មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សុំទៅអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ឲ្យត្រួតពិនិត្យ និងអន្តរាគមន៍ ជំរុញឲ្យអាជ្ញាធរថៃ គោរពច្បាប់អន្តរជាតិ ដែលតម្រូវឲ្យជួយការពារជនស៊ីវិលជាអន្តោប្រវេសន៍។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរកឃើញថា ទាហាន និងតម្រួតថៃ បានបាញ់សម្លាប់ជនស៊ីវិលខ្មែរជាង ៦០នាក់ហើយ គិតពីឆ្នាំ២០១១-២០១២ និងដើមឆ្នាំ២០១៣។ មជ្ឈមណ្ឌលនេះសុំឲ្យនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ (Yingluck Shinawatra) ពិនិត្យ និងអន្តរាគមន៍ ហើយសុំឲ្យស៊ើបអង្កេតករណីកើតឡើងនោះ។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ថ្លែងនៅព្រឹកថ្ងៃទី២៦ ខែមេសា ថា អាជ្ញាធរថៃ តែងតែចោទថាជនស៊ីវិលខ្មែរដែលគេបាញ់សម្លាប់នោះ បានឆ្លងដែនទៅកាប់ឈើគ្រញូង ឬទៅរកការងារធ្វើខុសច្បាប់ជាដើម។ លោកបន្តថា ប្រទេសថៃ គឺជាភាគីមួយនៃកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលថៃ បានយល់ព្រមកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៩៦។
លោក អ៊ូ វីរៈ៖ «តិចបំផុត ៦០នាក់ជាង វាអាចឡើងដល់ជិត ១០០នាក់ ដែលត្រូវស្លាប់ហើយ។ ដល់អីចឹង បើទោះបីមានការយ៉ាងម៉េចក៏ដោយ បើមានការបាញ់សម្លាប់មនុស្សម្នាក់ ពីរនាក់ហ្នឹង ត្រូវតែយល់ហេតុផល ហើយបើសិនជាដល់ថ្នាក់មានព្រឹត្តិការណ៍កើតមានខុសៗគ្នាច្រើនដងបែបនេះ ហើយរហូតមកដល់ពេលបច្ចុប្បន្ន ហាក់ដូចជាគ្មានផែនការក្នុងការស៊ើបអង្កេត ឆ្លុះបញ្ចាំងពីការខ្វះឆន្ទៈរបស់រដ្ឋាភិបាលថៃ ក្នុងកិច្ចការពារប្រជាពលរដ្ឋខុសច្បាប់នៃប្រទេសកម្ពុជា»។
សាក្សីរស់ដែលមានក្រុមគ្រួសារ បានរងគ្រោះក្រោយតម្រួតថៃ បាញ់សម្លាប់ជនស៊ីវិលកម្ពុជា នោះ លោកស្រី ចាន់ សាន អាយុ ៥២ឆ្នាំ រស់នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ថ្លែងថា កូនប្រុសគាត់ឈ្មោះ ធី សារួន អាយុ ២៥ឆ្នាំ ត្រូវទាហានថៃ បាញ់ និងចាប់ដាក់គុកថៃ តាំងពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ មិនទាន់ចេញពីគុកនៅឡើយ ដោយភាគីថៃ ចោទថា កូនគាត់បានចូលទៅរកកាប់ឈើគ្រញូង។
ស្ត្រីដដែលអះអាងបន្តថា ក្រុមឆ្លងដែនទៅប្រទេសថៃ ជាមួយកូនគាត់មាន ៤នាក់ ក្នុងនោះទាហានថៃ បាញ់សម្លាប់បុរសម្នាក់ឈ្មោះ ឃីម អាយុ ៤០ឆ្នាំ បណ្ដាលឲ្យស្ត្រីជាភរិយាទទួលបន្ទុកចិញ្ចឹមកូន ៤នាក់។ ក្រោយមក ស្ត្រីនោះបានសុំឲ្យខ្មែរនៅថៃ ជួយចិញ្ចឹមកូនស្រី ២នាក់។ កូនស្រីមួយទើបអាយុជាង ២ឆ្នាំ និងកូនស្រីមួយទៀតអាយុជិត ១ឆ្នាំ។ បច្ចុប្បន្ន ស្ត្រីមេម៉ាយនោះនៅសល់កូន ២នាក់ ឲ្យនៅជាមួយគេ ហើយស្ត្រីរូបនោះបានដើររសាត់អណ្ដែតទៅតំបន់ផ្សេងៗ ដោយសារតែបាត់បង់ប្ដីដែលជាអ្នកជំហរចិញ្ចឹមគ្រួសារក្រីក្រមួយនេះ៖ «កូនខ្ញុំនៅគុកប្រទេសថៃ គេហៅគុកហ្នឹង ហៅណងរ៉ង សុវណ្ណមុនី្នរ៉ាំ»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងថា អ្នកអនុវត្តន៍ច្បាប់របស់ប្រទេសថៃ ឬគណៈកម្មការជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់ប្រទេសថៃ មិនបានបង្ហាញភស្តុតាងណាមួយ ឬក៏ចាត់វិធានការស៊ើបអង្កេតនូវអំពើឃាតកម្ម និងការប៉ុនប៉ងមនុស្សឃាតមកលើជនស៊ីវិលខ្មែរនោះនៅឡើយ។ លោកបន្តថា ភាពអសកម្មនេះជាការរំលោភបំពានលើភារកិច្ចស៊ើបអង្កេតករណីរំលោភសិទ្ធិមនុស្ស ដែលមជ្ឈមណ្ឌលនេះសង្ឃឹមថានាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ នឹងសហការល្អជាមួយកម្ពុជា។
វិទ្យុអាស៊ីសេរី មិនអាចទំនាក់ទំនងអ្នកនាំពាក្យស្ថានទូតថៃ ប្រចាំកម្ពុជា ដើម្បីជម្រាបសួរព័ត៌មាននេះបានភ្លាមៗទេ នៅថ្ងៃសុក្រ ទី២៦ ខែមេសា។
លោក អ៊ូ វីរៈ ឲ្យដឹងថា លិខិត និងរបាយការណ៍សុំឲ្យថៃ ស៊ើបអង្កេតទាហានថៃ បាញ់សម្លាប់ជនស៊ីវិលកម្ពុជា នេះ ក៏បានបញ្ជូនទៅអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សដែរ ដើម្បីសុំអង្គការសហប្រជាជាតិជំរុញឲ្យអាជ្ញាធរថៃ គោរពច្បាប់អន្តរជាតិដែលតម្រូវឲ្យជួយការពារជនស៊ីវិលជាអន្តោប្រវេសន៍។ លោកបន្តថា មជ្ឈមណ្ឌលនេះបានផ្ញើលិខិតចំនួន ២លើក ជូនទៅរាជរដ្ឋាភិបាលថៃ សុំឲ្យស៊ើបអង្កេតករណីទាហានថៃ បាញ់សម្លាប់ជនស៊ីវិលកម្ពុជា។ លិខិតផ្ញើលើកមុនអំពីទាហានថៃ បាញ់សម្លាប់ និងដុតសពកុមារាអាយុ ១៦ឆ្នាំ ដែលអាជ្ញាធរថៃ បានចោទថា កុមារានោះចូលទឹកដីគេខុសច្បាប់ ប៉ុន្តែគឺអតីតនាយករដ្ឋមន្ត្រី អាភីស៊ិត វេចាជីវ៉ា (Abhisit Vejjajiva) មិនបានឆ្លើយតប។ លោកសង្ឃឹមថា លិខិតលើកនេះ អាចនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ នឹងឆ្លើយតប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។