អ្នកស្រី រ៉ូណា ស្មីត លើកឡើង​ពី​ការ​វាយដំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ជាមួយ​ថ្នាក់​ដឹកនាំ​រដ្ឋសភា

0:00 / 0:00

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា សម្តែង​ការ​បារម្ភ​ពី​ការ​វាយដំ​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ក្នុង​ពេល​កន្លងមក។ ការបារម្ភ​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​ប្រធានស្តីទី​រដ្ឋសភា លោក ងួន ញិល កាលពី​ថ្ងៃទី​២២ ខែមីនា។

ការធានា​ដល់​សន្តិសុខ​សុវត្ថិភាព​របស់​តំណាងរាស្ត្រ​បក្ស​ប្រ​ឆាំង គឺជា​ប្រធាន​បទ​សំខាន់​មួយ​ក្នុង​ចំណោម​ប្រធាន​បទ​ដទៃ​ទៀត ដែល​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មី​ត (Rhona Smith) បាន​លើក​ឡើង ជាមួយ​ថ្នាក់​​ដឹកនាំ​រដ្ឋសភា ក្នុង​ថ្ងៃទី​២ នៃ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី មក​កាន់​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​ការិយាល័យ ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ឲ្យ​ដឹងថា ក្នុងជំនួប នោះ អ្នកស្រី រ៉ូណា ស្មីត ទទូច​ឲ្យ​កម្ពុជា​ធានា​យ៉ាងណា​អាច​ឲ្យ​តំណាងរាស្ត្រ​បក្សប្រឆាំង​២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា ដែល​ត្រូវ​បាន​បាតុករ​វាយ​ឲ្យ​របួស អនុវត្ត​ការងារ​ជា​តំណាងរាស្ត្រ​របស់​ពួកគេ​ដោយ​សេរី និង​សុវត្ថិភាព។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុខ ឥសាន ដែល​ចូលរួម​ក្នុងជំនួប​ជាមួយ​អ្នកស្រី រ៉ូណា ស្មីត ដែរ​នោះទទួល​ស្គាល់​ថា អ្នកស្រី រ៉ូណា ស្មីត ពិតជា​លើកឡើង​ពី​សុវត្ថិភាព​របស់ តំណាងរាស្ត្រ​បក្សប្រឆាំង​មែន។ លោក សុខ ឥសាន ថា ប្រធានស្តីទី​រដ្ឋសភា លោក ងួន ញិល បាន​ឆ្លើយតប​ដោយ​លើកឡើងថា​រដ្ឋសភា​បាន​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ការពារ​តំណាងរាស្ត្រ​រួច​ហើយ ដើម្បី​ធានា​ថា តំណាងរាស្ត្រ​គ្រប់រូប​អាចបំពេញ​ការងារ ដោយ​មិនមាន​ការភ័យខ្លាច៖ «គាត់​សាកសួរ មុនដំបូង​ពី​ស្ថានភាព​អ្នកតំណាងរាស្ត្រ​២​រូប​ដែល​ទទួល​អំពើហិង្សា អញ្ចឹងទេ ឯកឧត្តម ងួន ញិល បាន​លើកឡើងថា រដ្ឋសភា ក៏ដូចជា​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច មិន​គាំទ្រ​អំពើហិង្សា​ចំពោះ​អ្នកតំណាងរាស្ត្រ​ទេ ហើយ​ក៏បាន​អំពាវនាវ​ឲ្យ​ចាត់វិធានការ តាមផ្លូវ​ច្បាប់ ហើយ​បច្ចុប្បន្ននេះ​យើង​បាន​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ហើយ និង​បន្ត​ដំណើរការ តទៅទៀត​ដើម្បី​នាំ​ជនល្មើស យកមក​អនុវត្តតាម​ផ្លូវច្បាប់​ឲ្យ​ស្របតាម​ទោស​របស់ខ្លួន ដែល​បាន ​ប្រព្រឹត្ត​ចំពោះ​អ្នកតំណាងរាស្ត្រ»។

ការបារម្ភ​ចំពោះ​ស្ថានភាព​របស់​តំណាងរាស្ត្រ​បក្សប្រឆាំង មិនមែនជា​រឿង​ថ្មី​ឡើយ​សម្រាប់ អ្នកស្រី រ៉ូណា ស្មីត។ ភ្លាមៗ​ក្រោយពី​លោក ញ៉យ ចំរើន និង​លោក គង់ សភា ត្រូវបាន​បាតុករ វាយ​ឲ្យ​របួស និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ចាប់ខ្លួន អ្នកស្រី​ក៏បាន​ចេញ​សេចក្តី​ប្រកាស​សម្ដែង​ការ​ព្រួយ​បារម្ភ​ម្ដង​រួចហើយ។

ក្រៅពី​បញ្ហា​សន្តិសុខសម្រាប់​តំណាងរាស្ត្រ​បក្សប្រឆាំង អ្នកស្រី រ៉ូណា ស្មី​ត ក៏បាន​លើក ឡើង​ពី​នីតិវិធី​នៃ​ការ​ដក​អភ័យឯកសិទ្ធិសភា​រប​ស់​តំណាងរាស្ត្រ និង​ពី​សេចក្តីព្រាងច្បាប់​ស្តីពី សហជីព​ដែល​សភា​គ្រោង​នឹង​បោះឆ្នោត​អនុម័ត​ក្នុងពេល​ខាងមុខ។ ទាក់ទង​នឹង​ការបង្កើត​ឲ្យ មានច្បាប់​ថ្មីៗ អ្នកស្រី​ស្នើ​ឲ្យ​មានការ​បោះពុម្ពផ្សាយ​សេចក្តីព្រាងច្បាប់ ដើម្បី​បង្កើត​ឲ្យ​មានការ ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ជាមុន មុនពេល​សភា​យកទៅ​ពិភាក្សា​អនុម័ត។

ក្រៅពី​មាន​ជំនួប​ជាមួយ លោក ងួន ញិល នៅ​ថ្ងៃទី​២២ មីនា ដដែល​នោះ អ្នកស្រី រ៉ូណា ស្មីត ក៏បាន​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំអាល។ ក្នុងជំនួប​ទាំងនេះ អ្នកស្រី​បានលើកឡើង​ពី​បញ្ហា​មួយចំនួន​ដូចជា ឯករាជ្យភាព​របស់​តុលាការ យន្តការ​ឃុំខ្លួន​បណ្តោះអាសន្ន អំពើហិង្សា​ក្នុង​គ្រួសារ ការជួញដូរ​មនុស្ស ជម្លោះដីធ្លី ការរក្សា វប្បធម៌​ជនជាតិដើម និង​ការបង្កើន​ការចូលរួម​របស់​ស្ត្រី និង​ជនជាតិដើម​ភាគតិច​នៅក្នុង​សភា ជាដើម។

ដោយឡែក នៅ​ថ្ងៃទី​២៣ មីនា អ្នកស្រី រ៉ូណា ស្មីត គ្រោង​នឹង​ជួបប្រជុំ​ជាមួយ​ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង ឬ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។