តើ​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​បោះឆ្នោត​ជាប់​ពាក់ព័ន្ធ​គ្នា​យ៉ាង​ដូច​ម្តេច?

សិទ្ធិ​បោះឆ្នោត​បាន​កំណត់​យ៉ាង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​នីមួយៗ ដែល​ជា​គ្រឹះ​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​សង្គម​ប្រជាធិបតេយ្យ។ ពលរដ្ឋ​គ្រប់ៗ​រូប​ក្នុង​ប្រទេស​គ្រប់គ្រង​ដោយ​ប្រជាធិបតេយ្យ មិន​ថា​មាន​ជាតិ​សាសន៍​ដើម​កំណើត​មក​ពី​ណា​ទេ ស្រី​ឬ​ប្រុស ក្រ​ឬ​មាន គឺ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ដែល​ធានា​ដោយ​ច្បាប់។

0:00 / 0:00

តើ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​បោះឆ្នោត​មាន​ជាប់​ពាក់ព័ន្ធ​គ្នា​យ៉ាង​ដូចម្តេច?

សិទ្ធិ​មនុស្ស​ជា​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​គ្រប់ៗ​រូប ជាប់​មាន​មក​ពី​កំណើត ដែល​គ្មាន​នណា​ម្នាក់​អាច​ដក​ហូត​បាន​ឡើយ។ សិទ្ធិ​ទាំង​នោះ​រួម​មាន សិទ្ធិ​បោះឆ្នោត សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​រួម​ប្រជុំ សិទ្ធិ​ចូលរួម​នយោបាយ សិទ្ធិ​ចូលរួម​ប្រមូល​ផ្តុំ ឬ​ធ្វើ​បាតុកម្ម សិទ្ធិ​ទទួល​បាន​ការ​ការពារ​ពី​រដ្ឋ សិទ្ធិ​គោរព​ប្រតិបត្តិ​ផ្នែក​សាសនា សិទ្ធិ​រស់​រាន​មាន​ជីវិត ជាដើម។ ថ្វី​បើ​មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ទាំងអស់​នេះ​ពី​កំណើត​ពិត​មែន តែ​សិទ្ធិ​ទាំងអស់​នេះ​ត្រូវ​ប្រើប្រាស់​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ដែល​ស្រប​តាម​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស។

សិទ្ធិ​បោះឆ្នោត គឺ​ជា​សិទ្ធិ​មូលដ្ឋាន​មួយ​ក្នុង​ចំណោម​សិទ្ធិ​មនុស្ស​ជាច្រើន ដែល​ត្រូវ​បាន​ការពារ​ធានា​ដោយ​ច្បាប់​ជាតិ និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ក្នុង​សង្គម​ប្រជាធិបតេយ្យ ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើស​រើស​មេ​ដឹកនាំ​របស់​ខ្លួន​តាម​ឆន្ទៈ។ សម្រាប់​ប្រទេស​កម្ពុជា ដោយ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​កម្ពុជា មិន​ត្រឹម​តែ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​កម្ពុជា ក៏​បាន​ក្លាយ​ជា​ហត្ថលេខី​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ថែម​ទៀត​ផង។

សិទ្ធិ​បោះឆ្នោត គឺ​ជា​សិទ្ធិ​ដ៏​សំខាន់​មួយ​ដែល​អាច​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​គ្រប់គ្រង និង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល។ ការ​បោះឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ អាច​ការពារ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា និង​ការ​ផ្ទុះ​សង្គ្រាម​បង្ហូរ​ឈាម​គ្នា ព្រម​ទាំង​បង្ក​បរិយាកាស​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ពី​រដ្ឋាភិបាល​ផុត​អាណត្តិ​មួយ ទៅ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ដោយ​សន្តិវិធី។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​ គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) បាន​មាន​ប្រសាសន៍​ថា បុគ្គល​ម្នាក់ៗ​មាន​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត និង​សិទ្ធិ​ចូលរួម​នយោបាយ​ក្នុង​សង្គម​ដោយ​សេរី និង​យុត្តិធម៌ ដូច​មាន​ចែង​ក្នុង​ច្បាប់​កម្ពុជា និង​ច្បាប់​សិទ្ធិ​មនុស្ស៖ «យើង​បាន​ចូល និង​ផ្តល់​សច្ចាប័ន​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​៩០ មក​ម្ល៉េះ ជា​ពិសេស​កតិកាសញ្ញា​សិទ្ធិ​នយោបាយ សិទ្ធិ​ពលរដ្ឋ ហើយ​ក្នុង​នោះ​គឺ​រដ្ឋាភិបាល​ត្រូវ​ធានា​សិទ្ធិ​ពលរដ្ឋ​ចូលរួម​ក្នុង​នយោបាយ ធានា​ការ​បោះឆ្នោត​ឲ្យ​មាន​លក្ខណៈ​ត្រឹមត្រូវ ផ្តល់​សេរីភាព​ពេញ​លេញ​ក្នុង​ការ​បញ្ចេញ​មតិ សេរីភាព​ធ្វើ​សមាគម សេរីភាព​ប្រមូល​ផ្តុំ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឲ្យ​ការ​បោះឆ្នោត​មាន​យុត្តិធម៌»

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​មួយ​រូប លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​បាន​តាម​ដាន​ការ​វិវឌ្ឍន៍​នៃ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​យល់​ដឹង​ច្បាស់​ពី​សិទ្ធិ តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន។ លោក​ថា ពលរដ្ឋ​ម្នាក់ៗ​ដែល​ជា​ម្ចាស់​ឆ្នោត គឺ​មាន​សិទ្ធិ​អំណាច​ពេញ​លេញ​ក្នុង​ការ​ជ្រើស​រើស​ភ្នាក់ងារ ឬ​តំណាង​ឲ្យ​ខ្លួន តាម​រយៈ​ការ​បោះឆ្នោត​ដែល​តំណាង​នោះ គឺ​មាន​ភារកិច្ច​បម្រើ​ការងារ​ជូន​ពលរដ្ឋ៖ «ពលរដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិ និង​មាន​ចំណែក​ក្នុង​អំណាច​គ្រប់គ្រង​រដ្ឋ ហើយ​ឱកាស​នេះ គឺ​រើស​មិន​មែន​អ្នក​ដឹកនាំ​ទេ គឺ​រើស​អ្នក​បម្រើ​ជាតិ ឬ​បម្រើ​ខ្លួន​ឯង។ យើង​អត់​ទៅ​សុំ​គេ​ទេ គឺ​គេ​មក​សុំ​បម្រើ​យើង និង​បម្រើ​ពលរដ្ឋ។ តំណាង​រាស្ត្រ គឺ​អ្នក​បម្រើ គឺ​ជា​ភ្នាក់ងារ​របស់​យើង តំណាង​របស់​យើង ដើម្បី​យើង​ប្រើប្រាស់​គេ​ឲ្យ​ប្រើប្រាស់​គ្រប់គ្រង​អំណាច​ជួស​យើង ហើយ​យើង​ជា​ម្ចាស់​គេ»

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ទទួល​ស្គាល់​ថា បច្ចុប្បន្ន ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ច្រើន​អំពី​សិទ្ធិ​មនុស្ស ជា​ពិសេស​សិទ្ធិ​បោះឆ្នោត។ ប៉ុន្តែ​លោក​ថា ការ​រៀបចំ​ការ​បោះឆ្នោត​កន្លង​មក និង​លើក​នេះ​ទៀត គឺ​នៅ​មាន​បញ្ហា និង​ឧបសគ្គ​មួយ​ចំនួន ដែល​ធ្វើ​អោយ​ការ​បោះឆ្នោត​ខ្វះ​តម្លាភាព និង​មិន​មាន​យុត្តិធម៌​ពេញ​លេញ ស្រប​តាម​សង្គម​ប្រជាធិបតេយ្យ៖ «អត់​បាន​ល្អ​ទេ ទាល់​តែ​ងាយ​ស្រួល​ចុះ​ឈ្មោះ អាច​រក​ឈ្មោះ​ឃើញ​នៅ​ថ្ងៃ​បោះឆ្នោត។ ប៉ុន្តែ អង្គការ​ខ្លះ​រក​ឃើញ​ថា មនុស្ស​ប្រមាណ ១០% មិន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត និង​រក​ឈ្មោះ​មិន​ឃើញ​ក្នុង​បញ្ជី​បោះឆ្នោត។ មួយ​ទៀត សិទ្ធិ​ប្រើប្រាស់​តាម​ឆន្ទៈ​ដោយ​សេរី ក៏​អត់​មាន​ទៀត ពីព្រោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គណបក្ស​មួយ​ប្រើប្រាស់​សឹង​តែ​ទាំងអស់»

ស្ត្រី​មេ​ផ្ទះ​ម្នាក់ រស់នៅ​ទីក្រុង​ភ្នំពេញ អ្នកស្រី អ៊ុក ណាវីន ដែល​បាន​អះអាង​ថា បាន​ទៅ​បោះឆ្នោត​យ៉ាង​ទៀង​ទាត់ មាន​ប្រសាសន៍​ថា អ្នកស្រី​ពុំ​មាន​ការ​ភ័យ​ខ្លាច​ទេ ហើយ​ដឹង​ច្បាស់​ពី​សារសំខាន់​របស់​ម្ចាស់​ឆ្នោត៖ «ខ្ញុំ​ទៅ​មិន​ដែល​ខាន​ទេ ព្រោះ​ខ្ញុំ​ចង់​រើស​អ្នក​ដឹកនាំ​ប្រទេស​មួយ​ដ៏​ល្អ មាន​សារសំខាន់​ណាស់ កាល​ណា​យើង​ទៅ​បោះឆ្នោត ពេញ​ចិត្ត​អ្នក​ដឹកនាំ​បាន​ល្អ សន្លឹក​ឆ្នោត​យើង​មួយ​នោះ ក៏​អាច​ឈ្នះ​បាន​ដែរ បើ​យើង​មិន​ទៅ​បោះ គឺ​វា​ខាត។ ខ្ញុំ​អត់​មាន​ភ័យ​ខ្លាច​ទេ ព្រោះ​ជា​សិទ្ធិ​របស់​យើង គ្មាន​អ្នក​ណា​គេ​ដឹង​ថា​យើង​បោះ​ឲ្យ​អ្នក​ណា​ទេ ស្រេច​តែ​ចិត្ត​យើង​ព្រោះ​សម្ងាត់»

ប៉ុន្តែ អ្នកស្រី អ៊ុក ណាវីន ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា មាន​ពលរដ្ឋ​ជាច្រើន​ដែល​មិន​បាន​គិតគូរ ឬ​អើពើ​ទៅ​បោះឆ្នោត ដោយសារ​យល់​ឃើញ​ថា ពួក​គេ​នៅ​តែ​ជួប​បញ្ហា​លំបាក​ជា​ដដែល ពីព្រោះ​ការ​បោះឆ្នោត​ជាច្រើន​ដង​មក​ហើយ​នេះ​មិន​មាន​មេ​ដឹកនាំ​ជួយ​ដោះស្រាយ​ស្ថានភាព​រស់នៅ​ទី​ទាល់ក្រ​របស់​ពួក​គេ​ទាល់​តែ​សោះ៖ «អត់​ខ្វល់​ទេ ទៅ​បោះឆ្នោត ឬ​មិន​បោះ ក៏​មិន​មាន​បញ្ហា​ដែរ គិត​សព្វៗ​ទៅ បោះ​ឲ្យ​អា​ណា ក៏​ស៊ី​បាយ​ខ្លួន​ឯង បោះ​ឲ្យ​អា​ណា​ក៏​រត់​តែ​ខ្លួន​ឯង។ យើង​និយាយ​ពន្យល់​គាត់ គឺ​គាត់​ថា​អត់​ខ្វល់​ទេ ដល់​និយាយ​យូរៗ​ទៅ គាត់​អត់​ស្តាប់​ទេ គាត់​ថា​ពិបាក​តែ​ខ្លួន​ឯង»

សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ខ្មែរ ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​បោះឆ្នោត រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ។ ប្រសិន​បើ​ពលរដ្ឋ​ដែល​មាន​អាយុ​បោះឆ្នោត​ហើយ ត្រូវ​គេ​រារាំង​មិន​អោយ​ចុះ​ឈ្មោះ​បោះឆ្នោត ឬ​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​ហើយ ប៉ុន្តែ​មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត នេះ​មាន​ន័យ​ថា សិទ្ធិ​បោះឆ្នោត​ត្រូវ​បាន​រំលោភ​បំពាន ឬ​បាត់បង់។ លើស​ពី​នេះ​ទៀត ប្រសិន​បើ​មាន​ការ​គំរាម​កំហែង បង្ខំ​អោយ​ពលរដ្ឋ​បោះឆ្នោត​អោយ ឬ​មិន​បោះឆ្នោត​អោយ​គណបក្ស​ណា​មួយ​នោះ ក៏​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​រំលោភ​សិទ្ធិ​បោះឆ្នោត​របស់​ពលរដ្ឋ​ផង​ដែរ។

កម្ពុជា នឹង​បោះឆ្នោត​សកល ឬ​បោះឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ។ ក្នុង​អំឡុង​ពេល​មួយ​ខែ​មុន​កាល​បរិច្ឆេទ​នេះ គឺ​ចាប់​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ដល់​ថ្ងៃ​ទី២៦ ខែ​កក្កដា ជា​ពេល​វេលា​សម្រាប់​គណបក្ស​នយោបាយ​ធ្វើ​យុទ្ធនាការ​រក​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ។ នោះ​ហើយ​ជា​ឱកាស​សម្រាប់​ពលរដ្ឋ​កម្ពុជា ទាំងអស់ តាម​ដាន​ស្តាប់​ការ​ឃោសនា​ថា តើ​គណបក្ស​ណា​មាន​កម្មវិធី​នយោបាយ​ល្អ​ជាង​គេ និង​អាច​ជឿជាក់​បាន ដែល​ខ្លួន​ពេញ​ចិត្ត និង​បោះឆ្នោត​អោយ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។