សិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មានគ្រប់គ្រាន់របស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅកម្ពុជា និងនៅប្រទេសវៀតណាម ជាប្រធានបទពិភាក្សាមួយដ៏សំខាន់ ដែលគេបានលើកពិភាក្សានៅក្នុងសិក្ខាសាលាមួយនៅព្រឹកថ្ងៃទី២៥ មីនា ដែលបញ្ហារំលោភសិទ្ធិមនុស្សនេះ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមកំពុងតែប្រឈមនៅលើទឹកដីកំណើតរបស់ខ្លួន។
ការរើសអើង និងការរំលោភសិទ្ធិមនុស្សកំពុងកើតមានមកលើប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មិនថាអ្នករស់នៅប្រទេសកម្ពុជា និងប្រទេសវៀតណាម ភូមិភាគខាងត្បូង សព្វថ្ងៃនេះទេ។
អ្វីដែលជាតម្រូវការចាំបាច់ដែលខ្មែរកម្ពុជាក្រោមទាមទារចង់បាននោះ គឺសិទ្ធិទទួលបានព័ត៌មាន និងសិទ្ធិសេរីភាពបញ្ចេញមតិ ពីព្រោះថា សេរីភាពបញ្ចេញមតិ គឺជាសិទ្ធិមនុស្សមូលដ្ឋានមួយ ដែលបង្កើតបានជាសសរស្ដម្ភសម្រាប់សិទ្ធិមនុស្សផ្សេងៗទៀត។
នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន យឿង បានអានរបាយការណ៍ស្ដីពីការរំលោភសិទ្ធិខ្មែរកម្ពុជាក្រោមនៅកម្ពុជា និងនៅវៀតណាម នៅក្នុងសិក្ខាសាលាស្ដីពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងទទួលបានព័ត៌មាន នៅថ្ងៃទី២៥ មីនា ថា ប្រជាពលរដ្ឋកម្ពុជាក្រោមនៅកម្ពុជា តែងតែមានការយាយីរំខានពីកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន នៅពេលពួកគាត់ចូលរួមក្នុងកិច្ចការនយោបាយណាមួយ ឬប្រមូលផ្ដុំជួបជុំគ្នាជាលក្ខណៈប្រជុំ សិក្ខាសាលាពិគ្រោះយោបល់ផ្សេងៗទៀត៖ «សឹងតែគ្រប់សកម្មភាពក្នុងការប្រមូលផ្ដុំគ្នា តែងតែប្រឈមទៅនឹងការឃ្លាំមើលការបង្ហាញកាយវិការជាលក្ខណៈគំរាមកំហែង ឬពេលខ្លះត្រូវបានកងកម្លាំងសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានមិនអនុញ្ញាតឲ្យសកម្មភាពឡើយ»។
សិទ្ធិសេរីភាពបញ្ចេញមតិ ត្រូវបានធានាក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចែងថា ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពបញ្ចេញមតិ។ មាត្រា៣១ ទទួលស្គាល់ និងគោរពតាមសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា អនុសញ្ញានានា ដែលជាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ម្យ៉ាងទៀត ប្រទេសកម្ពុជា បានផ្ដល់សច្ចាប័ននៃកតិកាសញ្ញាអនុសញ្ញានានា ដែលជាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស កាលពីឆ្នាំ១៩៩២ ដែលបង្កើតឲ្យមានកាតព្វកិច្ចគតិយុត្តិលើប្រទេសកម្ពុជា ហើយមាត្រា១៩ ចែងថា សេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអនុសញ្ញានានា ដែលជាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ធានានូវសិទ្ធិសេរីភាពបញ្ចេញមតិ។
ដោយឡែក នៅប្រទេសវៀតណាម វិញ លោក សឺន យឿន បានអះអាងថា រដ្ឋាភិបាលវៀតណាម មិនអនុញ្ញាតឲ្យខ្មែរកម្ពុជាក្រោមមានសិទ្ធិទទួលព័ត៌មានបានងាយៗនោះឡើយ ហើយវៀតណាម ក៏មិនអនុញ្ញាតឲ្យខ្មែរកម្ពុជាក្រោមបើកអង្គការសមាគមនៅប្រទេសវៀតណាម ដូចវៀតណាម នៅកម្ពុជា មានសិទ្ធិគ្រប់បែបយ៉ាង ដូចជាសិទ្ធិបង្កើតសមាគមវៀតណាម ជាដើម៖ «រដ្ឋាភិបាលវៀតណាម មិនឲ្យស្ដាប់វិទ្យុអាស៊ីសេរី (RFA) វិទ្យុវីអូអេ (VOA) ជាភាសាខ្មែរឡើយ។ រដ្ឋាភិបាលវៀតណាម ហាមមិនឲ្យតភ្ជាប់ឧបករណ៍ឌីធីវី (DTV) ភ្ជាប់ទូរទស្សន៍អាចមើលឃើញប៉ុស្តិ៍ខ្មែរផ្សាយចេញពីកម្ពុជា នេះទៅនោះ»។
នៅក្នុងអង្គសិក្ខាសាលាដែលមានតំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោមចំនួន១២ និងមានប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម មកពីខេត្តតាកែវ កណ្ដាល បាត់ដំបង កំពង់ស្ពឺ និងទីក្រុងភ្នំពេញ ចូលរួមប្រមាណជាង ៥០នាក់ និងមានក្រុមអ្នកច្បាប់ និងតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិចូលរួមនោះ មានអ្នកចូលរួមជាច្រើនបានចោទសួរទៅវាគ្មិនថា តើពួកគាត់មានសិទ្ធិអ្វីខ្លះរស់នៅលើទឹកដីកំណើតរបស់ខ្លួន? ហើយត្រូវធ្វើដូចម្ដេច ដើម្បីឲ្យអាជ្ញាធរវៀតណាម គោរពសិទ្ធិពួកគាត់នោះ?
ឆ្លើយតបទៅនឹងសំណួរទាំងនេះ ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកបណ្ឌិត សុក សំអឿន បានពន្យល់ថា វៀតណាម ជាប្រទេសប្រកាន់របបកុម្មុយនីស្ត ដូច្នេះបញ្ហាសំខាន់នៅត្រង់ថា ធ្វើយ៉ាងណាជំរុញឲ្យវៀតណាម ផ្លាស់ប្ដូរទម្រង់នៃការគ្រប់គ្រងប្រទេស គឺប្រកាន់យកនូវរបបប្រជាធិបតេយ្យនៅពេលប្រជាពលរដ្ឋទាំងអស់នឹងមានសិទ្ធិសេរីភាព។
ម្យ៉ាងវិញទៀត ក្រុមអ្នកវិភាគបានសង្កត់ធ្ងន់ថា វៀតណាម មិនអើពើចំពោះការលើកពីទុក្ខលំបាករបស់ខ្លួនស្ដីពីការគាបសង្កត់ និងរំលោភសិទ្ធិមនុស្សនេះទេ។ ប្រសិនបើរដ្ឋាភិបាលកម្ពុជា មានវិធានការតឹងរ៉ឹងចំពោះប្រជាពលរដ្ឋវៀតណាម វិញ ពោលគឺរដ្ឋាភិបាលកម្ពុជា អនុវត្តច្បាប់អន្តោប្រវេសន៍ ឬរឹតបន្តឹងចំពោះជនជាតិវៀតណាម នៅកម្ពុជា នៅពេលនោះរដ្ឋាភិបាលវៀតណាម នឹងពិចារណាអំពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋខ្មែរដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ដើម្បីសួរអំពីបញ្ហានេះបានទេ នៅថ្ងៃទី២៥ មីនា។ ប៉ុន្តែកន្លងមក មន្ត្រីនាំពាក្យស្ថានទូតវៀតណាម លោក ឡេ មិញង៉ុក (Le Minhngoc) បានអះអាងថា រដ្ឋាភិបាលវៀតណាម បានផ្ដល់សិទ្ធិគ្រប់គ្រាន់ដល់ខ្មែរកម្ពុជាក្រោម ដូចនឹងជនជាតិវៀតណាម ទូទៅដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក សែន សាលី បានជំរុញឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម ទាំងអស់សហការគ្នាក្នុងការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក និងជំរុញឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិជនជាតិដើមដែលជាដំណោះស្រាយមួយសមស្រប និងសន្តិវិធី។
សេចក្ដីប្រកាសអង្គការសហប្រជាជាតិស្ដីពីជនជាតិដើម ដែលរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាទទួលស្គាល់ដែរនោះ មាត្រា១៦ ចែងថា ជនជាតិដើមមានសិទ្ធិបង្កើតប្រព័ន្ធផ្សព្វផ្សាយដោយប្រើភាសារបស់ខ្លួន និងមានសិទ្ធិប្រើប្រាស់តាមគ្រប់រូបភាពនូវប្រព័ន្ធផ្សព្វផ្សាយ ដែលមិនមែនជារបស់ជនជាតិដើមដោយគ្មានការរើសអើងឡើយ។
លើសពីនេះទៀត លំហូរសេរីភាពព័ត៌មាន និងគំនិត គឺស្ថិតនៅក្នុងបេះដូងនៃរបបប្រជាធិបតេយ្យ ហើយវាមានសារសំខាន់ណាស់ចំពោះការគោរពសិទ្ធិមនុស្សយ៉ាងពិតប្រាកដ។ បើសិនជាគ្មានការគោរពដល់សេរីភាពនៃការបញ្ចេញមតិ ដែលរួមមានសិទ្ធិស្វែងរក ទទួលបាន និងចែករំលែកព័ត៌មាន ព្រមទាំងគំនិតទេនោះ គេមិនអាចអនុវត្តសិទ្ធិបោះឆ្នោតបានឡើយ ហើយការរំលោភសិទ្ធិមនុស្ស នឹងកើតមានយ៉ាងស្ងៀមស្ងាត់ ហើយក៏គ្មានមធ្យោបាយបកអាក្រាតលាតត្រដាងរដ្ឋាភិបាលពុករលួយ និងអសមត្ថភាពនោះឡើយ។
ទាក់ទងនឹងបញ្ហានេះ ក្រុមអ្នកវិភាគបានលើកឡើងថា បញ្ហារំលោភសិទ្ធិមនុស្ស និងសេរីភាពផ្ដល់ព័ត៌មាននៅវៀតណាម ពិបាកនឹងធ្វើឲ្យប្រសើរឡើងណាស់ លុះត្រាណាវៀតណាម ផ្លាស់ប្ដូររបបគ្រប់គ្រងប្រទេសពីរបបកុម្មុយនីស្តទៅប្រជាធិបតេយ្យ។
ទាក់ទងនឹងបញ្ហានេះ អង្គការសមាគមខ្មែរកម្ពុជាក្រោម ដែលរៀបចំសិក្ខាសាលានេះ នឹងសរសេររបាយការណ៍ស្ដីពីបញ្ហាប្រឈមនានារបស់ខ្មែរកម្ពុជាក្រោមនៅវៀតណាម ផ្ញើទៅអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅពេលខាងមុខ ដើម្បីជួយអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម អំពីបញ្ហាប្រឈមទាំងនោះ រួមមាន បញ្ហារំលោភសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មានជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។