អធិការស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រងការចោទថា បានចាប់រំលោភសិស្សសាលាវ័យ ១៩ឆ្នាំ ហើយប្រើអាវុធគំរាមសម្លាប់សិស្សរូបនោះ និងក្រុមគ្រួសារ។ ប៉ុន្តែអធិការស្រុកបដិសេធថា លោកមិនបានប្រើអាវុធគំរាមចាប់រំលោភនោះទេ តែវាជាករណីត្រូវរ៉ូវគ្នា។
ក្រុមគ្រួសារ និងនារីម្នាក់រស់នៅឃុំកោះថ្កូវ ស្រុកជលគីរី និងជាសិស្សរៀនថ្នាក់ទី១២ នៅវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងរកអន្តរាគមន៍លើករណីចាប់រំលោភនេះពីនគរបាលយុត្តិធម៌ និងអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល។ ក្រុមគ្រួសារ និងនារីដែលអះអាងថា ជាជនរងគ្រោះ បានទាមទារឲ្យមន្ត្រីថ្នាក់លើដកតំណែងលោកអធិការ និងចាត់វិធានការទៅតាមផ្លូវច្បាប់។
កញ្ញា យន បុប្ផា (ឈ្មោះអ្នកនិពន្ធដាក់ឲ្យ) បានរៀបរាប់ទាំងអួលដើមកថា លោកអធិការស្រុកកំពង់ត្រឡាច ឈ្មោះ ហ៊ុល វាសនា បានយកកាំភ្លើងខ្លីគំរាម និងប៉ុនប៉ងចាប់រំលោភនាងចំនួន ២ដងនៅថ្ងៃខុសៗគ្នា ប៉ុន្តែក្រោយមកទៀតនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ វេលាម៉ោង ១២ថ្ងៃត្រង់ លោក ហ៊ុល វាសនា ចាប់រំលោភនាងបានសម្រេចនៅក្នុងបន្ទប់ នាអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច។
កញ្ញាថា ពេលនោះលោក ហ៊ុល វាសនា បានទះកំផ្លៀង និងយកកាំភ្លើងវាយនាងពកក្បាល ហើយគំរាមសម្លាប់ទាំងគ្រួសារទៀតផង បើទម្លាយរឿងនេះប្រាប់គេ៖ «នៅម៉ោង ១២ គាត់ទូរស័ព្ទសួរខ្ញុំថា ចេញពីរៀននៅ? ខ្ញុំថា ចេញហើយ ខ្ញុំកំពុងរៀបចំអីវ៉ាន់ និងទឹកដោះគោជូនយាយនៅស្រុក ព្រោះយាយឈឺ។ គាត់ឲ្យខ្ញុំមកយកម៉ូតូគាត់ជិះ ខ្ញុំក៏ជិះម៉ូតូឌុបទៅយក ហើយគាត់ឲ្យខ្ញុំដើរទៅយកទូរស័ព្ទនៅក្នុងបន្ទប់ គាត់ថាទូរស័ព្ទលាក់នៅក្រោមកន្ទេល ខ្ញុំរកអត់ឃើញ។ ដល់រយៈពេលប្រហែលជា ៥នាទី គាត់ក៏មកបិទទ្វារអត់ឲ្យខ្ញុំចេញ ហើយក៏គាត់ធ្វើជាសកម្មភាពគំរាមកំហែងខ្ញុំ»។
កញ្ញារំលឹកថា លោក ហ៊ុល វាសនា បានស្គាល់កញ្ញាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក (facebook) ចាប់តាំងពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ នៅពេលដែលកញ្ញាថតរូបខ្លួនឯងក្នុងសកម្មភាពចូលរួមទិវាប្រឆាំងគ្រឿងញៀន នៅស្រុកកំពង់ត្រឡាច។ ក្រោយមកលោក ហ៊ុល វាសនា បានចាប់ឆ្លើយឆ្លងតាមហ្វេសប៊ុក សុំរាប់អានកញ្ញាជាក្មួយស្រី និងរាប់អានម្ដាយរបស់កញ្ញាចាត់ទុកដូចជាម្ដាយធម៌។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អធិការស្រុកកំពង់ត្រឡាច លោក ហ៊ុល វាសនា បញ្ជាក់ថា លោក និងនារីម្នាក់នេះមានសម្ពន្ធភាពស្នេហាស្រឡាញ់គ្នាដូចប្ដីប្រពន្ធ។ លោកថា សុខចិត្តទទួលខុសត្រូវលើរឿងរ៉ាវស្នេហា តែលោកសុំឲ្យមន្ត្រីថ្នាក់លើស៊ើបអង្កេតរឿងដែលចោទលោកថា បានបង្ខំចាប់រំលោភនោះ៖ «ខ្ញុំមានទៅចាប់នាងមកណា! គាត់មកកន្លែងខ្ញុំហូបបាយ នៅអីជាមួយគ្នាដល់ពេលយប់ឡើងនាងទៅផ្ទះ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វុឌ្ឍី ជុំវិញចំណាត់យ៉ាងណាលើករណីនេះទេនៅថ្ងៃទី២១ ខែកក្កដា។ ប៉ុន្តែលោកបានប្រាប់សារព័ត៌មានក្នុងស្រុកថា លោកបានទទួលពាក្យបណ្ដឹងពីនារីរងគ្រោះ ហើយលោកក៏រាយការណ៍ករណីនេះទៅអគ្គស្នងការនគរបាលជាតិរួចហើយដែរ។
ទាក់ទងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែងថា ជនរងគ្រោះបានចូលមកប្ដឹងសមាគមអាដហុក និងបានស្នើសុំមេធាវី។ លោកបានយល់ព្រមផ្ដល់មេធាវីក្នុងករណីនេះមានការតតាំងតាមផ្លូវតុលាការ ហើយលោកក៏នឹងចុះប្រមូលព័ត៌មានក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។