អង្គការ​មិនមែន​រដ្ឋាភិបាល​បារម្ភ​ថា​អនុស្សរណៈ​យោគយល់​គ្នា​មិន​អាច​ការពារ​ពលករ

0:00 / 0:00

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) រក​ឃើញ​ថា មាន​បញ្ហា​សេសសល់​មួយ​ចំនួន​បន្ត​កើត​ឡើង​ចាប់​តាំង​ពី​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ផ្អាក​ការ​ជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​ជា​ជំនួយការ​មេផ្ទះ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​២០១១។ បញ្ហា​ទាំង​នោះ​រួម​មាន​ករណី​ពលករ​បាត់​ខ្លួន ទារុណកម្ម ថៅកែ​មិន​ផ្ដល់​ប្រាក់​បៀវត្សរ៍ ការ​បង្ខំ​អោយ​បន្ត​អាណត្តិ និង​បាត់​ដំណឹង​ជាដើម។

ការ​បង្ហាញ​របស់​សមាគម​អាដហុក គឺ​ស្រប​ពេល​នឹង​រដ្ឋាភិបាល​កម្ពុជា និង​ម៉ាឡេស៊ី ត្រៀម​បញ្ចប់​សេចក្ដី​ព្រាង​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំង​២ ស្ដីពី​ការជួល​ពលករ​ដើម្បី​បើកផ្លូវ​អោយ​នាំ​ពលករ​ពី​កម្ពុជា ទៅ​ធ្វើការ​តាម​ផ្ទះ​ឡើងវិញ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្នើ​អោយ​រដ្ឋាភិបាល​ពិចារណា​អោយ​បាន​គ្រប់ជ្រុងជ្រោយ​មុន​ពេល​ព្រមព្រៀង​ចុះ​ហត្ថលេខា លើ​អនុស្សរណៈ​យោគយល់​គ្នា បញ្ជូន​ពលករ​ធ្វើ​ការងារ​តាម​ផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី។

ប្រធាន​សមាគម​អាដហុក លោក ធន សារ៉ាយ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា ថា អនុស្សរណៈ​ដែល​អាច​ការពារ​ពលករ​បាន​លុះ​ត្រា​តែ​បាន​គោរព​តាម​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលករ​ចំណាក​ស្រុក​របស់​អង្គការ​សហប្រជាជាតិ៖ «យើង​មិន​ចង់​បាន​អនុស្សរណៈ​ដែល​អាក្រក់​ដោយ​មិន​មាន​ការ​គោរព​សិទ្ធិ​របស់​ពលករ​ចំណាកស្រុក​ទេ គឺ​យើង​ចង់​បានគុណភាព​នៃ​អនុស្សរណៈ​ហ្នឹង»

លោក ធន សារាយ បន្ត​ថា លោក​បារម្ភ​ចំពោះ​អនុស្សរណៈ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី នេះ ដ្បិត​លោក​ពិនិត្យ​ឃើញ​ថា ក្នុង​ចំណោម​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​នៅ​ពុំ​ទាន់​មាន​ប្រទេស​ណា​មួយ​ដែល​មាន​ស្ថាន​ភាព​ល្អ​សម្រាប់​ការពារ​ពលករ​ចំណាកស្រុក​នៅ​ឡើយ។ ម្យ៉ាង​ទៀត​លោក ធន់ សារាយ សង្កេត​ឃើញ​ថា បណ្ដា​ប្រទេស​ទទួល​ពលករ​តែងតែ​ការពារ​ប្រយោជន៍​របស់​ខ្លួន កាត់​បន្ថយ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ពលករ​ដែល​ត្រូវ​គេ​បញ្ជូន​ទៅ។

រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចាប់​ផ្ដើម​ដឹក​នាំ​ការងារ​រៀបចំ​សេចក្ដី​ព្រាង​អនុស្សរណៈ​យោគយល់​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ក្រោយ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី បាន​ចេញ​សារាចរ​ផ្អាក​ការ​ជ្រើសរើស បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ខែ​តុលា ឆ្នាំ​២០១១។ ភាគី​ទាំង​២ បាន​ផ្លាស់​ប្ដូរ និង​កែ​សម្រួល​សេចក្ដី​ព្រាង​អនុស្សរណៈ​ជា​ច្រើន​លើក​ច្រើន​សា។ កាល​ពី​ចុង​ឆ្នាំ​២០១៤ រដ្ឋមន្ត្រី​ក្រសួង​ការងារ ធ្លាប់​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ដោយ​សង្ឃឹម​ថា ភាគី​ទាំង​២​នឹង​អាច​ពិភាក្សា​បញ្ចប់​លើ​អនុស្សរណៈ​នោះ​នៅ​ចុង​ឆ្នាំ​២០១៤ កន្លង​ទៅ ឬ​នៅ​ដើម​ឆ្នាំ​២០១៥​នេះ ដើម្បី​ឈាន​ទៅ​រក​ការព្រមព្រៀង​ចុះ​ហត្ថលេខា។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​ដំណឹង​ពី​ការ​ចុះ​ហត្ថលេខា​នោះ​នៅ​ឡើយ។

នាយក​ប្រតិបត្តិ​អង្គការ ខារ៉ាម (KARAM) កម្ពុជា លោក យ៉ា ណាវុធ មាន​ប្រសាសន៍​ថា ប្រសិន​បើ​អនុស្សរណៈ​នោះ​មិន​ទាន់​បាន​ល្អ​ដូច​អង្គការ​មិន​មែន​រដ្ឋាភិបាល​ធ្លាប់​ទាមទារ​ទេ​នោះ រដ្ឋាភិបាល​មិន​គួរ​បន្ត​ចុះ​ហត្ថលេខា​ឡើយ។ លោក ណាវុធ យល់​ថា កម្ពុជា​គួរ​ពិចារណា​បង្កើន​ទីផ្សារ​ការងារ​ក្នុង​ស្រុក៖ «គឺ​យើង​ចង់​អោយ​កែលំអ​ទៅ​លើ​លក្ខខណ្ឌ​ការងារ​ តាំង​ពី​ម៉ោង ត្រូវ​មាន​កិច្ចសន្យា​ការងារ​ច្បាស់លាស់ ត្រូវ​គ្របដណ្តប់​ក្នុង​ច្បាប់​ការងារ មាន​ន័យ​ថា បើ​អោយ​ធ្វើ​លើស​ម៉ោង ត្រូវ​គិត​ម៉ោង​អោយ។ បើ​សិន​ជា​មាន​ការ​រំលោភ​បំពាន​ផ្សេងៗ គឺ​ត្រូវ​អនុវត្ត​ច្បាប់​ការងារ​ដូច​ពលរដ្ឋ​របស់​ខ្លួន»

លោក យ៉ា ណាវុធ សម្លឹង​ឃើញ​ថា ច្បាប់​ការងារ​ក្នុង​ប្រទេស​ម៉ាឡេស៊ី គឺ​មិន​ខុសគ្នា​ពី​ច្បាប់​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ គឺ​ពុំ​បាន​គ្រប​ដណ្ដប់​លើ​អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ​ឡើយ៖ «អោយ​តែ​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ការងារ​នឹង​ការពារ​គ្រប់​សព្វ​ទាំង​អស់ តែ​សំខាន់​នោះ​គឺ​ច្បាប់​ក្នុង​ប្រទេស​​ម៉ាឡេស៊ី គេ​ចាត់​ទុក​អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ​គឺ​ជា​អ្នក​បម្រើ មិន​មែន​ជា​កម្មករ​ដែល​ត្រូវ​ការពារ​ដោយ​ច្បាប់​ការងារ​ទេ សូម្បី​តែ​កម្ពុជា ខ្លួន​ឯង​​​​ក៏​មិន​បាន​គិត​អំពី​អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ​ មិន​មាន​ច្បាប់​សម្រប់​ការពារ​គាត់​នៅ​ឡើយ​ដែរ»

ទាក់ទិន​នឹង​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី សមាគម​អាដហុក បាន​បង្ហាញ​របាយការណ៍​ពី​បញ្ហា​សេសសល់​នៃ​ការរំលោភ​សិទ្ធិ​ពលករ​ធ្វើ​ការ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ សមាគម​នេះ​ទទួល​បាន​បណ្ដឹង​របស់​ពលរដ្ឋ​ចំនួន ១៣០​ករណី​ដែល​ពួកគេ​នៅ​មិន​ទាន់​បាន​ទទួល​យុត្តិធម៌​នៅ​ឡើយ។ ករណី​ទាំង​នោះ​រួម​មាន​បណ្ដឹង​ប្រឆាំង​ថៅកែ ឬ​ម្ចាស់ផ្ទះ ដែល​បាន​ធ្វើ​ទារុណកម្ម​លើ​រូបរាងកាយ​ចំនួន ១៦​ករណី មិន​បាន​ទទួល​ប្រាក់​ខែ​ចំនួន ២២​ករណី បាត់​ដំណឹង​ចំនួន ២៩​ករណី បាត់​ខ្លួន ៦៣​ករណី និង​បង្ខំ​អោយ​បន្ត​អាណត្តិ​ការងារ​ចំនួន ១២​ករណី។

ដោយសារ​ករណី​ទាំង​នេះ​សមាគម​អាដហុក ស្នើ​រដ្ឋាភិបាល​ពិចារណា​ពី​អនុស្សរណៈ ទាំង​ន័យ​សេចក្ដី​របស់​បទដ្ឋាន​ច្បាប់​នេះ និង​ការ​អនុវត្ត ប្រសិន​បើ​រដ្ឋាភិបាល​ចាំ​ត្រូវ​តែ​ចុះ​ហត្ថលេខា ដោយ​ចៀស​មិន​រួច។

ក្រុម​គ្រួសារ និង​ស្ត្រី​ដែល​ជួប​បទពិសោធន៍​មិន​ល្អ​ពី​ការងារ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ក៏​បាន​រំលឹក​ពី​ការ​លំបាក​ដែល​ពួកគេ​ជួបប្រទះ ហើយ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ទប់ស្កាត់​មិន​អោយ​បទ​ពិសោធន៍​បែប​នេះ​បន្ត​កើត​មាន​ចំពោះ​ពលករ​ខ្មែរ​ឡើយ។

ក្នុង​វ័យ​ជាង ២០​ឆ្នាំ មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​កណ្ដាល លោកស្រី ចំរើន ស្រីលក្ខណ៍ មាន​ប្រសាសន៍​ថា នាង​ត្រូវ​ធ្វើ​ការងារ​ហួស​ពី​កម្លាំង និង​ច្រើន​ម៉ោង ពុំ​មាន​ពេល​សម្រាក​គ្រប់គ្រាន់៖ «ជួន​មួយ​ថ្ងៃ​គេ​អោយ​ហូប ៣​ពេល តែ​បើ​យើង​ធ្វើ​ការ​ជ្រុល​ម៉ោង​ទៅ​​​ហត់​ពេក​អត់​បាន​ឈប់ អត់​បាន​ហូប​បាយ​ទេ។ ហូប​បាយ​គឺ​ដូច​គេ​ដូច​ឯង​ តែ​យើង​ហូប​ក្រោយ​គេ​ ម្ហូប​គេ​សល់។ ផ្ទះ​គេ​ចាក់សោ​រហូត ហើយ​គេ​មាន​កាមេរ៉ា ដាក់​តាម​មើល​យើង​ធ្វើ​អី យក​អី គឺ​គេ​ដឹង»

ក្នុង​វ័យ​ជាង ២០​ឆ្នាំ យុវតី ណាម ស្រីស្រស់ មាន​ប្រសាសន៍​នៅ​ការិយាល័យ​អាដហុក​ថា នាង​បាន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​បន្ទាប់​ពី​ធ្វើ​ការងារ​តាម​ផ្ទះនៅ​ប្រទេស​ម៉ាឡេស៊ី រយៈពេល ២​ឆ្នាំ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ប្រាក់​ខែ​របស់​នាង​នៅ​មិន​ទាន់​បើក​អស់​នៅ​ឡើយ៖ «បង្ខំ​អោយ​យើង​ធ្វើ​ការងារ​ធ្ងន់​ហួស​កម្លាំង​យើង​ ហើយ​គំរាម​យើង​សព្វ​បែប​យ៉ាង។ បើ​យើង​អត់​ទៅ​វិញ ក៏​លុយ​ហ្នឹង​គាត់​ថា អត់​អោយ គឺ​លុយ​នៅ​សល់​ទាំង​ប៉ុន្មាន​គាត់​ថា ចាត់​ទុក​ជា​អសារបង់ ហើយ​គាត់​ទាមទារ​អោយ​យើង​ទៅ​វិញ»

ចំណែក​ស្ត្រី​វ័យ​ជាង ៥០​ឆ្នាំ មក​ពី​ខេត្ត​កំពង់ស្ពឺ បញ្ជាក់​ថា កូន​របស់​លោកស្រី​បាន​បាត់ខ្លួន​​ជា​ច្រើន​ឆ្នាំ​ហើយ មិន​ដឹង​រសាត់​អណ្ដែត​ទៅ​ដល់​ទីណា​ឡើយ។ លោកស្រី​បន្ត​ថា កូនស្រី​បាន​ទៅ​ធ្វើការ​តាម​រយៈ​ក្រុមហ៊ុន ធី.អែន.ភី (T&P)៖ «កូន​ទៅ​តាំង​ពី​ឆ្នាំ​២០១០ ព័ត៌មាន​អី​អត់​ទាំង​អស់ ទៅ​ដល់​បែប​ទំនង​ជា ៣ ឬ ៦​ខែ ក្រុមហ៊ុន​នេះ​ខ្ញុំ​ទូរស័ព្ទ​ទៅ​អត់​ចូល​សោះ អត់​ដែល​លើក​សោះ។ កូន​ក៏​មិន​ដែល​ទូរស័ព្ទ​មក​ដែរ ចំណែក​មេខ្យល់​ចេះ​តែ​មិន​អីៗ ចាប់​ពី​ពេល​នោះ​មក​ខ្ញុំ​លែង​ទៅ​សួរ​ទៅ​នាំ​អី​ ហើយ​គេ​អោយ​ខ្ញុំ​ធ្វើ​ពាក្យ​ប្ដឹង ខ្ញុំ​ថា ខ្ញុំ​វា​ខ្វះខាត​លុយ​យ៉ាង​នេះ​ អត់​ដឹង​ជា​​ឡើង​ចុះ​ទៅ​ឯ​ណា»

ក្រៅ​ពី​អនុសាសន៍​ចំពោះ​សេចក្ដី​ព្រាង​អនុស្សរណៈ​យោគយល់​គ្នា រវាង​កម្ពុជា នឹង​ប្រទេស​ម៉ាឡេស៊ី​នេះ សមាគម​អាដហុក ក៏​បាន​ស្នើ​អោយ​រដ្ឋាភិបាល​បង្កើត​ខ្ទង់​ចំណាយ​សម្រាប់​ជួយ​ពលករ​រងគ្រោះ និង​ចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ក្រុមហ៊ុន​ដែល​មិន​បាន​សង​ប្រាក់ខែ​ដល់​ពលករ​អោយ​គ្រប់​ចំនួន។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រហូត​មក​ទល់​ពេល​នេះ​មាន​ពលករ​កម្ពុជា ចំនួន ១​ម៉ឺន ៧​ពាន់​នាក់ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។