ជាក់ស្ដែង បុគ្គលិកវិទ្យុអាស៊ីសេរី ចំនួន ៣នាក់ ត្រូវយោធាការពារព្រំដែនគោក ៥៣ នៅច្រករបៀងបរតាំងស៊ូ ក្នុងខេត្តប៉ៃលិន ត្រូវបានរារាំងមិនអនុញ្ញាតឲ្យចុះពិនិត្យមើលបង្គោលមួយចំនួននៅជាប់ព្រំដែនកម្ពុជា-ថៃ ទេ។
បុគ្គលិកវិទ្យុអាស៊ីសេរី ចំនួន ៣នាក់ ត្រូវបានមន្ត្រីយោធាការពារព្រំដែនវរសេនាតូច៥៣៥ នៃកងពល៥៣ រារាំងមិនឲ្យចុះមើលបង្គោលព្រំដែន នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយចាត់ទុកថា វិទ្យុអាស៊ីសេរី ខ្វះកិច្ចសហប្រតិបត្តិការជាមួយមន្ត្រីយោធានៅតាមខ្សែបន្ទាត់ព្រំដែន និងអាចនាំឲ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួន។
បន្ទាប់ពីអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរី សិក្សាពីការបោះបង្គោលព្រំដែន ដែលចាក់ពីបេតុងលេខ៦៤ នៅថ្ងៃទី១៨ មីនា ត្រង់ចំណុចបរតាំងស៊ូ នៃខេត្តប៉ៃលិន ត្រូវបានមេបញ្ជាការគ២ គឺលោក គង់ ធី ទទួលបន្ទុកប្រចាំទិសបរយ៉ាខា អះអាងតាមទូរស័ព្ទ ដោយចាត់ទុកថា អ្វីដែលអ្នករាយការណ៍ព័ត៌មាននៃវិទ្យុអាស៊ីសេរី កំពុងអនុវត្តនេះ គឺជាផ្នែកមួយដែលអាចនាំឲ្យមានការប្រឈម និងអាចប៉ះពាល់ដល់ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ។
លោកគិតថា ការចុះបំពេញបេសកកម្មដោយពុំបានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធជាមុនលើផ្នែកនេះ គឺជាកំហុសដ៏ពិតប្រាកដរបស់វិទ្យុអាស៊ីសេរី៖ «មិនរាយការណ៍ប្រាប់មេ ឯងមើល ទៅធ្វើការមិនសហការជាមួយគ្នា។ ចុះឮបងប្រាប់បងឯងថា បងវែងឯងអត់ឲ្យមក គ្រាន់តែថតបង្គោលឡាក់ វាមានស្អី។ អើបើមានបញ្ហាទៅ គាត់មក គាត់មានបញ្ហាមានអ្នកទទួលខុសត្រូវ។ ហេឡូមេ ខាងអាស៊ីសេរី មេ ឥឡូវជួបគាត់ទៅជួបគាត់ទៅ បាទៗណេះបងជួបគាត់តែបណ្ដោយ។ ចុះបើសិនគាត់មកមានបញ្ហាថៃ ណាម៉េចម៉ាថៃ អ្នកណាទទួលខុសត្រូវ ឯងអ្នកទទួលខុសត្រូវ។ ក្រុមការងារចង់មកមើលបង្គោលឡាក់មួយនៅនេះ យើងនៅលេខ៦៤»។
ទោះជាបែបណា បង្គោលព្រំដែនមួយចំនួនទៀតដែលនៅតាមខ្សែបន្ទាត់ជាមួយគ្នានោះ ដូចជាបង្គោលឡាក់ ៦២ ៦៣ ៦៥ ៦៦ ៦៧ និងបង្គោលឡាក់លេខ៦៨ មិនត្រូវបានមន្ត្រីយោធាការពារព្រំដែនគោកអនុញ្ញាតឲ្យពិនិត្យនោះឡើយ។ ការមិនឲ្យចុះពិនិត្យនេះ ត្រូវបានមន្ត្រីព្រំដែន អះអាងថា ព្រោះជាតំបន់មិនទាន់បានកំណត់ខណ្ឌសីមាប្រទេសទាំងពីរច្បាស់លាស់ និងជាទីតាំងគ្រោះថ្នាក់ដោយគ្រាប់មីននៅឡើយ។
ក៏ប៉ុន្តែ បញ្ហានេះត្រូវបានពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចាត់ទុកថា គោលនយោបាយរបស់រដ្ឋាភិបាលតែងលាក់លៀមពលរដ្ឋមិនចង់ឲ្យដឹងពីអធិបតីភាព និងបូរណភាពទឹកដីរបស់ខ្លួននោះទេ។
ប្រភពបន្តថា តែផ្ទុយទៅវិញ រដ្ឋាភិបាលថៃ តែងលើកទឹកចិត្ត និងបើកទូលាយឲ្យពលរដ្ឋរបស់គេស្វែងយល់ និងស្គាល់ពីព្រំដែនជាដរាប៖ «ហើយបង ខាងថៃ គេសង្វាតចង់ងាប់ ប្រាក់ខែគេច្រើន ថ្ងៃណាក៏គេដើរ ថ្ងៃណាក៏រុកអ៊ីចឹងមក រុកចូលដីយើងឃាត់ឃាំងប្រជាពលរដ្ឋយើងអ៊ីចឹង។ ទាហានយើង ប៉ូលិសយើង មិនដែលទៅឃាត់ឃាំងប្រជាពលរដ្ឋគេទេ មិនដែលទៅនិយាយអីគេយ៉ាងម៉េច។ យើងគាបតែខាងយើងវិញ បើនិយាយទៅ គាបតែខាងយើង កុំធ្វើអ៊ីចឹងប៉ះគេអីអ៊ីចឹងៗ ធ្វើតែខាងយើងអីអ៊ីចឹង»។
ទាក់ទិនបញ្ហានេះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា ធ្លាប់បានអះអាងថា រដ្ឋាភិបាលពុំដែលចង្អៀតចង្អល់ពលរដ្ឋណាម្នាក់ដែលចង់ដឹងចង់យល់ពីបញ្ហាព្រំដែនជាមួយប្រទេសជិតខាងនោះទេ៖ «មានដែលឮថាមានបទបញ្ញត្តិពីអាជ្ញាធរ ពីរាជរដ្ឋាភិបាល ឬពីគណៈកម្មការព្រំដែនហាមឃាត់ទេ។ យើងដឹងហើយច្បាប់នោះ អ្វីដែលច្បាប់មិនហាមឃាត់នោះ គឺច្បាប់អនុញ្ញាតហើយ។ រឿងនេះ គេរាយការណ៍ទៅលើ ថតបើថានេះគេទៅបោះវិញ មនុស្សគេចង់តែទៅមើល មានណាគេហាមឃាត់»។
បើទោះជាគោលជំហររបស់រដ្ឋាភិបាល ចាត់ទុកបញ្ហាព្រំដែន គឺជាគោលនយោបាយបើកចំហយ៉ាងណាក៏ដោយ ក៏ប៉ុន្តែទាំងមន្ត្រីបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល រិះគន់ថា គោលនយោបាយរបស់រដ្ឋាភិបាលតែងបិទបាំងជាដរាបចំពោះដំណើរការនៃបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។