អង្គការ​សិទ្ធិ​មនុស្ស​ថៃ​ថា​ក្រុមហ៊ុន​ស្ករ​ស​យក្ស​នៅ​កោះកុង​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិ​មនុស្ស

0:00 / 0:00

គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ បាន​អះអាង​ថា ក្រុមហ៊ុន​ចម្ការ​អំពៅ ឬ​ក្រុមហ៊ុន​ស្ករស​យក្ស របស់​ប្រទេស​ថៃ ពិត​ជា​បាន​រំលោភ​ដីធ្លី និង​រំលោភ​សិទ្ធិ​រស់​នៅ​របស់​ប្រជា​សហគមន៍ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ធ្ងន់ធ្ងរ​ជិត ១​ទសវត្ស​មក​នេះ។

​ក្រុមហ៊ុន​ថៃ ដែល​ជាប់​ចោទ​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​មាន​ឈ្មោះ ខន គែន ស៊ូហ្គើរ (Khon Kaen Sugar) ហៅ​កាត់ ខេ.អេស.អ៊ិល (Ksl) ហើយ​​​​បាន​ចុះ​កិច្ចសន្យា​លក់​ផលិតផល​ផ្ដាច់មុខ​ជាមួយ​ក្រុមហ៊ុន​ស្ករ​ស ឈ្មោះ ថេត អេន លី (Tate & Lyle) នៅ​ប្រទេស​អង់គ្លេស។

​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស អេន.អេច្ឆ.អ.ស៊ី.ធី (NHRCT) តាម​រយៈ​អង្គការ​សមធម៌​កម្ពុជា និង​អង្គការ​សិទ្ធិ​ដីធ្លី​អន្តរជាតិ (Earth Rights International) ចេញ​របាយការណ៍​ចុះ​ថ្ងៃ​ទី​៣ ខែ​មិថុនា រក​ឃើញ​ថា មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ពី​សំណាក់​ក្រុមហ៊ុន​ចម្ការ​អំពៅ ដែល​ក្រុមហ៊ុន​នេះ​បាន​បណ្ដេញ​ទាំង​បង្ខំ និង​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​ជិត ២​ម៉ឺន​ហិកតារ (១៩.១០០) នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដើម្បី​ដាំ​អំពៅ។

​របាយការណ៍​គណៈកម្មការ​សិទ្ធិ​មនុស្ស​ថៃ មាន​ការិយាល័យ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ បង្ហាញ​ថា អ្នក​ភូមិ​រាប់​រយ​គ្រួសារ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន នៅ​ពេល​ដីធ្លី​របស់​ពួកគាត់​ត្រូវ​រឹប​អូស​ដោយ​ខុសច្បាប់ និង​បង្ខំ ពី​សំណាក់​ក្រុមហ៊ុន​កាល​ពី​ឆ្នាំ​២០០៦ ដើម្បី​យក​ដី​ធ្វើ​ចម្ការ​អំពៅ មាន​ផ្ទៃដី​សរុប​ជិត ២​ម៉ឺន​ហិកតារ។

ក្រោយ​បាន​បណ្ដេញ​ចេញ​ទាំង​បង្ខំ​ជិត ១​ទសវត្ស របាយការណ៍​ចុង​ក្រោយ​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ ដែល​គេ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ បាន​អោយ​ដឹង​ដែរ​ថា ចម្ការ​អំពៅ​នោះ បាន​ដំណើរការ​ដោយ​ក្រុមហ៊ុន​ខ្មែរ និង​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នយោបាយ ហើយ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ស្ករស ខេ.អេស.អិល។ ក្រុមហ៊ុន​នេះ បាន​ចុះ​កិច្ចសន្យា​លក់​ផលិតផល​ស្ករស​ផ្ដាច់មុខ​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុមហ៊ុន​ស្ករស​របស់​ប្រទេស​អង់គ្លេស មាន​ឈ្មោះ ថេត អេន លី។

​ផ្ដើម​ពី​បញ្ហា​នេះ គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ រក​ឃើញ​ថា ក្រុមហ៊ុន​ស្ករស​យក្ស ខេ.អេស.អិល ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស ដោយសារ​តែ​ខ្លួន​ជា​អ្នក​សម្រេច​ចិត្ត​ទទួល និង​មាន​ផល​ចំណេញ​ពី​សម្បទាន​ដី ដែល​ជា​លទ្ធផល​នាំ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស ទោះ​បី​ជា​ក្រុមហ៊ុន​មួយ​នេះ​មិន​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នេះ​ដោយ​ផ្ទាល់​ខ្លួន​ឯង​ក៏ដោយ។

​វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់​ទង​តំណាង​ក្រុមហ៊ុន ខេ.អេស.អិល ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចេញ​របាយការណ៍​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ ដែល​ចោទ​ក្រុមហ៊ុន​នេះ ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ពាក់ព័ន្ធ​ក្រុមហ៊ុន​ចម្ការ​អំពៅ នា​ខេត្ត​កោះកុង បាន​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែ​មិថុនា។

ទាក់ទិន​បញ្ហា​នេះ លោក អ៊ិន គង់ជិត មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​កោះកុង ដែល​តាម​អង្កេត​លើ​ករណី​ក្រុមហ៊ុន​ចម្ការ​អំពៅ​រំលោភ​ដី​ពលរដ្ឋ​ស្រុក​ស្រែអំបិល ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ជាង ២០០​គ្រួសារ​ទៀត បាន​រង​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​ចម្ការ​អំពៅ ឬ​ក្រុមហ៊ុន​ស្ករស ខេ.អេស.អិល។ លោក​ថា មក​ដល់​ពេល​នេះ ក្រុមហ៊ុន ខេ.អេស.អិល មិន​ទាន់​ចូល​ខ្លួន​ដោះស្រាយ​ផ្ដល់​សំណង​នៃ​ផល​ប៉ះពាល់​ពី​ការ​រំលោភ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ជាង ២០០​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​នៅ​ស្រុក​ស្រែអំបិល នៅ​ឡើយ​ទេ។

​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ​ថ្លែង​រិះគន់​ស្ថាប័ន​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​រដ្ឋាភិបាល​មួយ​ចំនួន ដែល​អសមត្ថភាព ជួយ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ជិត ១​ទសវត្ស រវាង​ក្រុមហ៊ុន​ចម្ការ​អំពៅ​ជាមួយ​ប្រជាពលរដ្ឋ​ស្រុក​ស្រែអំបិល ដោយ​ទុក​បន្ត​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ៖ «យើង​ឃើញ​ថា ក្រុមហ៊ុន ខេ.អេស.អិល ទទួល​បាន​ទីតាំង​អភិវឌ្ឍន៍​ចំនួន ២​កន្លែង។ កន្លែង​ទី​១ មាន​ទំហំ​ផ្ទៃដី​ប្រមាណ ៤.៤០០​ហិកតារ និង​ទី​តាំង​ទី​២ មាន​ទំហំ​ផ្ទៃដី​មាន​ទំហំ ៩.៧០០​ហិកតារ សរុប​មាន​ជាង ១​ម៉ឺន​ហិកតារ។ ចំណែក​ប្រជាពលរដ្ឋ​វិញ លោក​បាន​ស្នើ​សុំ​កាត់​ឆ្វៀល​ដី​ជូន​ពួកគាត់​មាន​ចំនួន​ដី​តែ​ជាង ១.៥០០​ហិកតារ​ទេ។ ដូច្នេះ​ក្រុមហ៊ុន​គួរ​តែ​ពិចារណា ហើយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​បាន​ធ្វើ​កាល​ពី​ខែ​សីហា ឆ្នាំ​២០០៦ ចោល ដើម្បី​បើក​ឲ្យ​មាន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​យុត្តិធម៌»

កាល​ពី​ឆ្នាំ​២០១០ អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​រំលោភ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​ចម្ការ​អំពៅ ក្នុង​សហគមន៍​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​សិទ្ធិ​ដីធ្លី​អន្តរជាតិ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ ប្ដឹង​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន ខេ.អេស.អិល ថៃ តាម​រយៈ​ក្រុមហ៊ុន​កុលបុត្រ​សម្ព័ន្ធ​ខ្មែរ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ថា​បាន​រំលោភ​ច្បាប់​កម្ពុជា និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ។ ករណី​នេះ កាល​ពី​ពាក់កណ្ដាល​ឆ្នាំ​២០១២ គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បឋម​មួយ​ស្ដីពី​ការ​រក​ឃើញ​ភស្តុតាង​បញ្ជាក់​ថា ក្រុមហ៊ុន ខេ.អេស.អិល ត្រូវ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការ​រំលោភ​សិទ្ធិមនុស្ស សិទ្ធិ​រស់​នៅ​របស់​ប្រជា​សហគមន៍ ដែល​រង​ផល​ប៉ះពាល់​តាម​រយៈ​ក្រុមហ៊ុន​កុលបុត្រ​សម្ព័ន្ធ​ខ្មែរ របស់​ខ្លួន​ប្រចាំ​កម្ពុជា។

​បន្ថែម​លើ​នេះ នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ បាន​កត់​ស្គាល់​ថា ការ​រំលោភ​ដីធ្លី​ប្រជា​សហគមន៍​ស្រុក​ស្រែអំបិល របស់​ក្រុមហ៊ុន ខេ.អេស.អិល ថៃ បាន​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​រស់​រាន​មាន​ជីវិត សិទ្ធិ​ស្វ័យ​សម្រេច រួម​ទាំង​សិទ្ធិ​ក្នុង​ការ​គ្រប់គ្រង និង​ការ​ទទួល​អត្ថប្រយោជន៍​ពី​ធនធាន​ធម្មជាតិ និង​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍ​របស់​ប្រជាពលរដ្ឋ ៣​ភូមិ មាន​ភូមិ​ជីខ ភូមិ​កណ្ដោល និង​ភូមិ​ឈូក ស្ថិត​ក្នុង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។

​ត្រង់​ចំណុច​នេះ លោក មូរីន ហែរី (Maureen Harris) នាយក​ផ្នែក​ច្បាប់​ប្រចាំ​តំបន់​ទន្លេ​មេគង្គ​នៃ​អង្គការ​សិទ្ធិ​ដីធ្លី​អន្តរជាតិ ឲ្យ​ដឹង​ថា ប្រជា​សហគមន៍​ស្រុក​ស្រែ​អំបិល បាន​ចំណាយ​ពេល​វេលា ៨​ឆ្នាំ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន ខេ.អេស.អិល ប្រគល់​ដី​មក​ឲ្យ​ពួកគាត់​គ្រប់គ្រង​ឡើង​វិញ។ បញ្ហា​នេះ គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ បាន​ទទួល​ស្គាល់​ថា ការ​រង​ទុក្ខវេទនា និង​ការ​បាត់បង់​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ ស្រុក​ស្រែ​អំបិល ហើយ​រំពឹង​ថា ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិមនុស្ស ឬ​សិទ្ធិ​រស់​នៅ​របស់​ពលរដ្ឋ​ស្រុក​ស្រែ​អំបិល នឹង​ចូល​រួម​ដោះស្រាយ​ជម្លោះ​ប្រកប​ដោយ​យុត្តិធម៌ និង​មាន​តម្លាភាព។

​របាយការណ៍​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ បាន​បញ្ជាក់​ថា ការ​បណ្ដេញ​ពលរដ្ឋ​ទាំង​បង្ខំ​ចេញ​ពី​ដី​កសិកម្ម និង​ដី​លំនៅឋាន ដោយសារ​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច ទ្រង់ទ្រាយ​ធំ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នានា នៅ​កម្ពុជា បាន​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ ការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ និង​ការ​ប្រើ​អំពើ​ហិង្សា​ជាដើម បាន​រីក​រាលដាល​ពេញ​ប្រទេស​កម្ពុជា ហើយ​សកម្មភាព​នេះ បាន​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ។

​ត្រង់​ចំណុច​នេះ លោក​សាស្ត្រាចារ្យ សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា ក៏​បាន​រាយការណ៍​អំពី​ការ​រំលោភ​ដីធ្លី​នៅ​ខេត្ត​កោះកុង និង​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ ហើយ​បញ្ហា​នេះ លោក​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ និង​ផ្ដល់​សំណង​សម្រាប់​ការ​រំលោភ​សិទ្ធិមនុស្ស ជូន​ប្រជា​សហគមន៍​ស្រុក​ស្រែអំបិល ឲ្យ​មាន​យុត្តិធម៌។

​បន្ថែម​លើ​នេះ លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា កត់​សម្គាល់​ថា ការ​ចេញ​របាយការណ៍​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ ពេល​នេះ គឺ​ជា​ការ​សាកល្បង​ដ៏​សំខាន់​សម្រាប់​ការ​ដោះស្រាយ​ការ​រំលោភ​ដីធ្លី​នៅ​កម្ពុជា។ លោក​បន្ត​ថា របាយការណ៍​នេះ ក៏​បាន​បញ្ជូន​សារ​ដ៏​សំខាន់​ទៅ​ដល់​អ្នក​វិនិយោគទុន​នានា ដែល​មក​បណ្ដាក់​ទុន​ក្នុង​វិស័យ​ដី​សម្បទាន ត្រូវ​តែ​គោរព​ច្បាប់​កម្ពុជា និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ក្នុង​សកម្មភាព​ធ្វើ​វិនិយោគ​របស់​ខ្លួន។

លោក អៀង វុទ្ធី បាន​ចាត់​ទុក​ពាក្យ​បណ្ដឹង​របស់​ប្រជា​សហគមន៍​ស្រុក​ស្រែអំបិល ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​អំពៅ ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ ថា​មាន​សារសំខាន់​ជា​ប្រវត្តិសាស្ត្រ ហើយ​ក៏​ជា​លើក​ទី​១ ដែល​គណៈកម្មការ​នេះ បាន​ពិនិត្យ​ទៅ​លើ​ផល​ប៉ះពាល់​សិទ្ធិមនុស្ស ដោយ​ក្រុមហ៊ុន​វិនិយោគ​ឆ្លង​ដែន​របស់​ក្រុមហ៊ុន​ថៃ ជាមួយ​ប្រទេស​ជិត​ខាង។

បណ្ឌិត ណារុន ភីតាក់វ៉ាតចារ៉ា (Dr. Nirun Phitakwatchara) ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ មាន​ប្រសាសន៍​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា វា​ចាំបាច់​បំផុត​ដែល​ត្រូវ​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​ក្រុមហ៊ុន បញ្ហា​សិទ្ធិមនុស្ស និង​បញ្ហា​បរិស្ថាន ដែល​រង​ការ​រំលោភ​បំពាន ឬ​មាន​ផល​ប៉ះពាល់។ លោក​បន្ត​ថា ទោះបី​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​របស់​យើង​ក៏ដោយ ក៏​ត្រូវ​ស្វែង​រក​តុល្យភាព​មួយ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ធនធាន​ធម្មជាតិ​របស់​យើង​ត្រូវ​គេ​កេងប្រវ័ញ្ច​តាម​វិធី​ដែល​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ការ​រំលោភ​សិទ្ធិ​របស់​ប្រជា​សហគមន៍​ដែល​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ទាំង​នោះ តាម​ប្រពៃណី និង​ទំនៀមទម្លាប់។

​បញ្ហា​នេះ​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា ជម្លោះ​រ៉ាំរ៉ៃ​រវាង​ក្រុមហ៊ុន​ចម្ការ​អំពៅ និង​ពលរដ្ឋ​ស្រុកស្រែ​អំបិល គួរ​រដ្ឋាភិបាល​ចុះ​ដោះស្រាយ​ដោយ​ផ្ទាល់ ដើម្បី​បញ្ចប់​ជម្លោះ​នេះ​ឲ្យ​បាន​ឆាប់ ដោយ​មិន​គួរ​ទុក​បញ្ហា​អូស​បន្លាយ​ជិត ១​ទសវត្ស​គ្មាន​ដំណោះស្រាយ​ជូន​ពលរដ្ឋ​នោះ​ទេ។

​យ៉ាងណាក៏ដោយ នៅ​ចុង​បញ្ចប់​របាយការណ៍​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ បាន​បង្ហាញ​អំពី​លទ្ធភាព​នៃ​ការ​អនុវត្ត​គោលការណ៍​ណែនាំ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ធុរកិច្ច និង​សិទ្ធិមនុស្ស​ដោយ​បាន​កត់សម្គាល់​ថា សហគ្រាស​អាជីវកម្ម​ទាំង​អស់​មាន​កាតព្វកិច្ច ត្រូវ​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​សកម្មភាព​ធ្វើ​អាជីវកម្ម​របស់​ខ្លួន ដោយ​មិន​គិត​ពី​ទីកន្លែង​ប្រតិបត្តិការ​អាជីវកម្ម​នោះ​ទេ ទោះបី​ក្រុមហ៊ុន​ខ្លួន​មិន​បាន​ចូលរួម​ដោយ​ផ្ទាល់​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ក៏ដោយ។

ត្រង់​ចំណុច​នេះ លោក ដានៀល ឃីង (Daniel King) នាយក​កម្មវិធី​ប្រចាំ​តំបន់​ទន្លេ​មេគង្គ និង​ភូមា របស់​អង្គការ​សិទ្ធិ​ដីធ្លី​អន្តរជាតិ បាន​ចាត់​ទុក​ការ​ចេញ​របាយការណ៍​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ ពេល​នេះ​ថា ជា​ការ​សម្រេច​ចិត្ត​ជា​ប្រវត្តិសាស្ត្រ​មួយ សម្រាប់​ការពារ​សិទ្ធិមនុស្ស​ឆ្លងដែន។

លោក​ថ្លែង​ថា របាយការណ៍​គណៈកម្មការ​សិទ្ធិមនុស្ស​ថៃ បាន​បញ្ជាក់​ច្បាស់​ថា ក្រុមហ៊ុន​ស្ករស​យក្ស​ខេ.អេស.អិល របស់​ប្រទេស​ថៃ ត្រូវ​ទទួលខុស​ត្រូវ​ចំ​ពោះ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ក្នុង​ប្រតិបត្តិ​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ហើយ​ថា ក្រុមហ៊ុន ខេ.អេស.អិល គប្បី​ត្រូវ​ទទួល​ស្គាល់​ជា​សាធារណៈ​នូវ​កាតព្វកិច្ច​របស់​ខ្លួន និង​ត្រូវ​ផ្ដល់​យុត្តិធម៌​ជា​ទី​ពេញចិត្ត​ដល់​អ្នក​ភូមិ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដែល​សិទ្ធិ​របស់​ពួកគាត់​ត្រូវ​ក្រុមហ៊ុន​នេះ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ជិត ១​ទសវត្ស​កន្លង​មក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។