អង្គការ​សហប្រជាជាតិ​ទទូច​ឲ្យ​ព្រឹទ្ធសភា​កម្ពុជា​ទម្លាក់​ចោល​ច្បាប់​អង្គការ​សមាគម

0:00 / 0:00

មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ទទូច​ឲ្យ​ព្រឹទ្ធសភា​ច្រាន​ចោល​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​បាន​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ។ អង្គការ​សហប្រជាជាតិ យល់​ឃើញ​ថា ច្បាប់​នេះ​នឹង​គំរាម​កំហែង​ដល់​សេរីភាព និង​ឯករាជ​ភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី លើក​ឡើង​ថា ពួក​គេ​នឹង​មិន​ចូលរួម​ប្រជុំ​អនុម័ត​ច្បាប់​នោះ​ទេ បើ​វា​មិន​មាន​ការ​កែប្រែ ខណៈ​ដែល​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ពួក​គេ​នឹង​ពិនិត្យ​ឲ្យ​ជាក់លាក់​ឡើង​វិញ។

វា​មិន​ទាន់​យឺត​ពេល​នៅ​ឡើយ​ទេ​ក្នុង​ការ​សើរើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ នេះ គឺ​ជា​ការ​លើក​ឡើង​របស់ លោក ម៉ៃណា គីអៃ (Maina Kiai) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​ក្នុង​ការ​បង្កើត​សមាគម។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​១៥ កក្កដា ពី​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) លោក ម៉ៃណា គីអៃ ស្នើ​ឲ្យ​ព្រឹទ្ធសភា​ច្រាន​ចោល​ទាំង​ស្រុង​នូវ​សេចក្តី​ព្រាង​ច្បាប់ ដែល​មន្ត្រី​អង្គការ​សហប្រជាជាតិ រូប​នេះ​អះអាង​ថា គឺ​ជា​ច្បាប់​ដែល​មិន​ឆ្លើយ​តប​ទៅ​នឹង​បទដ្ឋាន​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ជាពិសេស​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើត​អង្គការ​សមាគម។ លោក ម៉ៃណា គីអៃ កត់​សម្គាល់​ថា ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​មែន​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ដើម្បី​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស និង​អភិបាល​កិច្ច​ល្អ អាច​នឹង​ត្រូវ​បាន​គេ​បិទ​មាត់ និង​ផ្ដន្ទាទោស។ លើស​ពី​នេះ វា​ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ចូលរួម​របស់​ពលរដ្ឋ​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ពួក​គេ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ។

នេះ គឺ​ជា​លើក​ទី​២ ហើយ​ដែល​មន្ត្រី​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ រូប​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​ខ្លឹមសារ និង​ដំណើរ​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​របស់​រដ្ឋាភិបាល។ លោក ម៉ៃណា គីអៃ នៅ​តែ​ទទូច​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​គ្រប់​ជ្រុងជ្រោយ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ជុំវិញ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ។ លោក ម៉ៃណា គីអៃ មាន​ប្រសាសន៍​ថា តម្លាភាព ការ​ចូលរួម និង​គណនេយ្យ​ភាព គឺ​ជា​កត្តា​សំខាន់​មួយ​នៃ​ដំណើរ​ការ​ធ្វើ​ច្បាប់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

បច្ចុប្បន្ន កម្ពុជា មាន​អង្គការ​សង្គម​ស៊ីវិល​សរុប​ប្រមាណ ៥​ពាន់ កំពុង​ធ្វើ​សកម្មភាព​របស់​ខ្លួន។ ដោយឡែក​របាយការណ៍​របស់​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា ដែល​បាន​សិក្សា​អំពី​ការ​រួម​ចំណែក​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា បង្ហាញ​ថា នៅ​ឆ្នាំ​២០១២ ក្នុង​ចំណោម​អង្គការ​ជាង ១.៣០០​នៅ​កម្ពុជា អង្គការ​ទាំង​នេះ​បាន​អនុវត្ត​គម្រោង​ប្រហែល ៤​ពាន់ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ប្រមាណ ១​លាន ៣​សែន​នាក់ ជាពិសេស​តាម​រយៈ​ការងារ​ក្នុង​វិស័យ​អប់រំ ការ​បណ្តុះបណ្តាល​កសិកម្ម សុខភាព​សត្វ សុខាភិបាល អាហារូបត្ថម្ភ ជំងឺ​អេដស៍ និង​សិទ្ធិ​កុមារ។ សង្គម​ស៊ីវិល​ទាំង​នេះ បាន​ប្រើប្រាស់​មូលនិធិ​ប្រហែល​ពី ៦០០ ទៅ ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១២ និង​បាន​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ដល់​មនុស្ស​ប្រហែល ៤​ម៉ឺន ៣​ពាន់​នាក់។

របាយការណ៍​ដដែល​បញ្ជាក់​ថា ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ីវិល​ដែល​សម្រប​គម្រោង​របស់​ខ្លួន​ជាមួយ​នឹង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​កម្ពុជា ចំនួន​៣ ដែល​អង្គការ​សង្គម​ស៊ីវិល​បាន​រួម​ចំណែក​សំខាន់​បំផុត គឺ​ការ​លុប​បំបាត់​ភាព​ក្រីក្រ ភាព​អត់​ឃ្លាន​ធ្ងន់ធ្ងរ ការ​ជួយ​សម្រេច​ឲ្យ​បាន​នូវ​សកល​កម្ម​អប់រំ​មូលដ្ឋាន ការ​លើក​កម្ពស់​សមភាព​យេនឌ័រ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី។

ក្រៅ​ពី​អង្គការ​សហប្រជាជាតិ សភា​សហភាព​អឺរ៉ុប កាល​ពី​ពេល​ថ្មីៗ​នេះ​ក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ច្បាប់​ឲ្យ​ស្រប​ទៅ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​របស់​ពលរដ្ឋ ដែល​មាន​ចែង​ក្នុង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​នានា​ដែល​កម្ពុជា ជា​ភាគី។ ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ​សមាគម​វិញ សហភាព​អឺរ៉ុប ដែល​ជា​ដៃគូ​ផ្តល់​ជំនួយ​អភិវឌ្ឍ​ធំ​ជាង​គេ​របស់​កម្ពុជា បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ច្បាប់​នេះ​ចោល​តែ​ម្តង ហើយ​ព្រមាន​ថា កម្ពុជា អាច​បាត់​បង់​លុយ​ប្រមាណ​ពី ៦០០ ទៅ ៧០០​លាន​ដុល្លារ​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ផ្នែក​អភិវឌ្ឍន៍ នៅ​ពេល​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​គេ​អនុម័ត​មែន​នោះ។

ចំណែក​ខាង​គណបក្ស​ប្រឆាំង ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ក៏​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ។ សង្គម​ស៊ីវិល​លើក​ឡើង​ថា សេចក្តី​ព្រាង​ច្បាប់​នេះ រំលោភ​លើ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ច្បាប់​អន្តរជាតិ​នានា ហើយ​បាន​ទទូច​ឲ្យ​ព្រឹទ្ធសភា ពិចារណា​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ច្បាប់​នេះ​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ និង​ឲ្យ​ព្រឹទ្ធសភា​បដិសេធ​ច្បាប់​នេះ​ទាំង​ស្រុង​តែ​ម្តង។

សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា លោក អ៊ុក ប៊ុនឈឿន។ លោក​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ កក្កដា ថា សេចក្តី​ព្រាង​ច្បាប់​ដែល​ត្រូវ​បាន​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា ត្រូវ​បាន​រដ្ឋសភា​បញ្ជូន​ទៅ​កាន់​ព្រឹទ្ធសភា​រួច​ហើយ។ លោក​ថា បច្ចុប្បន្ន​សេចក្តី​ព្រាង​ច្បាប់​នេះ កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យ​របស់​គណៈកម្មការ​ទី​៤ នៃ​ព្រឹទ្ធសភា ជា​មុន​សិន។ លោក អ៊ុក ប៊ុនឈឿន មិន​ទាន់​អាច​កំណត់​បាន​នៅ​ឡើយ​ទេ​ថា តើ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ព្រឹទ្ធសភា​ប្រជុំ​អនុម័ត​នៅ​ពេល​ណា​នោះ។

ទាក់ទង​នឹង​ការ​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ និង​សង្គម​ស៊ីវិល ដែល​ស្នើ​ឲ្យ​ព្រឹទ្ធសភា​បដិសេធ​សេចក្តី​ព្រាង​ច្បាប់​នេះ លោក អ៊ុក ប៊ុនឈឿន ឆ្លើយ​តប​ថា គេ​ត្រូវ​ពិនិត្យ​មើល​វា​ជា​មុន​សិន៖ «ទាល់​តែ​គណៈកម្មការ​ទី​៤ រៀបចំ​ស្រួល​បួល​ធ្វើ​របាយការណ៍​ច្បាស់លាស់ បាន​ខ្ញុំ​ចូលរួម​ប្រជុំ​ជាមួយ ដើម្បី​ដាក់​ជូន​ទៅ​ព្រឹទ្ធសភា​ពេញ​អង្គ។ យើង​នឹង​ធ្វើ​ការ​ពិនិត្យ​ឲ្យ​ជាក់លាក់​ឡើង​វិញ តើ​យើង​សម្រេច​យ៉ាង​ម៉េច​នៅ​ពេល​ដែល​យើង​ពិនិត្យ​រួច​ហើយ ពេល​នេះ​យើង​អត់​ទាន់​បាន​ជួប​គ្នា»

យ៉ាង​ណា​ក៏ដោយ លោក អ៊ុក ប៊ុនឈឿន មាន​ប្រសាសន៍​ថា ព្រឹទ្ធសភា​អាច​មិន​មាន​ការ​រៀបចំ​ឲ្យ​មាន​សិក្ខាសាលា​ពិគ្រោះ​យោបល់​សាធារណៈ​ដូច​នៅ​រដ្ឋសភា​នោះ​ឡើយ។

ចំណែក​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា លោក ហុង សុខហួរ វិញ មាន​ប្រសាសន៍​ថា សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី នឹង​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើយ ប្រសិន​បើ​ច្បាប់​នេះ​មិន​មាន​ការ​កែប្រែ​អ្វី​សោះ​នោះ៖ «យើង​បាន​ជជែក​គ្នា​ដែរ ដោយសារ​យើង​យល់​ថា​ច្បាប់​នេះ គឺ​ជា​ច្បាប់​ដែល​រឹត​ត្បិត​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ជាទូទៅ យើង​បាន​ស្នើ​ថា ឲ្យ​គណៈកម្មការ​ទី​៤ សិក្សា ហើយ​ស្តាប់​យោបល់​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​បាន​ច្រើន ដើម្បី​ជា​គំនិត​នៅ​ក្នុង​ការ​ត្រិះរិះ ពិចារណា ថា​តើ​ព្រឹទ្ធសភា​យើង​គួរ​អនុម័ត​ច្បាប់​នេះ ឬ​ក៏​បញ្ជូន​ទៅ​រដ្ឋសភា​ឲ្យ​សិក្សា​ម្តង​ទៀត»

យ៉ាង​ណា​ក៏ដោយ លោក ហុង សុខហួរ មិន​ទាន់​ដឹង​ថា តើ​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រឆាំង អាច​តស៊ូ​មតិ​បាន​ជោគជ័យ​ប៉ុណ្ណា​នោះ​ទេ ដោយសារ​តែ​សំឡេង​របស់​បក្ស​ប្រឆាំង​នៅ​ព្រឹទ្ធសភា តិច​ជាង​គណបក្ស​ប្រជាជន​កម្ពុជា។

ព្រឹទ្ធសភា​កម្ពុជា មាន​សមាជិក​សរុប ៦១​នាក់ ក្នុង​នោះ ៤៦​រូប ចេញ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង ១១​រូប ចេញ​មក​ពី​គណបក្ស សម រង្ស៊ី តាម​រយៈ​ការ​បោះ​ឆ្នោត​អសកល ២​រូប ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះមហាក្សត្រ ចំណែក ២​រូប​ផ្សេង​ទៀត ត្រូវ​បាន​ជ្រើស​តាំង​ដោយ​រដ្ឋសភា។ ប៉ុន្តែ​ដោយសារ​សំឡេង​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​លើស​ពី​ពីរ​ភាគ​បី​នៃ​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល ដូច្នេះ​វា​មិន​មែន​ជា​ឧបសគ្គ​អ្វី​នោះ​ទេ ប្រសិន​បើ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចេញ​រួច។

យ៉ាង​ណា​ក៏ដោយ គណបក្ស​ប្រឆាំង​នៅ​មាន​ឱកាស​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដើម្បី​បកស្រាយ​ពី​ធម្មនុញ្ញភាព​របស់​សេចក្តី​ព្រាង​ច្បាប់​នេះ បន្ទាប់​ពី​ព្រឹទ្ធសភា​អនុម័ត​រួច ប៉ុន្តែ​ដោយសារ​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទាំង ៩​រូប ភាគ​ច្រើន​ចេញ​មក​ពី​គណបក្ស​កាន់​អំណាច​នោះ គេ​ពុំ​សូវ​មាន​ក្តី​រំពឹង​ថា សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ មិន​អាច​ចេញ​រួច​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​លើក​ឡើង​ហើយ​ថា ពួក​គេ​នឹង​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​នយោបាយ​ណា ដែល​បោះ​ឆ្នោត​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។