ធ្វើ​ដូច​ម្ដេច​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ទាហាន​ថៃ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ?

0:00 / 0:00

របាយការណ៍​របស់​សមត្ថកិច្ច និង​សង្គម​ស៊ីវិល សុទ្ធ​តែ​បាន​បង្ហាញ​ថា ករណី​ទាហាន​ថៃ បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន​កើន​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ភាគី​រាជ​រដ្ឋាភិបាល​ធ្លាប់​បាន​អំពាវនាវ និង​ផ្ញើ​កំណត់​ទូត​ជា​ហូរហែ​ដើម្បី​ឲ្យ​ថៃ អនុវត្ត​តាម​ច្បាប់ ជៀសវាង​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ត​ទៅ​ទៀត ហើយ​មន្ត្រី​រដ្ឋាភិបាល​ថៃ មួយ​ចំនួន ក៏​បាន​យល់​ព្រម​ដែរ ប៉ុន្តែ​ទាហាន​ថៃ នៅ​តែ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដដែលៗ។

ករណី​ទាហាន​ថៃ បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​តែ​ជា​ចំណោទ​មួយ​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព។

របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ បញ្ជាក់​ថា ករណី​ទាហាន​ថៃ បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន ៣០​នាក់ គឺ​កើន​ឡើង​ជាង ១០០% បើ​ធៀប​នឹង​របាយការណ៍​ឆ្នាំ​២០១១។ ផ្អែក​តាម​របាយការណ៍​នេះ មន្ត្រី​សង្គម​ស៊ីវិល​ព្យាករ​ថា ទាហាន​ថៃ នឹង​បន្ត​បាញ់​ពលរដ្ឋ​ខ្មែរ​ដដែលៗ​ទៀត ដរាប​ណា​រាជរដ្ឋាភិបាល​មិន​ប្រើប្រាស់​យន្តការ​ជា​អន្តរជាតិ​ណា​មួយ​នោះ។

ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​ឆ្លង​ចូល​ក្នុង​ដី​ថៃ ដោយ​ខុស​ច្បាប់ គួរ​តែ​ទទួល​ទោស​តាម​ច្បាប់​អន្តោប្រវេសន៍ មិន​គួរ​ណា​ទាហាន​ថៃ បាញ់​សម្លាប់​ពលរដ្ឋ​ទាំង​នោះ​ទេ។ លោក​បន្ត​ថា ការ​ប្រហារ​ជីវិត​មនុស្ស​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ ដូច​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​មាន​យន្តការ​ច្បាស់លាស់​មួយ​ដើម្បី​ដោះស្រាយ​រឿង​នេះ​ជា​អន្តរជាតិ។

លោក អំ សំអាត បញ្ជាក់​ថា ទាហាន​ថៃ នៅ​តែ​បន្ត​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ ដោយសារ​តែ​រាជរដ្ឋាភិបាល​ខ្មែរ​មាន​ជំហរ​ទន់ភ្លន់​ពេក​ផ្នែក​ការទូត និង​អនុវត្ត​ច្បាប់​អន្តរជាតិ៖ «បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដូច​សត្វ​ដូច​ធាតុ​ជា​រឿង​មួយ​ដែល​សាហាវ​យង់ឃ្នង។ ប្រទេស​កម្ពុជា យើង​ឲ្យ​តែ​ឃើញ​ការ​បាញ់​មាន​កំណត់​ទូត និង​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​បាញ់​សម្លាប់ និង​អនុវត្ត​ទៅ​តាម​ច្បាប់។ផ្ទុយ​ទៅ​វិញ​ទង្វើ​នេះ​ចេះ​តែ​កើត​មាន​ហើយ​កើត​ទៀត បើ​សិន​ជា​អស់​លទ្ធភាព​ហើយ​ត្រូវ​តែ​ប្រើ​យន្តការ​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ»

លោក អំ សំអាត បញ្ជាក់​ថា បើ​សិន​មិន​មាន​យន្តការ​ណា​មួយ​ច្បាស់លាស់​ទេ ពលរដ្ឋ​ខ្មែរ​នឹង​នៅ​តែ​ប្រឈម​មុខ​នឹង​ការ​បាញ់​សម្លាប់​ត​ទៅ​ទៀត​មិន​ខាន។

ទន្ទឹម​នឹង​នេះ អនុ​ប្រធាន​គណៈកម្មាធិការ​បណ្ដោះអាសន្ន​ចលនា​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម យល់​ថា ទាហាន​ថៃ នៅ​តែ​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ ដោយសារ​តែ​រាជរដ្ឋាភិបាល​អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​ដោយ​ខុស​ច្បាប់។ ម្យ៉ាង​ទៀត រាជរដ្ឋាភិបាល​ក៏​មាន​ជំហរ​ទន់ខ្សោយ​ក្នុង​ផ្លូវ​ទូត ដើម្បី​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ដែល​បាត់បង់​អាយុ​ជីវិត​ទាំង​នោះ​ដែរ។

លោក​បន្ត​ថា ការ​បាញ់​សម្លាប់​នេះ ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា ថៃ​មាន​ទំនាក់ទំនង​ការទូត​មិន​ស្មោះត្រង់​ជាមួយ​កម្ពុជា ដោយសារ​មន្ត្រី​ថ្នាក់​ធំ​ចេះ​តែ​សន្យា រី​ឯ​មន្ត្រី​ថ្នាក់​ក្រោម​មិន​ដែល​គោរព និង​អនុវត្ត​តាម៖ «បងប្អូន​យើង​ទៅ​កាប់​ឈើ​ហ្នឹង​មិន​មែន​គាត់​មិន​ដឹង​ថា អាច​ត្រូវ​គេ​បាញ់​សម្លាប់​ទេ ប៉ុន្តែ​យើង​គិត​ថា កម្រិត​ជីវភាព​ទន់​ខ្សោយ​ពេក យើង​ចេះ​តែ​អួត​អភិវឌ្ឍន៍ៗ ចង់​បាន​អី​ទៀត? យើង​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​បង​ប្អូន​យើង​ឲ្យ​មាន​ប្រសិទ្ធភាព កុំ​ឲ្យ​គាត់​ឆ្លង​ដែន​ខុស​ច្បាប់»

របាយការណ៍​របស់​ប៉ូលិស​បង្ហាញ​ថា ប្រជាពលរដ្ឋ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន ៩៧​លើក ដែល​បាន​កើន​ឡើង​ចំនួន ៧១​លើក បើ​ធៀប​នឹង​ឆ្នាំ​២០១១។ ក្នុង​នោះ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ត្រូវ​បាន​ឃាត់​ឲ្យ​ត្រឡប់​ថយ​ក្រោយ​វិញ មាន​ចំនួន ៧៣៦​នាក់ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ទាហាន​ថៃ បាញ់​ស្លាប់ មាន​ចំនួន ៣០​នាក់ ដែល​កើន​លើស​ឆ្នាំ​មុន ដោយ​មាន​ត្រឹមតែ ១៧​នាក់។

ចំណែក​ឯ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក បង្ហាញ​ថា នៅ​ឆ្នាំ​២០១២ មាន​ពលរដ្ឋ​កម្ពុជា យ៉ាង​តិច ៣៤​នាក់ ត្រូវ​បាន​ទាហាន​ថៃ បាញ់​សម្លាប់​ក្នុង​ពេល​ឆ្លង​ដែន​ចូល​ទៅ​ទឹក​ដី​ថៃ ហើយ​ចំនួន​នេះ​បាន​កើន​ឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១១។ អាដហុក​ក៏​បញ្ជាក់​ដែរ​ថា នៅ​មាន​ពលរដ្ឋ​កម្ពុជា ៤​សែន​នាក់​បាន​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ។ ប៉ុន្តែ​តួលេខ​នេះ​មិន​រាប់​បញ្ចូល​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ផ្សេងៗ​នោះ​ទេ។ ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ដែល​ត្រូវ​បាន​ទាហាន​ថៃ បាញ់​សម្លាប់​ភាគ​ច្រើន​អ្នក​រក​ស៊ី​កាប់​ឈើ​គ្រញូង។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ បាន​បញ្ជា​រួច​ហើយ​ឲ្យ​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទប់​ស្កាត់​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់។ លោក​បន្ត​ថា អាជ្ញាធរ​ទំនាក់ទំនង​ព្រំដែន ទាំង​ផ្នែក​នគរបាល និង​កងទ័ព ក៏​ត្រូវ​បាន​បញ្ជា​ឲ្យ​មាន​កិច្ច​សហការ​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង​ដែរ ដើម្បី​ធានា​កុំ​ឲ្យ​មាន​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ត​ទៅ​ទៀត។

លោក គៀត ច័ន្ទថារិទ្ធិ បញ្ជាក់​ថា រដ្ឋាភិបាល​មាន​យន្តការ​ជជែក​គ្នា​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​ទប់ស្កាត់​ការ​បាញ់​ប្រហារ​នេះ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា កម្ពុជា​មាន​វិធានការ​ប្ដឹង​ទៅ​ភាគី​ទី​៣ ឬ​យ៉ាង​ណា​ទេ៖ «ពលរដ្ឋ​ឆ្លង​ដែន​ខុស​ច្បាប់​ហ្នឹង​ហើយ​បង្ក​បញ្ហា​ច្រើន និង​បង្ក​របួស​ស្នាម​ដល់​រូបរាង​កាយ​គាត់ ដូចជា​ការ​ចាប់​ផ្ដន្ទាទោស ឃុំ​ខ្លួន​អី​នៅ​ស្រុក​គេ​ហ្នឹង រដ្ឋាភិបាល​គាត់​បាន​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​ការបរទេស​លោក​បាន​ខំ​ណាស់ ជជែក​គ្នា​ជាមួយ​គេ​ជា​ច្រើន​លើក​ច្រើន​សា និង​មាន​យន្តការ​ច្រើន​ទៅ​ដោះស្រាយ​ជាមួយ​គេ​នោះ»

ទោះ​យ៉ាង​ណា​ក្ដី លោក គៀត ច័ន្ទថារិទ្ធិ មិន​បាន​បញ្ជាក់​ថា ផ្អែក​តាម​ច្បាប់​អន្តរជាតិ កម្ពុជា​អាច​ប្ដឹង​ភាគី​ថៃ ដែល​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ ឬ​យ៉ាង​ណា​ទេ។ ចំណែក​ឯ​ក្រសួង​ការបរទេស​ក៏​មិន​ដែល​បញ្ជូន​សំណុំ​រឿង​ថៃ បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ចូល​ក្នុង​ដី​ថៃ ដោយ​ខុស​ច្បាប់​នេះ ទៅ​បង្ហាញ​ប្រទេស​ទី​៣ ឬ​អង្គការ​អន្តរជាតិ​ណា​មួយ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ឲ្យ​អ្នក​ស្លាប់​នោះ​ដែរ។

ជន​ចំណាក​ស្រុក​កម្ពុជា មិន​ត្រឹមតែ​ត្រូវ​ទាហាន​ថៃ បាញ់​សម្លាប់​ទេ។ ពលរដ្ឋ​មួយ​ចំនួន​ក៏​ត្រូវ​សមត្ថកិច្ច​ថៃ ចាប់​ខ្លួន​ដាក់​គុក។ ចំណែក​ឯ​ទាហាន​ឡាវ ក៏​ធ្លាប់​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ដែរ ដោយសារ​ខ្មែរ​ចូល​កាប់​ឈើ​ធ្នង់​ក្នុង​ទឹក​ដី​ឡាវ។ ចំពោះ​ប្រទេស​វៀតណាម វិញ ក៏​មាន​រាយការណ៍​មក​ថា អាជ្ញាធរ​វៀតណាម ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដាក់​គុក​ដែរ ប៉ុន្តែ​មិន​មាន​របាយការណ៍​ណា​មួយ​បង្ហាញ​នោះ​ទេ សូម្បី​តែ​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ។

អ្នក​វិភាគ​ឯករាជ្យ​ខាង​សង្គម​និង​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​តែ​តស៊ូ​មតិ​នៅ​លើ​ឆាក​អន្តរជាតិ​ឲ្យ​រដ្ឋាភិបាល​ថៃ ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បាញ់​សម្លាប់​អាយុ​ជីវិត​ពលរដ្ឋ​ខ្មែរ។ លោក​បន្ត​ថា កម្ពុជា​អាច​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ដើម្បី​រក​ខុស​ត្រូវ​ជុំវិញ​រឿង​នេះ៖ «ព្រោះ​កាន់​តែ​ច្រើន​ទៅៗ ការ​ចរចា​ហ្នឹង​អត់​បាន​លទ្ធផល​អី​សោះ ដូច្នេះ​គួរ​តែ​លើក​ដល់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ គេ​ប្រជុំ ១​ឆ្នាំ​ម្ដង លើក​ទៅ»

ក្រុម​អ្នក​តាម​ដាន​បញ្ហា​សង្គម​យល់​ថា កម្ពុជា​បាន​ផ្ដល់​សម្បទាន​ជា​ច្រើន​ដល់​ភាគី​ថៃ ដូចជា​ការ​ព្យាយាម​សម្រុះសម្រួល​បញ្ហា​ព្រំដែន ការ​សម្រេច​ដោះលែង​ចារកម្ម​ថៃ គឺ​អ្នកស្រី ណាទ្រី (Ratree) និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត វីរៈ ស៊ុមក្វាមឃីត (Veera Somkwamkid) ជាដើម។ តែ​ភាគី​ថៃ មិន​បាន​បន្ធូរបន្ថយ​ចំពោះ​កម្ពុជា វិញ​ទេ ពោល​គឺ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នៅ​តែ​កើន​មាន។

អ្នក​វិភាគ​យល់​ថា កម្ពុជា​អាច​ទប់ស្កាត់​កុំ​ឲ្យ​ទាហាន​ថៃ បាញ់​សម្លាប់​តាម​វិធី​មួយ​ចំនួន​ដូចជា ទី​១ អនុវត្ត​បម្រាម​ឲ្យ​បាន​តឹង​បំផុត​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ថៃ ទី​២ បង្កើត​ការងារ​ឲ្យ​បាន​ច្រើន​ឲ្យ​ពលរដ្ឋ​ធ្វើ​ក្នុង​ប្រទេស ទី​៣ ប្រើ​យន្តការ​ចរចា​ដោយ​មាន​ប្រសិទ្ធភាព​ជាមួយ​ថៃ ទី​៤ លើក​យក​បញ្ហា​សម្លាប់​ជន​កម្ពុជា​នេះ ទៅ​ជជែក​ក្នុង​អាស៊ាន​ដើម្បី​ឲ្យ​ថៃ ខ្លាច​រអា និង​ទី​៥ ចងក្រង​ឯកសារ​ប្ដឹង​ថៃ ទៅ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ឲ្យ​ជួយ​រក​ខុស​ត្រូវ។ អ្នក​វិភាគ​យល់​ថា បើ​កម្ពុជា​មិន​លេង​ធម៌​ក្ដៅ​ជាមួយ​ថៃ​ទេ នោះ​រាជ​រដ្ឋាភិបាល​ថៃ មិន​ចាត់ការ​បញ្ឈប់​ការ​បាញ់​ប្រហារ​នេះ​ឡើយ៕