មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៣ វិច្ឆិកា សាទរចំពោះសាលាដំបូងខេត្តកំពង់ឆ្នាំង បានផ្ដន្ទាទោសមនុស្ស ៦នាក់ ទាក់ទងនឹងករណីសម្លាប់អ្នកកាសែតមាគ៌ាកម្ពុជា ឈ្មោះ សួន ចាន់។
លោក ប៉ា ងួនទៀង មានប្រសាសន៍ថា ការកាត់ទោសអ្នកសម្លាប់អ្នកកាសែតនេះ ហាក់បង្ហាញពីការរីកចម្រើន ប៉ុន្តែយើងត្រូវមើលករណីនេះ និងករណីដទៃទៀត ដើម្បីធានាថា ជនល្មើសពិតត្រូវបានទទួលទោស មិនមែនអ្នកដែលត្រូវបានគេទម្លាក់កំហុសនោះទេ។
សាលាដំបូងខេត្តកំពង់ឆ្នាំង បានប្រកាសសាលក្រមកាលពីថ្ងៃទី១១ វិច្ឆិកា ផ្ដន្ទាទោសមនុស្ស ៦នាក់ ពីបទមនុស្សឃាត ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ ១៣ឆ្នាំ និងសងជំងឺចិត្តដល់ជនរងគ្រោះក្នុងម្នាក់ៗចំនួន ៥លានរៀល។ ជនសង្ស័យទាំង ៦នាក់ ដែលតុលាការផ្ដន្ទាទោសនេះ គឺមានតែម្នាក់ប៉ុណ្ណោះ ដែលតុលាការចាប់ខ្លួនបាន រីឯ ៥នាក់ផ្សេងទៀត កំពុងគេចខ្លួន។
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាត់ទុកករណីតុលាការកាត់ទោសជនសង្ស័យសម្លាប់អ្នកកាសែតនៅខេត្តកំពង់ឆ្នាំង នេះ ជាករណីលើកទី១ហើយគិតចាប់ពីឆ្នាំ១៩៩៣ មក ដែលអ្នកកាសែតចំនួន ១២នាក់ហើយត្រូវបានឃាតកសម្លាប់នោះ។
មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អំពាវនាវឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតឡើងវិញ ចំពោះករណីសម្លាប់អ្នកកាសែតទាំងអស់ឲ្យបានហ្មត់ចត់ រួមទាំងករណីសម្លាប់អ្នកកាសែតនៅខេត្តក្រចេះ លោក តាំង ទ្រី ផង ដើម្បីធានាថា អ្នកដែលពាក់ព័ន្ធក្នុងការសម្លាប់អ្នកកាសែតត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។