Freedom House ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ទី​៤៨​សម្រាប់​សេរីភាព​ប្រព័ន្ធ​អ៊ីនធឺណិត

0:00 / 0:00

អង្គការ ហ្វ្រីដឹម ហៅស៍ (Freedom House) បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា សម្រាប់​សេរីភាព​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ឆ្នាំ​នេះ ទាប​ជាង​ឆ្នាំ​២០១៤។ មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ចំណាត់​ថ្នាក់​នេះ​ថា មិន​ឆ្លើយ​តប​សភាពការណ៍​ជាក់​ស្ដែង​ដែល​មិន​អាច​ទទួល​យក​បាន។

អង្គការ ហ្វ្រីដឹម ហៅស៍ ផ្ដល់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ទី​៤៨ សម្រាប់​សេរីភាព​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត។

អង្គការ ហ្វ្រីដឹម ហៅស៍ កត់សម្គាល់​ការវិវឌ្ឍន៍​ជា​គន្លឹះ ៤​ចំណុច ដែល​អាច​ជា​កត្តា​គំរាមកំហែង​ដល់​សេរីភាព​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ចន្លោះ​ឆ្នាំ​២០១៤ ដល់ ២០១៥។ កត្តា​ទាំង​នោះ គឺ​សេចក្ដី​ស្នើ​ច្បាប់​ការ​បង្កើត​យន្តការ​សម្រាប់​ដាក់​កំហិត ចាប់​កំហុស​បរិហារកេរ្តិ៍ និង​ច្រោះ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ អង្គការ ហ្វ្រីដឹម ហៅស៍ ចាត់​ទុក​កត្តា​ទាំង​នេះ​ថា ជា​ការ​គំរាមកំហែង​ភាព​ឯកជន និង​ភាព​អនាមិក ការ​ឈ្លប ឬ​លួច​យក​ព័ត៌មាន។

ឆ្លើយ​តប​របាយការណ៍ និង​ចំណាត់​ថ្នាក់​របស់​អង្គការ ហ្វ្រីដឹម ហៅស៍ មន្ត្រី​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា អង្គការ​នេះ​បាន​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា បែប​នេះ ​មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ទេ៖ «ខ្ញុំ​យល់​ថា របាយការណ៍​របស់ ហ្វ្រីដឹម ហៅស៍ គ្រាន់​តែ​ជា​របាយការណ៍​ព្រៃ​មួយ ដែល​អត់​បញ្ជាក់​ច្បាស់​អំពី​មូលដ្ឋាន​ពិត​ប្រាកដ ដែល​វាយ​តម្លៃ​ថា ការ​ប្រើប្រាស់​អ៊ីនធឺណិត​ធ្លាក់​ចុះ គឺ​ខុស​ធំ​ហើយ។ យើង​អត់​ទទួល​យក​បាន​ទេ»

ដោយ​ឡែក​មន្ត្រី​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ធ្វើ​ការ​ផ្នែក​សេរីភាព​អ៊ីនធឺណិត លោក សូ សោទ្ធី មាន​ប្រសាសន៍​ដោយ​មាន​ជំនឿ​ចំពោះ​ថ្នាក់​នេះ​ថា អង្គការ​បាន​ធ្វើ​ឡើង​ផ្អែក​លើ​មូលដ្ឋាន​ស្ថានភាព​ជាក់ស្ដែង​បច្ចុប្បន្ន ជា​ពិសេស ការ​សិក្សា​របស់​លោក​រក​ឃើញ​ថា អ្នក​ប្រើប្រាស់​អ៊ីនធឺណិត មាន​ទាំង​សេរីភាព និង​ការ​ភ័យ​ខ្លាច៖ «ការ​ភ័យ​ខ្លាច​បញ្ចេញ​មតិ​លើ​ប្រធានបទ»

អង្គការ ហ្វ្រីដឹម ហៅស៍ ចាត់​ថ្នាក់​សេរីភាព​អ៊ីនធឺណិត ប្រទេស​កម្ពុជា​នៅ​ទី​៤៨ នៅ​ឆ្នាំ​២០១៥ គឺ​ស្ថិត​ក្នុង​ចន្លោះ​ពាក់​កណ្ដាល​នៃ​ឋាន​ពី​លេខ ០ ដល់​លេខ ១០០។ ចំណាត់​ថ្នាក់​លេខ ០ មាន​ន័យ​ថា មាន​សេរីភាព​បំផុត និង​លេខ ១០០ មាន​សេរីភាព​តិច​បំផុត ឬ​ការ​រឹតត្បិត​ខ្លាំង។ លេខ ៤៨ គឺ​អង្គការ ហ្វ្រីដឹម ហៅស៍ ចាត់​ទុក​ថា ប្រទេស​កម្ពុជា មាន​សេរីភាព​ខ្លះ។ ក៏​ប៉ុន្តែ អង្គការ​នេះ​ទម្លាក់​ប្រទេស​កម្ពុជា មួយ​លេខ​ពី​ចំណាត់​ថ្នាក់​ឆ្នាំ​២០១៤ គឺ​លេខ ៤៧។

លោក សូ សោទ្ធី បញ្ជាក់​បន្ថែម​ថា ការ​ធ្លាក់​មួយ​លេខ​ទៀត​ក្នុង​ប្រទេស​មាន​សេរីភាព​ខ្លះ​នេះ គឺ​អាច​មក​ពី​កត្តា​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត កាន់​តែ​ភ័យ​ខ្លាច និង​មន្ទិល​នៅ​ពេល​ដែល​ក្រសួង​មហាផ្ទៃ បង្កើត​ឱ្យ​មាន​នាយកដ្ឋាន​បង្ក្រាប​បទល្មើស ឬ​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា៖ «មន្ទិល​ដោយសារ​តែ​គាត់​មិន​ដឹង​ថា នាយកដ្ឋាន​ហ្នឹង​ធ្វើ​ការ​អី​ឱ្យ​ប្រាកដ។ យើង​អាច​យល់​បាន​ថា ជា​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម ប៉ុន្តែ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ហ្នឹង វា​អាច​វាយ​ចូល​ទៅ​លើ​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែរ ឬ​អត់? អា​ហ្នឹង​គាត់​បង្កើត​ជា​ការ​មន្ទិល​ហ្នឹង ហើយ​ដែល​គាត់​កាន់​តែ​ភ័យ​ខ្លាច​មែន​ទែន​នោះ គឺ​ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​អ្នក​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម»

លោក​បន្ត​ដូច្នេះ​ទៀត​ថា៖ «អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​យុវជន​មួយ​ចំនួន ដែល​គាត់​លើក​ឡើង​ពី​បដិវត្តន៍​ពណ៌ លើក​ឡើង​ទាក់ទង​ទៅ​នឹង​មន្ត្រី​រដ្ឋាភិបាល​ធំៗ មួយ​ចំនួន រហូត​ដល់​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ហ្នឹង បង្ក​ឱ្យ​យុវជន​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម គាត់​ភ័យ​ព្រួយ​ពី​សុវត្ថិភាព​ខ្លួន​ឯង​ហើយ​នៅ​ពេល​ហ្នឹង។ អ៊ីចឹង​គាត់​មើល​ឃើញ​ភាព​តានតឹង​ហ្នឹង​កាន់​តែ​ច្បាស់​ឡើង​នៅ​លើ​ការ​ប្រើប្រាស់ និង​បញ្ចេញ​មតិ។ អា​ហ្នឹង​ហើយ​ដែល​ខ្ញុំ​គិត​ថា ជា​មូលហេតុ​ធ្វើ​ឱ្យ​សេរីភាព​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ប្រទេស​កម្ពុជា ដែល ហ្វ្រីដឹម ហៅស៍ ដាក់​មក​ទាប​ជាង​មុន​មួយ​លេខ​ទៀត​ហ្នឹង»

របាយការណ៍​របស់​អង្គការ ហ្វ្រីដឹម ហៅស៍ គូស​បង្ហាញ​ថា ចំណុច​ទាក់ទង​សេរីភាព​ជា​គន្លឹះ ៤ ចំណុច ចន្លោះ​ឆ្នាំ​២០១៤ ដល់ ២០១៥ គឺ​ទី​មួយ សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ទូរគមនាគមន៍ ដែល​បែក​ធ្លាយ​នៅ​ខែ​មិថុនា ឆ្នាំ​២០១៤ ដែល​អាច​គំរាមកំហែង​ដល់​ភាព​ឯកជន និង​ភាព​អនាមិក តាម​រយៈ​ការ​បង្កើន​ការ​ឈ្លប ឬ​លួច​យក​ព័ត៌មាន។

សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត (Cybercrime) ដែល​មាន​ភាព​ប្រទាំង​ប្រទើស ឬ​ភាព​ចម្រូងចម្រាស។ ចំណុច​ទី​ពីរ រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ការងារ​មួយ​នៅ​ខែ​កញ្ញា ឆ្នាំ​២០១៤ ដើម្បី​គិត​ពី​យន្តការ​នានា សម្រាប់​ដាក់​កំហិត ដោយ​ការ​បិទ និង​ច្រោះ​ដល់​អត្ថបទ​លើ​អ៊ីនធឺណិត ទាំង​ឡាយ​ណា​ដែល​អសីលធម៌។ ទី​បី នៅ​ខែ​កក្កដា ឆ្នាំ​២០១៤ អ្នក​កាសែត​មួយ​រូប​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​កំហុស​បរិហារកេរ្តិ៍​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ អ្នក​តាមដាន​ការ​ប្រកាស​សាលក្រម​ចាត់​ទុក​ថា ការ​ផ្ដន្ទាទោស​នោះ​មាន​ភាព​ធ្ងន់ធ្ងរ។

ទោះ​ជា​ដូច្នេះ​ក្ដី ក៏​ក្នុង​ចំណុច​ទី​បួន អង្គការ ហ្វ្រីដឹម ហៅស៍ សង្កេត​ឃើញ​ពី​ភាព​រីក​ចម្រើន​មួយ​ដែរ ដែល​ការ​ចែកចាយ និង​ពិភាក្សា​គ្នា​តាម​អ៊ីនធឺណិត បាន​ជួយ​ដល់​នគរបាល​ក្នុង​ការ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​អ្នក​ជំនួញ​ម្នាក់ នៅ​ខែ​ធ្នូ ឆ្នាំ​២០១៤។

លោក សូ សោទ្ធី ឱ្យ​ដឹង​ថា ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា កើន​ដល់ ៥​លាន​នាក់។ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​ជម្រះ​មន្ទិល​ និង​កង្វល់​របស់​ពលរដ្ឋ​ចំពោះ​សេរីភាព​បញ្ចេញ​មតិ ដើម្បី​ស្រប​តាម​រដ្ឋធម្មនុញ្ញ។

ទន្ទឹម​គ្នា​នេះ​ដែរ អង្គការ ហ្វ្រីដឹម ហៅស៍ បង្ហាញ​តួលេខ​របស់​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ថា ការ​ប្រើប្រាស់​អ៊ីនធឺណិត នៅ​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ពី ៧% នៅ​ឆ្នាំ​២០១៣ មក​ដល់ ៩% នៅ​ឆ្នាំ​២០១៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។