មន្ត្រីរដ្ឋាភិបាលបានបញ្ចេញប្រតិកម្មទៅនឹងគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋមួយចំនួន ដែលតែងរិះគន់ថា រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងពេលបច្ចុប្បន្ន គឺមិនមានការគោរពសិទ្ធិមនុស្ស និងមិនមានយុត្តិធម៌ត្រឹមត្រូវ។
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលនេះ លើកឡើងក្នុងបទបង្ហាញមួយស្ដីពីសិទ្ធិ និងការអនុវត្តច្បាប់ទៅកាន់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ព្រមទាំងយុវជនចំនួនជិត ២០០នាក់នៅឯខេត្តសៀមរាប។
មន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា របស់រដ្ឋាភិបាលថ្លែងថា ស្ថានភាពលើកស្ទួយ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា បច្ចុប្បន្ន គឺមានភាពពេញលេញមិនដូចជាគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋខ្លះដែលមាននិន្នាការប្រឆាំង លាបពណ៌ដើម្បីបង្ហាញទៅកាន់ពិភពលោកឲ្យឃើញភាពខ្មៅងងឹតរបស់កម្ពុជា នោះទេ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺលោក កែវ រ៉េមី។ លោកបានថ្លែងទៅកាន់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មគ្គុទ្ទេសក៍ទេសចរណ៍ និងយុវជនប្រមាណជិត ២០០នាក់នៅក្នុងបទបង្ហាញស្ដីពីសិទ្ធិ និងការអនុវត្តច្បាប់នៅឯខេត្តសៀមរាប នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា ថារដ្ឋាភិបាលបច្ចុប្បន្ន បានលើកស្ទួយ និងគោរពសិទ្ធិមនុស្សទៅតាមបទដ្ឋានអន្តរជាតិទាំងឡាយយ៉ាងខ្ជាប់ខ្ជួន។ ស្ថានភាពលើកស្ទួយ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា គឺសម្បូរបែប និងសេរីភាពយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងប្រទេសជាច្រើនទៀតនៅក្នុងពិភពលោក។
លោក កែវ រ៉េមី បញ្ជាក់ថា រដ្ឋាភិបាលដឹកនាំប្រទេសប្រកាន់យករបបប្រជាធិបតេយ្យសេរី ពហុបក្ស កំពុងលើកស្ទួយសិទ្ធិមនុស្ស ព្រមទាំងសេរីភាពគ្រប់យ៉ាងសម្រាប់សង្គម និងប្រជាពលរដ្ឋក្នុងពេលដែលប្រទេសជិតខាងខ្លះនៅក្នុងតំបន់ មិនមានការបោះឆ្នោតដោយសេរី មិនមានសិទ្ធិធ្វើនយោបាយ សិទ្ធិសេរីភាពបញ្ចេញមតិ ព្រមទាំងសិទ្ធិសេរីភាពខាងសារព័ត៌មានផងនោះ៖ « ការទម្លាក់គ្រាប់បែករបស់អាមេរិក ជំនាន់ ប៉ុល ពត សិទ្ធិមនុស្សស្មើសូន្យ។ សម្ដេច ហ៊ុន សែន លោកបានចូលរួមរំដោះមនុស្សឲ្យរស់រានមានជីវិត គឺ ស្មើនឹង ការលើកស្ទួយ សិទ្ធិមនុស្ស »។
លោក កែវ រ៉េមី បញ្ជាក់បន្ថែមថា បច្ចុប្បន្ន រដ្ឋាភិបាលបានបើកចំហគ្រប់យ៉ាងទាំងសិទ្ធិនយោបាយ ទាំងអង្គការក្រៅរដ្ឋាភិបាលដែលបង្កើតឡើង គឺសម្បូរបែបយ៉ាងខ្លាំង ប្រៀបដូចឋានសួគ៌នៃសេរីភាព។
ការបង្ហាញឲ្យឃើញនូវការលើកស្ទួយ និងគោរពសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីកាលពីចុងសប្ដាហ៍មុន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចង់ឃើញការគោរពសិទ្ធិមនុស្សពេញលេញ និងអនុវត្តច្បាប់ឲ្យស្មើភាពគ្នាសម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប។
ទោះបីជាយ៉ាងណា ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់ឃើញថា រដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន នៅមិនទាន់មានការគោរពសិទ្ធិមនុស្ស ព្រមទាំងសេរីភាពនៃការបញ្ចេញមតិឲ្យបានពេញលេញនៅឡើយទេ។
លោក អំ សំអាត ដែលទើបតែត្រូវកងកម្លាំងសន្តិសុខខណ្ឌដូនពេញ វាយដំលើរូបកាយកាលពីពេលថ្មីៗនេះ ទទួលស្គាល់ថា ជាច្រើនឆ្នាំមកនេះ ប្រទេសកម្ពុជា គឺជាប្រទេសដែលបានផ្ដល់សច្ចាប័ន និងហត្ថលេខីទៅលើបទដ្ឋានអន្តរជាតិ សេចក្តីប្រកាសជាសកល កតិកាសញ្ញាស្ដីពីសិទ្ធិមនុស្ស សង្គម និងវប្បធម៌ ច្រើនជាងគេមែននៅក្នុងតំបន់ ហើយក៏បានចែងនៅក្នុងរដ្ឋធម្មនុញ្ញផងដែរ។ ប៉ុន្តែរដ្ឋាភិបាលមិនបានគោរពសិទ្ធិមនុស្សទៅលើបទដ្ឋានមួយចំនួនទេ៖ « បច្ចុប្បន្ន យើង ឃើញថាសិទ្ធិសេរីភាព ការជួបជុំ ការប្រមូលផ្ដុំ ការបញ្ចេញមតិ កំពុងមាន ការធ្លាក់ ខ្លាំង ហើយសកម្មជន ការពារសិទ្ធិមនុស្ស ការពារបរិស្ថាន និងសកម្មជន ធ្វើការ សង្គម ខ្លះទៀត កំពុង ទទួលរង ការគំរាមកំហែង »។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញប្រតិកម្មថា ប្រសិនបើអ្នកណាមួយដែលរិះគន់ថារដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន មិនគោរពសិទ្ធិមនុស្ស គេគួរតែសម្លឹងមើលទៅសហរដ្ឋអាមេរិក ដែលគេតែងតែចាត់ទុកថា ជាបិតានៃលទ្ធិប្រជាធិបតេយ្យនៅក្នុងពិភពលោក ថាតើបច្ចុប្បន្ន អាមេរិក មានការគោរពសិទ្ធិមនុស្សបានពេញលេញហើយ ឬក៏យ៉ាងណា? នៅពេលដែលអាមេរិក លូកដៃចូលជ្រៀតជ្រែកទៅក្នុងប្រទេសខ្លះឲ្យកើតសង្គ្រាម បណ្ដាលឲ្យមានជនភៀសខ្លួនជាច្រើននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។