អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នើ​កម្ពុជា​លុប​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​សមាគម-​អង្គការ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នៅ​ថ្ងៃ​ច័ន្ទ ទី​២៧ ខែ​មេសា ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​ឡើង​វិញ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ជា​ច្បាប់​មួយ​អាច​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​បំពេញ​ការងារ​របស់​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

សំណើ​របស់​អង្គការ​សិទ្ធិ​មនុស្ស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​អនុម័ត​ច្បាប់​នេះ​នៅ​ខែ​ឧសភា ខាង​មុខ។ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​ប្រើប្រាស់​ច្បាប់​ថ្មី​នេះ ដើម្បី​ដាក់ទោស​ទណ្ឌ​ដល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​មិន​គោរព និង​ធ្វើ​តាម​ច្បាប់។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ច័ន្ទ នេះ​ថា រដ្ឋាភិបាល​ត្រូវ​តែ​ដាក់​​សេចក្ដី​ព្រាង​ច្បាប់​ជា​សាធារណៈ និង​ត្រូវ​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល។ លោក​ក៏​ស្នើ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ត្រូវ​បញ្ជាក់​ប្រាប់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ច្បាស់លាស់​ថា ម្ចាស់​ជំនួយ​នឹង​ជំទាស់​រាល់​សកម្មភាព​របស់​រដ្ឋាភិបាល​ដែល​មាន​បំណង​ចង់​លុប​ឈ្មោះ​អង្គការ​សង្គម​ស៊ីវិល និង​ទង្វើ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល។

លោក ប៊្រែដ អាដាម ក៏​បាន​ចោទ​ជា​សំណួរ​ទៅ​លើ​វប្បធម៌​សន្ទនា​របស់​លោក ហ៊ុន សែន ដោយសារ​តែ​លោក ហ៊ុន សែន បាន​លាក់​បាំង​ព័ត៌មាន​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​ឲ្យ​មាន​ការ​ពិភាក្សា​ជា​សាធារណៈ ហើយ​លោក​មាន​បំណង​ចង់​ប្រើប្រាស់​ច្បាប់​នេះ​ដើម្បី​បំបាត់​សំឡេង​ប្រឆាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។