ក្រុមជនភៀសខ្លួនដែលស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី ហើយកំពុងរស់នៅក្នុងជំរំនៅលើកោះណាវរូ (Nauru) នាំគ្នាតវ៉ាប្រឆាំងនឹងគម្រោងបញ្ជូនពួកគេមកកម្ពុជា។
ព័ត៌មានដែលផ្សព្វផ្សាយដោយវិទ្យុណូវែលហ្សេឡង់ដ៏អន្តរជាតិ (Radio New Zealand International) នៅព្រឹកថ្ងៃទី១៨ ខែមេសា នេះឲ្យដឹងថា ក្រុមជនភៀសខ្លួនជាច្រើននាក់នាំគ្នាតវ៉ាក្នុងបរិវេណជំរំ ដែលដាក់ពួកគេនៅលើកោះណាវរូ។
អ្នកសម្របសម្រួលការពារសិទ្ធិជនភៀសខ្លួន បានប្រាប់អ្នកសារព័ត៌មានថា ការតវ៉ានោះ គឺជាយុទ្ធនាការជំទាស់នឹងគម្រោងការបញ្ជូនជនភៀសខ្លួនជាលើកដំបូងពីកោះណាវរូនោះមកកម្ពុជា។ ការតវ៉ានោះ ក៏ស្របពេលដែលសារព័ត៌មាននានាផ្សព្វផ្សាយថា ក្រុមជនភៀសខ្លួនក្រុមទី១ដែលមានចំនួន ១០នាក់ អាចនឹងត្រូវគេបញ្ជូនតាមយន្តហោះមកកម្ពុជា នៅថ្ងៃច័ន្ទ ទី២០ ដើមសប្ដាហ៍ក្រោយ។
ឆ្លើយតបនឹងបញ្ហានេះ លោក កុយ គួង ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស មានប្រសាសន៍ថា ព័ត៌មាននៃការបញ្ជូនជនភៀសខ្លួនមកកម្ពុជា នោះ គឺជាការភាន់ច្រឡំ៖ «»។
ទោះជាយ៉ាងណា លោក កុយ គួង នៅមិនទាន់បញ្ជាក់បាននៅឡើយថា តើពេលណាទើបក្រុមបច្ចេកទេសកម្ពុជា នឹងចាប់ផ្ដើមការងារជ្រើសរើសជនភៀសខ្លួនដែលជាអ្នកស្ម័គ្រចិត្តមកកាន់កម្ពុជា នោះនៅឡើយ។ លោក កុយ គួង បញ្ជាក់ជាថ្មីទៀតថា ការបញ្ជូនជនភៀសខ្លួនមកកម្ពុជា នេះ ឈរលើគោលការណ៍មនុស្សធម៌ និងតាមការស្ម័គ្រចិត្ត។
កាលពីខែកញ្ញា ឆ្នាំ២០១៤ កម្ពុជា និងអូស្ត្រាលី បានចុះហត្ថលេខាទទួលយកជនភៀសខ្លួន ដែលត្រូវសមត្ថកិច្ចអូស្ត្រាលី ឃាត់ខ្លួនក្នុងជំរំមករស់នៅកម្ពុជា ជាថ្នូរនឹងជំនួយប្រមាណ ៤០លានដុល្លារអូស្ត្រាលី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។