អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍នៅថ្ងៃអង្គារ ទី២ ខែមេសា ថា ការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៥ គ.ជ.ប នឹងជ្រើសរើសមន្ត្រីរៀបចំការបោះឆ្នោតជាជនពិការចូលធ្វើការងារបោះឆ្នោតឲ្យបានច្រើន។
លោកបន្តថា អាណត្តិបោះឆ្នោតឃុំ-សង្កាត់ ឬបោះឆ្នោតតំណាងរាស្ត្រកន្លងទៅ គ.ជ.ប ក៏មានការចូលរួមពីជនពិការផងដែរ ប៉ុន្តែនៅមានចំនួនតិចតួច៖ «ក្នុងការជ្រើសរើសមន្ត្រីបុគ្គលិក គឺយើងឲ្យអាទិភាព ទី១ ទៅលើស្ត្រី ទី២ បងប្អូនជនពិការដែលមានកាយសម្បទាសមស្របជាមួយការងារដែលគាត់ត្រូវធ្វើ ហើយទី៣ យើងក៏បានផ្តល់អទិភាពដែរ ដល់តំបន់ដែលមានជនជាតិដើមភាគតិចដែលគាត់អាចមានសមត្ថភាពចូលទៅបម្រើការងារបោះឆ្នោត។ ដោយឡែកឧទាហរណ៍នៅថ្នាក់ប្រធានគណៈកម្មការបោះឆ្នោត នៅតាមខេត្តហ្នឹងមាននៅមណ្ឌលគិរីជាដើម ប្រធានបោះឆ្នោតគាត់ជាជនជាតិភាគតិចនៅម្ដុំហ្នឹង។ ឧទាហរណ៍មួយទៀត ប្រធានបោះឆ្នោតខេត្តបន្ទាយមានជ័យ គាត់ជាជនពិការ ហើយគាត់បម្រើការងារនេះជាយូរមកហើយ»។
កាលបរិច្ឆេទនៃការបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៥ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។
នាយកប្រតិបត្តិអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន បានសាទរស្ថាប័ន គ.ជ.ប ដែលបន្តផ្ដល់ឱកាសឲ្យជនពិការបានចូលរួមបម្រើការងារក្នុងស្ថាប័នរៀបចំបោះឆ្នោតក្នុងអាណត្តិទី៥ នៃរដ្ឋសភា។
លោកចាត់ទុកកាយវិការរបស់ស្ថាប័ន គ.ជ.ប. ថាជាការលើកទឹកចិត្តមួយដល់ជនពិការកម្ពុជា៖ «អាចអនុញ្ញាតឲ្យជនពិការយើងក្លាយជាអ្នកអង្កេតការណ៍។ ក្នុងនាមអង្គការជនពិការកម្ពុជា សូមអបអរសាទរ ហើយសង្ឃឹមថា ការបោះឆ្នោតនេះនឹងមានការចូលយ៉ាងពេញលេញពីបងប្អូនជនពិការរបស់យើង ហើយបងប្អូនជនពិការរបស់យើងនឹងមានសិទ្ធិគ្រប់គ្រាន់ក្នុងការចូលរួមនយោបាយ ក៏ដូចជាការសម្ដែងនូវមតិរបស់ខ្លួន។ សង្កេតមើលថា តើការបោះឆ្នោតហ្នឹងមានលក្ខណៈសេរី និងយុត្តិធម៌ និងជួយដល់បងប្អូនជនពិការបានកម្រិតណា»។
បន្ថែមលើនេះ លោក ងិន សៅរ័ត្ន ក៏បានស្នើឲ្យ គ.ជ.ប ជួយបើកវគ្គបណ្ដុះបណ្ដាលទាក់ទិនការងារបោះឆ្នោតដល់ជនពិការ ដើម្បីឲ្យពួកគេមានឱកាសចូលរួមបម្រើការងារបោះឆ្នោតឲ្យបានច្រើន។
លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិ នៃគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ ដើម្បីបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ និកហ្វិច (Necfic)។ លោកបានគាំទ្រ គ.ជ.ប. ដែលបានលើកទឹកចិត្តដល់ជនពិការ អាចមានឱកាសចូលបម្រើការងារជាមន្ត្រីរៀបចំបោះឆ្នោតក្នុងស្ថាប័នខ្លួន៖ «ក្នុងនាមពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ខ្ញុំគិតថា ការប្រកាសរបស់ គ.ជ.ប បែបនេះ គឺជាការបង្ហាញតម្លាភាពមួយដែល គ.ជ.ប បើកជាចំហក្នុងការគោរពអញ្ជើញជនជាតិដើមភាគតិច និងជនដែលមានពិការភាព មានសិទ្ធិដូចប្រជាពលរដ្ឋទូទៅដែរ ក្នុងការចូលរួមធ្វើជាមន្ត្រីរៀបចំការបោះឆ្នោត។ ខ្ញុំគិតថា នេះគឺជាការបើកទូលាយ និងជាចំណុចល្អប្រសើរមួយ»។
មន្ត្រី គ.ជ.ប បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គ.ជ.ប នឹងផ្ដល់អាទិភាពដល់ជនពិការ ឬជនជាតិដើមភាគតិចជាស្ត្រី ឲ្យចូលបម្រើការងារជាមន្ត្រីរៀបចំបោះឆ្នោត ឬអ្នកសង្កេតការណ៍ឲ្យបានច្រើននៅទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។