Freedom House៖ កម្ពុជា​នៅ​តែ​ជា​ប្រទេស​គ្មាន​សេរីភាព

អង្គការ​ការពារ​សេរីភាព​សារព័ត៌មាន​ឈ្មោះ​ថា ហ្វ្រីដឹម ហោស (Freedom House) កាល​ពី​ថ្ងៃ​ពុធ ទី​១ ឧសភា ចេញ​ផ្សាយ​របាយការណ៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៣ ដោយ​ចាត់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា ឋិត​ក្នុង​ប្រភេទ​ប្រទេស​មាន​ពណ៌​ក្រហម ជា​ប្រទេស​គ្មាន​សេរីភាព​ទាំង​ស្រុង។

ក្នុង​ឱកាស​ផ្សព្វផ្សាយ​របាយការណ៍​នោះ អ្នកស្រី ខារិន ខាលេខា (Karin Karlekar) នាយក​គម្រោង​សេរីភាព​សារព័ត៌មាន​នៃ​អង្គការ ហ្វ្រីដឹម ហោស មាន​ប្រសាសន៍​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ធ្លាក់​ចុះ កាល​ពី​ឆ្នាំ​២០១២។ កាល​ពី​ឆ្នាំ​២០១១ កម្ពុជា​ក៏​ឋិត​នៅ​ក្នុង​ប្រទេស​ដែល​គ្មាន​សេរីភាព​សារព័ត៌មាន ប៉ុន្តែ​នៅ​ឆ្នាំ​២០១៣ ពិន្ទុ​សេរីភាព​សារព័ត៌មាន​បន្ត​ធ្លាក់​ចុះ​បន្ថែម​ទៀត។

អ្នកស្រី ខារិន ខាលេខា៖ «កម្ពុជា​ត្រូវ​បាន​ដាក់​ក្នុង​ប្រទេស​ដែល​គ្មាន​សេរីភាព​ទាំង​ស្រុង ប៉ុន្តែ​យើង​ឃើញ​ថា ពិន្ទុ​ផ្នែក​សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ ប្រៀប​ទៅ​នឹង​ឆ្នាំ​មុន។ នេះ​ជា​ដំណើរ​ឆ្ពោះ​ទៅ​រក​ភាព​អវិជ្ជមាន​នៅ​កម្ពុជា»

អ្នកស្រី​បន្ត​ថា ស្ថានភាព​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា ធ្លាក់​ចុះ​ដោយសារ​មាន​ករណី​ក្ដីក្ដាំ​មួយ​ចំនួន ដូចជា​ការ​កាត់​ទោស​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ជា​ម្ចាស់​ស្ថានីយ​វិទ្យុ​ឯករាជ្យ​មួយ។ ទោះ​បី​ជា​បច្ចុប្បន្ន​លោក​ត្រូវ​បាន​ដោះលែង ប៉ុន្តែ​លោក​បាន​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជា​យូរ នេះ​បាន​ក្លាយ​ជា​ក្ដី​កង្វល់​របស់​យើង។

យើង​ឃើញ​ថា មាន​ការ​ប្រើប្រាស់​បណ្ដឹង​បរិហារកេរ្តិ៍ និង​បទល្មើស​ផ្សេងៗ​ទៀត​នៅ​កម្ពុជា ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន។ មាន​ករណី​ខ្លះ សារព័ត៌មាន​ត្រូវ​បាន​បំភិតបំភ័យ គំរាមកំហែង និង​អំពើ​ហិង្សា។ ស្ថានភាព​នៅ​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​ក្ដី​បារម្ភ ហើយ​កម្ពុជា កំពុង​ដើរ​ឆ្ពោះ​ទៅ​ផ្លូវ​អវិជ្ជមាន​ក្នុង​វិស័យ​ព័ត៌មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។