អង្គការ​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​សេចក្ដី​ព្រាង​ច្បាប់​សមាគម-​អង្គការ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុប​ចោល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ពីព្រោះ​សេចក្ដី​ព្រាង​ច្បាប់​មួយ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព និង​ការងារ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា បញ្ជាក់​ថា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ រួម​ទាំង​អង្គការ​អន្តរជាតិ​ផ្នែក​សិទ្ធិមនុស្ស​ចំនួន ១០​ស្ថាប័ន​ផ្សេង​ទៀត បាន​ផ្ញើ​លិខិត​ជូន​រដ្ឋាភិបាល​ចំនួន ៤៤​ប្រទេស និង​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​នោះ និង​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​គាប​សង្កត់​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​សេចក្ដី​ព្រាង​ច្បាប់​នេះ និង​ហ៊ាន​និយាយ​ការពារ​ដល់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​កំពុង​បន្ត​ការងារ​ដ៏​មាន​តម្លៃ ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ ការពារ​សិទ្ធិ​កុមារ សិទ្ធិមនុស្ស និង​កិច្ច​ការងារ​ជា​ច្រើន​ទៀត។

​លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​ផ្នែក​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា រដ្ឋាភិបាល​និង​ក្រុម​ម្ចាស់​ជំនួយ​ដល់​កម្ពុជា គួរ​ប្រើ​ឥទ្ធិពល​របស់​ខ្លួន ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ព្យាយាម​ដ៏​គ្រោះថ្នាក់​នេះ ដើម្បី​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​សិទ្ធិ​សេរីភាព និង​ការ​បញ្ចេញ​មតិ​របស់​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ថ្ងៃ​សុក្រ ទី​៥ ខែ​មិថុនា បន្ទាប់​ពី​បាន​ពិភាក្សា​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា មុន​ដាក់​ជូន​សភា​ជាតិ​អនុម័ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។