កង​កម្លាំង​ប្រដាប់​អាវុធ​ដង្ហែ​ក្បួន"បុរស​ល្អ"​ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី

0:00 / 0:00

បុរស​ល្អ​ផ្ដល់​តម្លៃ​ឲ្យ​ស្ត្រី គឺ​ជា​ឈ្មោះ​យុទ្ធនាការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី។ ក្នុង​ឆ្នាំ​២០១៥ នេះ ស្ថាប័ន​ពាក់ព័ន្ធ​បាន​រៀប​ចំ​ឡើង​ដោយ​ដើរ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ និង​ចែក​លិខិត​ប័ណ្ណ​នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា។

កងកម្លាំង​ប្រដាប់​អាវុធ គឺ​ជា​ក្រុម​គោលដៅ​នៃ​ការ​ផ្សព្វផ្សាយ​ក្នុង​យុទ្ធនាការ​បុរស​ល្អ ឲ្យ​ចូលរួម​ប្រឆាំង ទប់ស្កាត់ និង​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​នៅ​ឆ្នាំ​២០១៥​នេះ។

ប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវ​ច្បាប់​នៃ​ក្រសួង​កិច្ចការ​នារី អ្នកស្រី កេត ម៉ារឌី មាន​ប្រសាសន៍​នៅ​ក្នុង​យុទ្ធនាការ​នោះ​ថា ការ​ចូល​រួម​ពី​មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ គឺ​ជា​ការ​សម្ដែង​ឲ្យ​ឃើញ​នៅ​ទឹក​ចិត្ត​ឆន្ទៈ​ចូល​រួម​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី។

អ្នកស្រី​បញ្ជាក់​ថា អំពើ​ហិង្សា​គឺ​ភាគ​ច្រើន​បាន​ប្រព្រឹត្ត​ដោយ​បុរស​មក​លើ​ស្ត្រី​ជា​ជន​រង​គ្រោះ៖ «ត្រង់​ហ្នឹង​នេះ​ហើយ បាន​យើង​ចង់​លើក​កម្ពស់​ឲ្យ​បុរស​ចូល​រួម​ឲ្យ​បាន​ច្រើន ពិសេស​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ ដែល​ជា​កម្លាំង​ឈាន​មុខ​ក្នុង​ការ​ទប់ស្កាត់ និង​កាត់​បន្ថយ​អំពើ​ហិង្សា​លើ​ស្ត្រី»

កងកម្លាំង​ខេមរភូមិន្ទ នគរបាល និង​មន្ត្រី​កង​រាជ​អាវុធហត្ថ មន្ត្រី​ក្រសួង​កិច្ចការ​នារី គរុសិស្ស និង​សង្គម​ស៊ីវិល ប្រមាណ ៤០០​នាក់ បាន​រួម​គ្នា​ធ្វើ​យុទ្ធនាការ​បុរស​ល្អ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា។

ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​សន្តិភាព​និង​អភិវឌ្ឍន៍ អ្នកស្រី គឹម ធីតាកល្យាណី បង្ហាញ​ថា យុទ្ធនាការ​បុរស​ល្អ​គឺ​ផ្ដោត​សំខាន់​លើ​ការ​ទប់ស្កាត់​ជា​បឋម​មុន​ពេល​ដែល​អំពើ​ហិង្សា​កើត​ឡើង​លើ​ក្រុម​គោលដៅ​ជា​បុរស​ទូទាំង​ប្រទេស​កម្ពុជា ដែល​មាន​អាយុ​ចាប់​ពី ១៥​ឆ្នាំ ដល់ ៤៩​ឆ្នាំ។

អ្នកស្រី​បន្ត​ថា ក្រុម​កម្លាំង​ប្រដាប់​អាវុធ​គឺ​ជា​ក្រុម​គោលដៅ​សំខាន់​មួយ នៅ​ពេល​ដែល​ពួកគេ​បាន​ចូល​រួម​យុទ្ធនាការ​នេះ និង​យល់​ដឹង​ពី​បញ្ហា​យេនឌ័រ គឺ​ជា​ជំនួយ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ពួកគេ​ក្នុង​ការ​អនុវត្ត​ការងារ៖ «ក្រុម​កម្លាំង​ប្រដាប់​អាវុធ​គឺ​គាត់​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​អំពើ​ហិង្សា​លើ​ស្ត្រី​នៅ​ក្នុង​សហគមន៍»

នាយ​រង​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល អនុសេនីយ៍ទោ សយ ចាន់ ដែល​បាន​ដឹកនាំ​កម្លាំង​ចូលរួម​យុទ្ធនាការ​នេះ ថ្លែង​ដោយ​រីករាយ​ថា មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​កាន់​តែ​យល់​ជ្រាប​ពី​បញ្ហា​នេះ និង​អាច​ចូលរួម​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ហិង្សា​ក្នុង​គ្រួសារ រួម​ទាំង​នៅ​ក្នុង​សង្គម​ជាតិ៖ «មាន​កម្មវិធី​ហ្នឹង​កើត​ឡើង គាត់​អាច​យល់​ច្បាស់​ច្រើន និង​អាច​ជួយ​កាត់​បន្ថយ​អំពើ​ហិង្សា»

របាយការណ៍​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ចំនួន ៤​រួម​គ្នា ចេញ​ផ្សាយ​កាល​ពី​ចុង​ឆ្នាំ​២០១៣ ស្ដីពី​វប្បធម៌​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​បង្ហាញ​ថា មាន​បុរស​កម្ពុជា ម្នាក់ ក្នុង​ចំណោម ៥​នាក់ អាយុ​ចាប់​ពី ១៨​ឆ្នាំ ដល់ ៤៩​ឆ្នាំ បាន​សារភាព​ថា ខ្លួន​មាន​បទពិសោធន៍​ធ្លាប់​រំលោភ​សេពសន្ថវៈ។ ផ្អែក​លើ​ការ​ស្រាវជ្រាវ​នេះ អ្នក​ជំនាញ​យល់​ថា បុរស​ដែល​មាន​តួនាទី​ជា​អ្នក​តាក់តែង​ច្បាប់ នគរបាល កងយោធពលខេមរភូមិន្ទ និង​កងរាជអាវុធហត្ថ​ជា​ដើម មាន​សក្ដានុពល​យ៉ាង​សំខាន់​ក្នុង​ការ​ចូល​រួម​កាត់​បន្ថយ​អត្រា​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។