សកម្មជន​សិទ្ធិមនុស្ស​និង​ដីធ្លី​៨​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ

0:00 / 0:00

សកម្មជន​សិទ្ធិមនុស្ស​និង​ដីធ្លី​៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ​​នៅ​ថ្ងៃ​ទី​៩ ឧសភា បន្ទាប់​ពី​ពួកគេ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តាំង​ពី​ព្រឹក​​ម៉ោង​ប្រមាណ​៩ ក្នុង​ពេល​ពួកគេ​ចូលរួម​យុទ្ធនាការ​ថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​មន្រ្តី គ.ជ.ប ដែល​កំពុង​ជាប់​ឃុំ។

អ្នក​ទាំង​​៨​​ដែល​​ត្រូវ​បាន​​​ដោះលែង​​នោះ រួម​មាន​នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត លោក អ៊ី សារ៉ុម នាយក​រង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ លោក ថាវ គឹមសាន និង​ពលរដ្ឋ​បុរីកីឡា អ្នកស្រី សរ ស៊ន ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ (LICADHO) ជា​ជន​បរទេស គឺ​កញ្ញា អាណា (Anna) លោក ម៉ាសៀស (Mathias) រួម​នឹង​សកម្មជន​បឹងបក់​៣​នាក់ គឺ​លោកស្រី បូវ សោភា លោកស្រី គង់ ចន្ថា និង​កញ្ញា សុង ស្រីលាភ។

នៅ​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា សមត្ថកិច្ច​រដ្ឋាភិបាល​​ បាន​ឃាត់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ចំនួន​៨នាក់ ហើយ​បាន​សាកសួរ​ពួកគេ​តាំង​ពី​ម៉ោង​ប្រមាណ​៩​ព្រឹក រហូត​ដល់​ម៉ោង​ប្រមាណ​៧​យប់។

សកម្មភាព​ឃាត់​ខ្លួន​នាយករង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ (LICADHO) លោក ថាវ គឹមសាន (រូប​កណ្ដាល​អាវ​ខ្មៅ) នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្នុង​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo/LICADHO
សកម្មភាព​ឃាត់​ខ្លួន​នាយករង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ (LICADHO) លោក ថាវ គឹមសាន (រូប​កណ្ដាល​អាវ​ខ្មៅ) នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្នុង​យុទ្ធនាការ «ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ» នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦។ Photo/LICADHO (Photo/LICADHO)

មន្ត្រី​សិទ្ធិមនុស្ស​ដែល​ចូលរួម​ឃ្លាំមើល​ការ​ទាមទារ​​​នោះ លើក​ឡើង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ធ្លាក់​ដល់​ចំណុច​ធ្ងន់ធ្ងរ។ ទន្ទឹម​គ្នា​នេះ​ពួកគាត់​ថា ទង្វើ​របស់​រដ្ឋាភិបាល​ហាក់​ដូចជា​បារម្ភ​ជ្រុល ហើយ​ថា​ការ​រារាំង​របស់​សមត្ថកិច្ច​រឹត​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​តានតឹង​កាន់​តែ​ខ្លាំង។

ពួកគេ​បញ្ជាក់​ថា បើ​គ្មាន​ការ​រារាំង​ទេ ពលរដ្ឋ​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​ថា​ពលរដ្ឋ​ក៏​មិន​ចង់​ឈរ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​នោះ​ដែរ។

ក្នុង​សកម្មភាព​​ប្រដាប់​ដោយ​ខែលរបស់សមត្ថកិច្ច​រាប់​រយ​នាក់ បាន​ដាក់​កម្លាំង​ចំនួន​៣​គោលដៅ ដើម្បី​រារាំង​មិន​ឲ្យ​យុទ្ធនាការ​នេះ​ហែ​ក្បួន​ទៅ​កាន់​ពន្ធនាគារ​ព្រៃស​បាន​ឡើយ។ ចំណែក​អភិបាល​រងរាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ថ្លែង​ប្រាប់​​អ្នកសារព៍ត៌មាន ថា ការ​ដាក់​កម្លាំង​ការ​ពារ​នេះ ក្នុង​គោល​បំណង​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ ទប់​ស្កាត់​នូវ​ការ​មិន​គោរព​ច្បាប់​របស់​ពួក​អនាធិបតេយ្យ ឬ​ជា​ការ​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​មិន​អាច​ឲ្យ​ជន​ណា​ម្នាក់​ធ្វើ​រដ្ឋប្រហារ ឬ​បដិវត្ត​ពណ៌​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ។

យុទ្ធនាការ​ថ្ងៃ​ច័ន្ទ ពណ៌​ខ្មៅ (Black Monday) ចាប់​ផ្ដើម​ជា​លើក​ដំបូង​នេះ​ធ្វើ​ច័ន្ទ ទី​៩ ឧសភា ក្នុង​បេសកកម្ម​តែ​មួយ​គត់ គឺ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ចំនួន ៤​រូប​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​រូប ដែល​កំពុង​ជាប់​ឃុំ​តាម​បណ្ដឹង​របស់​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

ចំណែក​​តាម​បណ្ដាញ​សង្គម​ហេ្វសប៊ុក (Facebook) ក៏​ឃើញ​មាន​អ្នក​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ តាម​រយៈ​ការ​ផ្សព្វផ្សាយ​សារ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង​នោះ ហើយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្ដួចផ្ដើម​យុទ្ធនាការ​នេះ នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​ដទៃ​ទៀត រួម​ទាំង​សាធារណជន​ទូទៅ​ចូលរួម តាម​រយៈ​ការ​ស្លៀកពាក់​ពណ៌​ខ្មៅ​នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ រហូត​ដល់​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង ៥​នាក់។

សូម​​ស្ដាប់​ព័ត៌មាន​ពិស្ដារ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។