អ្នកកាសែតគ្មានព្រំដែន និងមន្ត្រីអង្គការសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាលចាប់ជនសង្ស័យដែលសម្លាប់អ្នកកាសែតមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ក្នុងគោលដៅលុបបំបាត់វប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលើកឡើងថា រាល់ករណីសម្លាប់អ្នកកាសែត រដ្ឋាភិបាលមិនបានបិទទុកសំណុំរឿងនោះទេ។
កម្ពុជាគឺជាកន្លែងគ្រោះថ្នាក់បំផុតក្នុងអាជីពជាអ្នកកាសែតបរិស្ថាន ដោយប្រទេសកម្ពុជា មានចំណាត់ថ្នាក់១៤៤ ក្នុងបណ្ដា ១៨០ប្រទេស នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់អង្គការអ្នកកាសែតគ្មានព្រំដែន។
អង្គការអ្នកកាសែតគ្មានព្រំដែន ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ប្រទេសបារាំង ជំរុញអាជ្ញាធរកម្ពុជា ត្រូវតែធ្វើការស៊ើបអង្កេតឱ្យហ្មត់ចត់ និងប្រកបដោយតម្លាភាពទៅលើឃាតកម្មឃោរឃៅចំពោះអ្នកកាសែត និងសកម្មជនការពារបរិស្ថាន គឺនាំយកអ្នកដែលទទួលខុសត្រូវយកមកកាត់ទោសនីតិវិធីនៃច្បាប់។
នៅកម្ពុជា គិតចាប់តាំងពី១៩៩៤ មក មានអ្នកកាសែត ១៣នាក់ ត្រូវបានគេសម្លាប់ ដោយក្នុងនោះអ្នកយកព័ត៌មានបរិស្ថាន ៣នាក់ គឺលោក តាំង ទ្រី លោក សួន ចាន់ លោក ហង្ស សិរីឧត្ដម និងសកម្មជនការពារបរិស្ថាន ១នាក់ គឺ លោក ឈុត វុទ្ធី ត្រូវគេសម្លាប់នៅពេលចុះទៅយកព័ត៌មានស្ដីពីការកាប់ឈើខុសច្បាប់ និងឃ្លាំមើលស្ថានភាពព្រៃឈើ។
ទាក់ទងនឹងការចេញរបាយការណ៍អ្នកកាសែតគ្មានព្រំដែននេះ មន្ត្រីជាន់ខ្ពស់ផ្នែកបច្ចេកទេសនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ជារឿងត្រឹមត្រូវ និងជំរុញឱ្យរដ្ឋាភិបាលកម្ពុជា មិនត្រូវបិទសំណុំរឿងឃាតកម្មលើអ្នកកាសែតនោះទេ ហើយត្រូវមានយន្តការជាក់លាក់ក្នុងទប់ស្កាត់ចំពោះការរំលោភសិទ្ធិមនុស្ស និងពិសេសចំពោះការសម្លាប់អ្នកកាសែត។
លោកបន្តថា ការសម្លាប់អ្នកយកព័ត៌មានបរិស្ថាន និងសកម្មជនការពារបរិស្ថាន គឺជាហេតុបណ្ដាលឱ្យវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ មិនអាចលុបបំបាត់បាន និងជាសញ្ញាអវិជ្ជមានធ្ងន់ធ្ងរចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជា៖ «រាល់ការសម្លាប់អ្នកសារព័ត៌មានហ្នឹង មិនត្រូវបានយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់នោះទេ ដែលជាការជំរុញឱ្យមានករណីសម្លាប់ និងគំរាមកំហែងចំពោះអ្នកកាសែតកាន់តែមាន ម្ល៉ោះហើយចំនួននៃអ្នកសារព័ត៌មានគឺមានចំនួនតិច»។
ទន្ទឹមនឹងនេះដែរ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង មានប្រសាសន៍ថា អ្នកសារព័ត៌មាន និងពលរដ្ឋគ្រប់រូបមិនត្រូវបានរឹតត្បិតសេរីភាពនៃការផ្សាយព័ត៌មានដោយច្បាប់នោះទេ។ ប៉ុន្តែការប្រឈមមុខនឹងអាជ្ញាធរ គឺជារឿងដែលអ្នកសារព័ត៌មាន និងពលរដ្ឋអ្នកសារព័ត៌មានតែងជួបប្រទះ និងរងនូវការមើលងាយពីមន្ត្រីអ្នកមានអំណាចមួយចំនួនដែលមិនសូវយល់ពីតម្លៃព័ត៌មាន និងសិទ្ធិក្នុងការទទួលបានព័ត៌មាន។
លោក ប៉ា ងួនទៀង៖ «ប្រឈម! ពិបាកដែរជាមួយនឹងអាជ្ញាធរ ពេលគាត់ទៅសម្ភាស ទៅយកព័ត៌មានអ៊ីចឹងទៅ គេនិយាយថា ស្អីហា! មកពីណា? មានលិខិតសម្គាល់ទេ? តាមពិតអ៊ីចឹងៗ មិនចាំបាច់មានលិខិតទេ ព្រោះជាសិទ្ធិសេរីភាពនៃការយកព័ត៌មាន»។
ឆ្លើយតបនឹងការលើកឡើងនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្ថិតនៅក្នុងវេទិកាប្រចាំឆ្នាំស្ដីពីការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មានអាជីពពលរដ្ឋអ្នកសារព័ត៌មាន និងនិស្សិតផ្នែកសារព័ត៌មាន ដែលរៀបចំដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកាលទីថ្ងៃទី៨ ខែវិច្ឆិកា ក្រុងភ្នំពេញ ថ្លែងថា ជនដៃដល់ដែលសម្លាប់អ្នកសារព័ត៌មាន ក្រសួងមានសមត្ថកិច្ចត្រូវតែចាប់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ និងមិនត្រូវបិទសំណុំរឿងនោះទុកឡើយ។
លោកក៏ជំរុញឲ្យស្ថាប័នទាំងអស់ត្រូវផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាន៖ «អ្នកដែលត្រូវសម្លាប់ និយាយរួមមិនថាតែអ្នកកាសែតទេ នរណាក៏ដោយ ឲ្យសម្លាប់មនុស្ស គឺត្រូវមានទោស ប៉ុន្តែរាល់ថ្ងៃនេះយើងមិនទាន់បិទសំណុំរឿងទាំងនោះទេ»។
ក្រសួងព័ត៌មាន និងអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា កំពុងធ្វើសេចក្ដីព្រាងច្បាប់ស្ដីពី "សិទ្ធិទទួលបានព័ត៌មាន” ដើម្បីការពារអ្នកសារព័ត៌មាន និងដាក់ទោសមន្ត្រីអាជ្ញាធរទាំងឡាយណាដែលបដិសេធមិនព្រមផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មាន។
កាលពីដើមខែវិច្ឆិកា កន្លងទៅថ្មីៗនេះ មានអង្គការសង្គមស៊ីវិល ២២ស្ថាប័ន បានរួមគ្នាធ្វើយុទ្ធនាការបញ្ឈប់និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជា រយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែវិច្ឆិកា និងស្នើដល់រដ្ឋាភិបាល ត្រូវចាត់វិធានការចំពោះជនសង្ស័យដែលសម្លាប់អ្នកកាសែតកន្លងមក។
អង្គការសង្គមស៊ីវិលលើកឡើងថា អ្នកសារព័ត៌មានតែងប្រឈមនឹងការគំរាម ការប្រើអំពើហិង្សាដោយសារវិជ្ជាជីវៈរបស់ពួកគេ។ អ្នកសារព័ត៌មានចំនួន ១៣នាក់ ត្រូវឃាតកបាញ់សម្លាប់តាំងពីឆ្នាំ១៩៩៤ មក។ ជុំវិញករណីសម្លាប់អ្នកកាសែតនេះ មានតែ ២ករណីប៉ុណ្ណោះ ដែលតុលាការលើកមកកាត់ក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។