្ថានភាពកាន់តែល្អប្រសើរឡើង។ អាហ្នឹងជាការផ្ដល់អនុសាសន៍ ទោះជាទទួលយក ឬមិនទទួលយក យើងមានឱកាសបកស្រាយ»។
លោកថា កម្ពុជាពេលនេះត្រូវការការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សជាចាំបាច់ ដើម្បីបន្តលើកកម្ពស់សិទ្ធិមនុស្ស ជាពិសេសដើម្បីឱ្យកម្ពុជា មានការប្រកួតប្រជែងខាងផ្នែកនយោបាយដោយស្មើភាពគ្នា។ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បញ្ជាក់ថា បើសិននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ មិនទទួលយកអនុស្សរណៈយោគយល់ថ្មី (អនុស្សរណៈយោគយល់ចាស់អស់សុពលភាពតាំងពីចុងខែធ្នូ ឆ្នាំ២០១៥) ដូច្នោះរដ្ឋាភិបាលគ្មានជម្រើសអ្វីផ្សេងក្រៅពីប្រើប្រាស់សិទ្ធិអធិបតេយ្យភាពរបស់ខ្លួនដើម្បីសម្រេចអនាគតវត្តមានរបស់ការិយាល័យឧត្ដមស្នងការមួយនេះនៅកម្ពុជា។ សម្រាប់អ្នកនាំពាក្យអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស អ្នកស្រី រ៉ាវីណា ស្សាំដាសានី (Ravina Shamdasani) ឆ្លើយតបជាមួយអាស៊ីសេរី តាមសារអេឡិចត្រូនិក (Email) ថា ការជជែកពិភាក្សាជាមួយរដ្ឋាភិបាលស្ដីពីអនុស្សរណៈយោគយល់គ្នា (MoU) កំពុងបន្ត។
អ្នកស្រីបញ្ជាក់ថា វត្តមានរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសណាមួយ គឺអាស្រ័យដោយមានការព្រមព្រៀងពីប្រទេសនោះ ហើយខាងអ្នកស្រីកំពុងរង់ចាំការបន្តជជែកពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីបន្តវត្តមានរបស់ខ្លួននៅកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ លោក អំ សំអាត បញ្ជាក់ថា បើសិនរដ្ឋាភិបាលពិតជាសម្រេចបិទទ្វារលែងឱ្យមានការិយាល័យឧត្ដមស្នងការអង្គការសិទ្ធិមនុស្សប្រចាំនៅកម្ពុជា មែន អ្នកខាតធំគឺកម្ពុជា ព្រោះពេលនោះប្រទេសម្ចាស់ជំនួយធំៗ នឹងលែងផ្ដល់ជំនួយមកកម្ពុជា ដែលក្នុងមួយឆ្នាំៗ ទទួលបានរាប់លានដុល្លារ។
ម្យ៉ាងវិញទៀត វិនិយោគិនបរទេសមុននឹងធ្វើការវិនិយោគនៅប្រទេសណាមួយ គឺគេសម្លឹងមើលអំពីស្ថានភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់របស់តុលាការផងដែរ៖ «មានអ្នករាយការណ៍ពិសេសប្រចាំនៅកម្ពុជា អ៊ីចឹងបើសិនកម្ពុជា ធ្វើបានល្អ ការលើកកម្ពស់សិទ្ធិមនុស្ស ឈ្មោះកម្ពុជា យើងកាន់តែមានកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ»។
អ្នកវិភាគនយោបាយ និងអ្នកសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលនឹងមិនបិទទ្វារការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ឡើយ ព្រោះរដ្ឋាភិបាលទទួលបានជំនួយ ការវិនិយោគបរទេសជាបន្តបន្ទាប់ តាមរយៈការិយាល័យសិទ្ធិមនុស្សមួយនេះ។ ពួកគេលើកឡើងទៀតថា ស្ថានភាពតាងតឹងរវាងរដ្ឋាភិបាល និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិនៅពេលនេះ នឹងបានធូរស្បើយមកវិញ បន្ទាប់ពីភាគីទាំងពីរបានជួបជជែកគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។