របាយការណ៍ស្រាវជ្រាវដែលទើបចេញផ្សាយបង្ហាញថា អ្នកសារព័ត៌មានបន្តរងការគំរាមកំហែងដល់អាយុជីវិត និងខ្វះការសហការក្នុងការផ្តល់សម្ភាសពីបុគ្គលពាក់ព័ន្ធ។ សង្គមស៊ីវិលយល់ថា នេះជាក្តីព្រួយបារម្ភមួយ ដែលរារាំងអ្នកសារព័ត៌មានមិនឲ្យធ្វើការងារពេញលេញ។ ចំណែករដ្ឋាភិបាលឆ្លើយតបថា ស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជា កំពុងប្រសើរឡើង។
ការស្រាវជ្រាវរបស់អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) ចេញផ្សាយនៅថ្ងៃទី១១ ធ្នូ រកឃើញថា ក្នុងចំណោមអ្នកសារព័ត៌មាន ៥០នាក់មកពីស្ថាប័នផ្សេងៗដែលត្រូវបានសម្ភាស ៤៨ភាគរយ ឆ្លើយថា សេរីភាពសារព័ត៌មានមានតិចតួច ចំណែក ៤៤ភាគរយទៀតឆ្លើយថា សេរីភាពមានគួរសម ហើយ ៤ភាគរយឆ្លើយថា មានសេរីភាពពេញលេញ និង ៤ភាគរយឆ្លើយថា គ្មានសេរីភាព។
កម្រិតនៃសេរីភាពនេះ ត្រូវបានវាយតម្លៃដោយកត្តាប្រឈមរបស់អ្នកសារព័ត៌មានកម្ពុជា។ ការស្រាវជ្រាវបង្ហាញថា អ្នកសារព័ត៌មានបន្តរងការគំរាមកំហែងដល់អាយុជីវិត ដោយ ៣៨ភាគរយនៃអ្នកត្រូវគេសម្ភាស រាយការណ៍ថា ត្រូវគេគំរាមដល់សុវត្ថិភាព ឬអាយុជីវិតផ្ទាល់ខ្លួន ៣០ភាគរយនៃអ្នកត្រូវគេសម្ភាស ត្រូវបានគេគំរាមប្ដឹងទៅតុលាការ ឬចាប់ដាក់ពន្ធនាគារ ហើយ ១៤ភាគរយនៃអ្នកត្រូវគេសម្ភាស ធ្លាប់ត្រូវគេគំរាមដល់សុវត្ថិភាពសមាជិកគ្រួសារ។
ក្រៅពីនេះ ការស្រាវជ្រាវក៏រកឃើញថា អ្នកសារព័ត៌មានក៏បានពើបប្រទះនឹងការបដិសេធមិនផ្តល់សម្ភាសពីបុគ្គលពាក់ព័ន្ធ ដោយ ៥៨ភាគរយនៃអ្នកត្រូវគេសម្ភាសអះអាងថា ត្រូវបានអាជ្ញាធរ ក្រុមហ៊ុន ឬសមត្ថកិច្ច បដិសេធមិនឲ្យចុះយកព័ត៌មាន ៦៤ភាគរយនៃអ្នកត្រូវគេសម្ភាស ធ្លាប់ត្រូវអ្នកពាក់ព័ន្ធមិនឲ្យសម្ភាស ២៦ភាគរយនៃអ្នកត្រូវគេសម្ភាស ត្រូវបានគេដកយកសម្ភារ ដូចម៉ាស៊ីនថត ជាដើម។
នាយិកាប្រតិបត្តិនៃអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ អ្នកស្រី ស្រី សុធាវី ព្រួយបារម្ភចំពោះស្ថានភាពដែលបានរកឃើញក្នុងការស្រាវជ្រាវនេះ៖ « វាជាការព្រួយបារម្ភខ្លាំង។ វាពាក់ព័ន្ធសិទ្ធិរបស់អ្នកសារព័ត៌មាន ប្រជាពលរដ្ឋដែលគាត់ត្រូវការប្រមូលព័ត៌មាន និងចែកចាយព័ត៌មានឲ្យមានតម្លាភាព »។
ឆ្លើយតបនឹងការរកឃើញនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង ទទួលស្គាល់ការប្រឈមនេះ អាចកើតឡើងមែន ក៏ប៉ុន្តែលោកសង្ស័យចំពោះព័ត៌មានដែលប្រមូលបានពីការស្រាវជ្រាវនេះ។
លោកថា សមត្ថកិច្ច អាជ្ញាធរ ឬតុលាការ មិនសូវទទួលបានបណ្ដឹងការតវ៉ាជាលាយលក្ខណ៍អក្សរនោះទេ ពីការដែលអ្នកសារព័ត៌មានបានអះអាងថាទទួលការគំរាមកំហែង៖ « យើងអត់ដែលឃើញសោះ។ ជាសព្វមួយដង គាត់និយាយចឹងឯង។ មានការលំបាក មានការគំរាម។ ចុះគំរាមនៅកន្លែងណា ធ្វើអីបានគេគំរាម ? គាត់ត្រូវតែហ៊ានធ្វើរបាយការណ៍ដោយខ្លួនឯងផ្ទាល់ មិនមែនចាំតែដោយអង្គការណាមួយគេធ្វើ។ សម្រាប់ខ្លួនគាត់ មិនដែលធ្វើផងហ្នឹង ! គាត់បានត្រឹមតែនិយាយចឹង។ យើងមិនដឹងថាវានៅដដែលៗពេក »។
បច្ចុប្បន្ន រដ្ឋាភិបាលកម្ពុជា និងអង្គការយូណេស្កូ (UNESCO)កំពុងចងក្រងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ប៉ុន្តែសេចក្ដីព្រាងច្បាប់នេះ ក្រសួងមិនទាន់កំណត់ឲ្យបានថា នឹងបញ្ចប់នៅពេលណាជាក់លាក់នៅឡើយទេមកទល់ពេលនេះ។
សន្ទស្សន៍សេរីភាពសារព័ត៌មានសកលឆ្នាំ២០១៦ (2016 World Press Freedom Index) របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់ចំណាត់ថ្នាក់កម្ពុជា នៅលេខរៀង១២៨ ក្នុងចំណោមប្រទេស១៨០។
ទោះជាយ៉ាងណា សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជា នៅតែបន្តរងការគំរាមកំហែង ពិសេសលើអ្នកសារព័ត៌មានដែលរាយការណ៍បញ្ហារសើប។ សន្ទស្សន៍សេរីភាពសារព័ត៌មានសកលឆ្នាំ២០១៦ នេះ វិភាគថា រដ្ឋាភិបាលកម្ពុជា បន្តឈ្លបមើលដោយប្រយោល និងត្រួតពិនិត្យទៅលើប្រព័ន្ធផ្សព្វផ្សាយ ហើយអ្នកសារព័ត៌មានបន្តប្រឈមនឹងគ្រោះថ្នាក់ពេលចុះយកព័ត៌មាន ពិសេសព័ត៌មានរសើបទាក់ទងនឹងការកាប់បំផ្លាញ និងជួញដូរព្រៃឈើ ការនេសាទខុសច្បាប់ ការជួញដូរមនុស្ស និងការរុករកធនធានរ៉ែ។
ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ១៣នាក់ ត្រូវបានគេសម្លាប់ ក្រោយពេលរាយការណ៍ព័ត៌មានរិះគន់រដ្ឋាភិបាល ឬបរិហារការធ្វើជំនួញខុសច្បាប់ ដែលភាគច្រើននៃករណីឃាតកម្មទាំងនេះ ឃាតកមិនត្រូវបានគេយកមកផ្ដន្ទាទោសត្រឹមត្រូវតាមច្បាប់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។