ក្រុមអង្គការសង្គមស៊ីវិលសម្ដែងការសោកស្ដាយចំពោះព្រឹទ្ធសភាដែលបានអនុម័តសេចក្តីព្រាងច្បាប់អង្គការសមាគម កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា។ ពួកគេចាត់ទុកការអនុម័តរបស់ព្រឹទ្ធសភាថា រឿងអកុសល និងប្ដេជ្ញាបន្តការតវ៉ា។
បើទោះជាមានការតវ៉ា និងការទទូចស្នើសុំមិនឈប់ឈរពីអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ឲ្យព្រឹទ្ធសភាពិចារណាឡើងវិញពីសេចក្ដីព្រាងច្បាប់ដែលរដ្ឋសភាបានអនុម័តរួចហើយក្តី ប៉ុន្តែព្រឹទ្ធសភាបានសម្រេចអនុម័តសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសមួយនេះ ដោយគ្មានការកែប្រែអ្វីទាំងអស់។
ការអនុម័តបានធ្វើឡើងដោយសំឡេងគាំទ្រ ៤៤ លើ ៤៤សំឡេងនៃសមាជិកព្រឹទ្ធសភាសរុប ដែលបានចូលរួមប្រជុំ។ ចំណែកសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ទាំងអស់ចំនួន ១១ រូបបានធ្វើពហិការមិនចូលរួមប្រជុំអនុម័តឡើយ ដោយពួកគេយល់ថា ច្បាប់នេះនឹងរឹតត្បិតសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា។
ការអនុម័តបានធ្វើឡើងជាកញ្ចប់ បន្ទាប់ពីសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ចំនួន ៨រូប ត្រូវបានប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ផ្តល់ពេលវេលាម្នាក់ ១០នាទីឲ្យឡើងបញ្ចេញមតិលើសេចក្ដីព្រាងច្បាប់។ ពួកគេទាំងអស់បានថ្លែងគាំទ្រចំពោះសេចក្ដីព្រាងច្បាប់ដោយលើកឡើងថា ច្បាប់នេះនឹងជួយការពារផលប្រយោជន៍របស់អង្គការសង្គមស៊ីវិល ការពារសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់អង្គការសង្គមស៊ីវិល ព្រមទាំងជួយការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម។
លើសពីនេះ ពួកគេថា សេចក្ដីព្រាងច្បាប់អង្គការសមាគមធ្វើឡើង គឺស្របនឹងរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិនានា ដែលកម្ពុជា ជាភាគី។
ទោះជាយ៉ាងណា ស្របពេលដែលព្រឹទ្ធសភាកំពុងប្រជុំអនុម័តសេចក្ដីព្រាងច្បាប់នៅខាងមុខមន្ទីរព្រឹទ្ធសភាឯណោះ ក្រុមអង្គការសង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស និងដីធ្លីប្រមាណ ៥០០នាក់ បានប្រមូលផ្តុំគ្នាស្រែកតវ៉ា ដើម្បីកុំឲ្យព្រឹទ្ធសភាអនុម័តសេចក្ដីព្រាងច្បាប់ និងបញ្ជូនច្បាប់នេះត្រឡប់ទៅកាន់រដ្ឋសភាពិភាក្សាឡើងវិញ។ ក្នុងពេលតវ៉ានោះ ក៏មានការរុញច្រានជាមួយសមត្ថកិច្ចដែរ ប៉ុន្តែមិនបានធ្វើឲ្យភាគីណាមួយរងរបួសនោះទេ។ ក្រៅពីនេះ អ្នកតវ៉ាក៏បានដាក់ញត្តិទៅកាន់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា ដែលនៅក្បែរនោះ ដើម្បីស្នើឲ្យរដ្ឋាភិបាលជប៉ុន ជួយអន្តរាគមន៍ផងដែរ។
ក្រុមអ្នកតវ៉ាលើកឡើងថា ពួកគេមិនគាំទ្រសេចក្ដីព្រាងច្បាប់អង្គការសមាគមនេះទេ ព្រោះពួកគេថា រដ្ឋាភិបាលបង្កើតច្បាប់នេះ គឺដើម្បីរារាំងពួកគេក្នុងការទទួលបានយុត្តិធម៌ បញ្ឈប់ពួកគេមិនឲ្យជួបជុំ និងប្រមូលផ្តុំគ្នា ព្រមទាំងដើម្បីចោទប្រកាន់ពួកគេពីបទល្មើសព្រហ្មទណ្ឌ បំបិទសំឡេង និងរឹតត្បិតសេរីភាពរបស់ពួកគេ៖ «យើងគិតថា ច្បាប់នេះនឹងដំណើរការហើយ ហើយនឹងត្រូវអនុម័តចប់សព្វគ្រប់ទៅ តាមអ្វីដែលថ្នាក់ដឹកនាំកំពូលរបស់រដ្ឋាភិបាល ក៏ប៉ុន្តែយើងគិតថា ផលប៉ះពាល់យើងនឹងមើលឃើញ ជាពិសេសនៅពេលមានការបោះឆ្នោតខាងមុខនោះ យើងនឹងមើលឃើញថា សំឡេងនៃការគាំទ្រទៅលើគណបក្សកាន់អំណាចមានការកើនឡើង ឬក៏ថយចុះ»។
ក្រុមអង្គការសង្គមស៊ីវិល ដែលប្រឆាំងនឹងសេចក្ដីព្រាងច្បាប់គំរាមថា ពួកគេនឹងមិនបោះឆ្នោតឲ្យគណបក្សណាដែលគាំទ្រច្បាប់នេះឡើយ។ យ៉ាងណាក៏ដោយ ការគំរាមនេះមិនបានធ្វើសមាជិកសភា និងព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលបានបាត់បង់កៅអីរដ្ឋសភាជាច្រើនក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ២០១៣ ញញើតញញើមឡើយ។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ឲ្យដឹងនៅក្រោយការអនុម័តច្បាប់ថា ព្រឹទ្ធសភាអាចបញ្ជូនសេចក្ដីព្រាងច្បាប់នេះទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យនៅសប្ដាហ៍ក្រោយមុននឹងថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើ។ ក្រុមអ្នកតវ៉ាប្រកាសថា ពួកគេនឹងស្នើទៅក្រុមប្រឹក្សាធម្មនុញ្ញឲ្យពិចារណាសេចក្ដីព្រាងច្បាប់ដែលព្រឹទ្ធសភាទើបអនុម័តនេះ តែទោះយ៉ាងណា គេពុំសូវមានសង្ឃឹមថា ក្រុមប្រឹក្សាធម្មនុញ្ញដែលមានសមាជិកភាគច្រើនចេញមកពីគណបក្សប្រជាជនកម្ពុជា នឹងពិចារណាតាមការទាមទាររបស់សង្គមស៊ីវិលនោះឡើយ។
ដោយសារច្បាប់នេះ នឹងត្រូវឆ្លងការឡាយព្រះហស្តលេខាប្រកាសឲ្យប្រើរបស់ព្រះមហាក្សត្រ អគ្គលេខាធិការនៃអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) លោក សាលីល ស្សែតទី (Salil Shetty) កាលពីថ្ងៃទី២៣ ខែកក្កដា បានផ្ញើលិខិតថ្វាយព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ស្នើព្រះអង្គបដិសេធនូវសេចក្ដីព្រាងច្បាប់របស់រដ្ឋាភិបាល។
លោក សាលីល ស្សែតទី ទូលថ្វាយព្រះមហាក្សត្រថា បើសេចក្ដីព្រាងច្បាប់អង្គការសមាគមក្លាយជាច្បាប់មែននោះ ច្បាប់នេះនឹងរំលោភលើសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានា ដែលកម្ពុជា ជាភាគី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។