ប្រជាពលរដ្ឋមួយចំនួនបានប្រតិកម្មចំពោះក្រសួងព័ត៌មាន ដែលបានផ្អាកមិនឲ្យវិទ្យុអែហ្វអឹម ក្នុងស្រុកបន្តផ្សាយកម្មវិធីរបស់វិទ្យុបរទេសដែលផ្សាយជាខេមរភាសា ក្នុងពេលឃោសនា និងថ្ងៃបោះឆ្នោត។
ពលរដ្ឋរស់នៅម្ដុំផ្សារដើមគរ គឺអ្នកស្រី ចាន់ សុធា បានថ្លែងនៅថ្ងៃទី២៨ មិថុនា ថា នេះជាការរឹតត្បិតចំពោះប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន។
យុវជនមួយរូបរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ បានអះអាងថា ការបិទមិនឲ្យផ្សាយកម្មវិធីវិទ្យុបរទេស នឹងធ្វើឲ្យបាត់ព័ត៌មានទាក់ទិនទៅនឹងការពិចារណាពីការបោះឆ្នោត។ យុវជនដដែលបានបន្តថា បើសិនជាមិនមានការបិទទេនោះ នឹងអាចឲ្យពលរដ្ឋទទួលបានការយល់ដឹងច្រើន។ ជាងនេះទៅទៀត គឺការស្វែងយល់ពីគោលនយោបាយរបស់គណបក្សនីមួយៗក្នុងពេលបោះឆ្នោតមកដល់។
យ៉ាងណាក៏ដោយ ពលរដ្ឋមួយចំនួនបានសម្ដែងការសោកស្ដាយចំពោះដំណឹងនេះ។ ប៉ុន្តែក៏មានពលរដ្ឋមួយចំនួនមិនចាប់អារម្មណ៍ចំពោះបញ្ហានេះដែរ។
នៅថ្ងៃទី២៥ ខែមិថុនា ក្រសួងព័ត៌មាន បានចេញសេចក្ដីណែនាំមួយចុះហត្ថលេខាលោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីស្ដីទីក្រសួងព័ត៌មាន បានប្រាប់ទៅនាយកនាយិកាស្ថានីយវិទ្យុអែហ្វអឹម ត្រូវផ្អាកការផ្សាយបន្តពីវិទ្យុបរទេសដែលផ្សាយជាខេមរភាសាទាំងអស់ ក្នុងរយៈពេលឃោសនា និងពេលបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។