លេខទូរស័ព្ទ១២៨០ នេះ ត្រូវបានក្រសួងទូរគមនាគមន៍ សហការបើកឲ្យអង្គការនោះប្រើដើម្បីជួយរួមចំណែកអប់រំយុវវ័យ និងកុមារ ដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តនានា ដូចជាបង្ការកុំឲ្យកុមារ និងយុវវ័យគិតខ្លីនូវបញ្ហាអ្វីមួយដែលដោះស្រាយមិនទាន់ចេញ ឬចង់បោះបង់ចោលការសិក្សា រងនូវអំពើហិង្សាពីគ្រួសារ ឬស្ថាប័នណាមួយឲ្យគេហ៊ាននិយាយការពិតទៅមន្ត្រីអង្គការនោះ ហើយស្ថាប័ននេះនឹងជួយលាក់ការណ៍ដោយមិនបញ្ចេញព័ត៌មានទៅខាងក្រៅនោះ និងជួយរកដំណោះស្រាយ។
អង្គការបណ្ដាញទូរស័ព្ទជំនួយកុមារកម្ពុជា ហៅជាភាសាអង់គ្លេសថា ឆាល ហៀបឡាញ (Child Helpline) នឹងបង្កើនការអប់រំផ្លូវចិត្តកុមារ និងយុវវ័យចំនួន ២៤ម៉ោង ក្នុង១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣ តទៅ។
នាយកប្រតិបត្តិអង្គការបណ្ដាញទូរស័ព្ទជំនួយកុមារកម្ពុជា លោក សៀន សុផៃ អះអាងនៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ថា អង្គការនេះមានគោលដៅលើកកម្ពស់សិទ្ធិកុមារ និងបង្កើតឱកាសសម្រាប់ការពារកុមារ និងយុវវ័យ តាមរយៈការផ្តល់សេវាពិគ្រោះយោបល់ជាមួយអ្នកជំនាញច្បាស់លាស់ តាមរយៈទូរស័ព្ទ១២៨០ ដែលក្រុមហ៊ុនទូរស័ព្ទក្នុងស្រុកទាំង១០ សហការបើកលេខ១២៨០ នេះ មិនគិតកម្រៃ ក្រោមជំនួយអន្តរាគមន៍ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឲ្យមានសេវាព័ត៌មានជាក់លាក់ និងសេវាបញ្ជូនបន្ត និងតាមដានដែលសមស្របទៅកាន់ស្ថាប័ន អង្គការដៃគូនានា។ លោកថា អង្គការនេះនឹងពិគ្រោះយោបល់តាមទូរស័ព្ទ១២៨០ ជាសេវាផ្តល់ព័ត៌មានសម្រាប់កុមារ និងយុវវ័យ រហូតដល់អាយុ ២៥ឆ្នាំ ឲ្យពិភាក្សាជាមួយបុគ្គលិកអង្គការនោះ នៅគ្រាដែលកុមារ និងយុវវ័យមានបញ្ហាវិបត្តិនានាលាក់ទុកក្នុងចិត្ត ព្រោះគ្មានអ្នកពិគ្រោះយោបល់ ដែលនាំឲ្យកុមារ និងយុវវ័យ ហ៊ានប្រព្រឹត្តនូវអំពើមិនគប្បីណាមួយ។
លោក សៀន សុផៃ៖ «អារម្មណ៍មិនល្អ ធ្វើឲ្យខ្ញុំចង់សម្លាប់ខ្លួនអីចឹង។ អីចឹងបើខល (call) មកហៀបឡាញ (Help Line) លេខ១២៨០ គឺថាបុគ្គលិកផ្នែកខាងហៀបឡាញ ហ្នឹង គាត់ជួយគាំទ្រផ្លូវចិត្ត ធ្វើឲ្យគាត់យ៉ាងម៉េចឲ្យគាត់មានអារម្មណ៍ល្អប្រសើរឡើងវិញ កុំឲ្យចង់សម្លាប់ខ្លួនអីចឹង។ ប៉ុន្តែ បើករណីផ្សេង ឧទាហរណ៍ ថាគាត់ត្រូវគេប៉ុនប៉ងរំលោភ ហើយគាត់ខល មក១២៨០ ហ្នឹង ដោយសារថាខល ទៅ ហតឡាញ (Hot line) គាត់ចាំបាច់ត្រូវមានលុយក្នុងទូរស័ព្ទ ដល់ខល មក១២៨០ ហ្នឹង គឺអត់ចាំបាច់មានលុយទេ។ ខល ចូលបាន អីចឹងគាត់ថាត្រូវការអន្តរាគមន៍ គាត់ចង់ឲ្យខាងអ៊ិនជីអូ (NGO) អ្នកអន្តរាគមន៍ ឬក៏ឲ្យប៉ូលិសអន្តរាគមន៍ អីចឹងខាងហៀបឡាញ ហ្នឹង គាត់ទាក់ទងទៅខាងអង្គការដៃគូ ឬក៏ប៉ូលិស ដើម្បីរាយការណ៍ពីរឿងហ្នឹង ហើយប្រាប់ភិនភាគថាអ្នកហ្នឹងនៅទីណាអីចឹង ដើម្បីចុះទៅអន្តរាគមន៍»។
លោកថា អង្គការនេះបានចាប់ដំណើរការពិគ្រោះយោបល់ដើម្បីគាំទ្រផ្លូវចិត្តកុមារ និងយុវជន តាំងពីខែសីហា ឆ្នាំ២០១០ ដោយទទួលបានការហៅចូលពីកុមារ និងយុវវ័យ ក្នុង ១ខែ ចន្លោះពី ១ម៉ឺន ទៅ ១ម៉ឺន ២ពាន់នាក់។ ការសាកល្បងដំបូង អង្គការនេះទទួលពិគ្រោះយោបល់មានកំណត់ គឺតែ ៧ថ្ងៃក្នុង១សប្តាហ៍ និងចាប់ពីម៉ោង ៧ព្រឹក រហូតដល់ម៉ោង៨ និង ៣០នាទីយប់ប៉ុណ្ណោះ។ ប៉ុន្តែដោយសារកុមារ និងយុវវ័យជាច្រើន បានទំនាក់ទំនងដើម្បីពិគ្រោះយោបល់ អង្គការនេះបានបង្កើនម៉ោងពិគ្រោះយោបល់រហូតដល់ ២៤ម៉ោង ក្នុង១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣ តទៅ។
យុវជន ស្រៀង ជេដ្ឋា អាយុ ២២ឆ្នាំ រស់នៅភ្នំពេញ បានឲ្យដឹងថា គាត់មិនដែលបានឮបណ្ដាញលេខទូរស័ព្ទ១២៨០ នេះផ្សព្វផ្សាយដល់ពួកគេទេ។ នៅពេលមានបញ្ហាកង្វល់អ្វី គាត់ពិគ្រោះជាមួយមិត្តភ័ក្ដិ។
យុវតី លីលី អាយុ ២១ឆ្នាំ ជាបុគ្គលិកទីផ្សារក្រុមហ៊ុនគ្រឿងអលង្ការនៅភ្នំពេញ ថ្លែងដូចគ្នាថា ក្រុមគាត់ជាយុវជន និងយុវនារីច្រើននាក់មិនដែលបានទទួលព័ត៌មានពិគ្រោះយោបល់គាំទ្រផ្លូវចិត្ត តាមរយៈទូរស័ព្ទលេខ១២៨០ នេះឡើយ៖ «អត់ដែលទទួលព័ត៌មានពីរឿងនេះផង»។
បុគ្គលិកអង្គការបណ្ដាញទូរស័ព្ទជំនួយកុមារកម្ពុជា លោក ទិត្យ ប៊ុណ្ណា ថ្លែងថា អង្គការនេះបានផ្សព្វផ្សាយនូវលេខទូរស័ព្ទ១២៨០ តាមសាលារៀនឲ្យកុមារ និងយុវជន អាចទំនាក់ទំនង ដើម្បីជួយកុមារ និងយុវវ័យនៅកម្ពុជា ពេលធំដឹងក្តីឡើង ចេះគេចរួចពីអំពើហិង្សា អំពើរំលោភបំពានសិទ្ធិ និងផ្លូវភេទ អំពើកេងប្រវ័ញ្ចកម្លាំងពលកម្ម និងបានស្គាល់អំពីសិទ្ធិ និងសក្ដានុពលរបស់ខ្លួនគេពេញលេញ។
លោក សៀន សុផៃ នាយកប្រតិបត្តិអង្គការបណ្ដាញទូរស័ព្ទជំនួយកុមារកម្ពុជា ថ្លែងថា ការពិគ្រោះយោបល់តាមទូរស័ព្ទលេខ១២៨០ នេះ មិនមានឲ្យផ្សាយតាមវិទ្យុ ឬទូរទស្សន៍ទេ ជាការពិភាក្សាឯកជន និងលាក់ការណ៍។ ក្រោយការពិភាក្សា បុគ្គលិកទាំងអស់មិនអាចទាក់ទងកុមារ និងយុវវ័យហៅចូលមកនោះក្រៅម៉ោងធ្វើការទេ ព្រោះមានអ្នកចាំត្រួតពិនិត្យបុគ្គលិកទាំងនោះដោយម៉ត់ចត់ បង្ការ និងការពារសិទ្ធិអ្នកហៅចូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។