ការប្រកាសអនុញ្ញាតឲ្យវិទ្យុ អេហ្វ.អឹម ក្នុងស្រុក អាចធ្វើការចាក់ផ្សាយបន្តពីវិទ្យុបរទេសជាខេមរភាសាឡើងវិញបាននេះ គឺធ្វើឡើងដោយក្រសួងព័ត៌មាន តាមរយៈស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក) កាលពីរាត្រីថ្ងៃសៅរ៍ ទី២៩ មិថុនា។
មន្ត្រីសង្គមស៊ីវិលបានស្វាគមន៍និងអបអរចំពោះការសម្រេចប្ដូរចិត្តរបស់ក្រសួងព័ត៌មាន។ មន្ត្រីទាំងនោះអះអាងថា ជំហរថ្មីរបស់រដ្ឋាភិបាលកម្ពុជានេះ វាផ្ដល់ផលចំណេញច្រើនជាងការខាតបង់។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី២៩ មិថុនា ថា ការផ្លាស់ប្ដូរជំហរនេះ គឺជាសញ្ញាវិជ្ជមានមួយដ៏ល្អនៃសង្គមប្រជាធិបតេយ្យ៖ «ជារឿងមួយដ៏ល្អ ហើយខ្ញុំស្វាគមន៍ដែលក្រសួងបានផ្លាស់ប្ដូរ។ យើងសង្ឃឹមថា ប្រជាពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយក្នុងការសម្រេចចិត្តពិចារណាក្នុងការបោះឆ្នោតខាងមុខនេះ។ ការចូលរួមតាមរយៈព័ត៌មានរបស់វិទ្យុអាស៊ីសេរី និង វីអូអេ គឺមានរឿងសំខាន់សម្រាប់ដំណើរការប្រជាធិបតេយ្យកាន់តែរឹងមាំ។ ការបើកចំហនេះ គឺជារឿងល្អ ហើយសូមអំពាវនាវគណបក្សទាំងអស់មានសេចក្ដីថ្លៃថ្នូរក្នុងការប្រកួតប្រជែង ដើម្បីទុកឲ្យប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យ...»។
បន្ទាប់ពីមានការប្រកាសផ្អាកកម្មវិធីផ្សាយបន្តជាភាសាខ្មែររបស់វិទ្យុអន្តរជាតិទាំងនោះបានមួយថ្ងៃមក អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ស្ថានទូតសហរដ្ឋអាមេរិក គណបក្សនយោបាយ ប្រជាពលរដ្ឋ និស្សិតបញ្ញវន្ត ទាំងនៅក្នុងស្រុក និងក្រៅប្រទេសបានប្រតិកម្មយ៉ាងខ្លាំង ហើយរិះគន់ទង្វើរបស់ក្រសួងព័ត៌មានថា ជាការដើរបញ្ច្រាសទិស ប្រជាធិបតេយ្យ និងផ្ទុយពីរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់បោះឆ្នោត ជាពិសេសផ្ទុយនឹងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងឱកាសប្រកួតប្រជែងការបោះឆ្នោតសកលនៅខែកក្កដា ខាងមុខ។
នៅទន្ទឹមនឹងការអបអរសាទរនេះ អ្នកវិភាគសង្គមឯករាជ្យ លោក កែម ឡី បានមានប្រសាសន៍ថា ប្រការដែលរដ្ឋាភិបាលប្ដូរជំហរឆាប់រហ័សនេះ គឺជាទង្វើល្អ។ លោកថា ការរឹតបន្តឹងសិទ្ធិសេរីភាពសារព័ត៌មាន អ្នកដែលខាតបង់ច្រើនជាងគេ គឺរដ្ឋាភិបាលប៉ុណ្ណោះ៖ «ខ្ញុំកំពុងសប្បាយចិត្តមែនទែន។ និយាយរួម បើរដ្ឋាភិបាលមានភាពបត់បែន ភាពទន់ភ្លន់បែបនេះ គឺអាចជួយស្រុកយើងបានច្រើន។ មួយទៀត ប្រសិនបើរដ្ឋាភិបាលមានភាពទន់ភ្លន់បន្ថែមទៀត ឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យដែលជាមូលដ្ឋានគ្រឹះ ខ្ញុំគិតថា រដ្ឋាភិបាលអាចឈរជើងហ្នឹងបន្តទៀតបានក្នុងអាណត្តិក្រោយៗទៀត។ ការបិទនេះ គឺខាត អ្នកដែលខាតជាងគេ គឺរដ្ឋាភិបាល ពីព្រោះការធ្វើសេចក្ដីសម្រេចចិត្តត្រូវការព័ត៌មានគ្រប់ជ្រុងជ្រោយ…»។
ចំណែកឯពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ រស់នៅក្នុងរដ្ឋ វឺជីនៀ (Virginia) អ្នកស្រី ម៉ារី ជា បានប្រតិកម្មថា រដ្ឋាភិបាលមិនគួរធ្វើតាមតែការនឹកឃើញ ពីព្រោះប្រជាពលរដ្ឋខ្មែរសព្វថ្ងៃមានការយល់ដឹងច្រើនពីសិទ្ធិរបស់ខ្លួន៖ «ចង់បិទចង់បើកស្រេចលើបបូរមាត់គេ ដូចនេះគ្មានច្បាប់គ្មានទម្លាប់ទេ។ គេចង់គំរាមកំហែង គេមិនខ្វល់ពីសហរដ្ឋអាមេរិក ពីអ្នកនៅខាងក្រៅ។ តែជាគំនិតខ្ញុំផ្ទាល់ ប្រហែលជាភ័យខ្លាចហើយ ព្រោះដំណាក់កាលចុងក្រោយហើយ ខ្លួនឯងធ្វើអ្វី ពលរដ្ឋហ៊ានតវ៉ាទាមទារសិទ្ធិសេរីភាព…»។
ក្រៅតែមានសេចក្ដីថ្លែងការណ៍នានារបស់សង្គមស៊ីវិល និងស្ថានទូតសហរដ្ឋអាមេរិក ថ្កោលទោសទង្វើក្រសួងព័ត៌មាន ក្រុមបណ្ដាញសង្គមហ្វេកប៊ុក (Facebook) បានបញ្ចេញទស្សនៈរិះគន់ខ្លាំងៗផងដែរទៅលើចំណាត់ការបច្ចុប្បន្នរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។