អង្គការសិទ្ធិមនុស្ស បានរកឃើញថា គ្រាន់តែក្នុងអំឡុងខែមេសា ទាហាន និងកងរាជអាវុធហត្ថ បានប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋចំនួន ៣ករណីធំៗ ក៏ប៉ុន្តែអំពើហិង្សាទាំងនោះនៅមិនទាន់មានអាជ្ញាធរ ឬក៏ស្ថាប័នច្បាប់ណាចេញមុខដោះស្រាយឱ្យបានសមរម្យទេ។
តើក្រុមប្រជាពលរដ្ឋខ្លះប្រតិកម្មយ៉ាងណាចំពោះអំពើហិង្សាទាំងនោះ?
«សំឡេងពលរដ្ឋ»
នេះគឺជាសំឡេងប្រជាពលរដ្ឋនៅភូមិសាមគ្គី នៃឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលចង់ឱ្យមន្ត្រីច្បាប់ជួយរកយុត្តិធម៌ដល់ពួកគេ បន្ទាប់ពីទាហានម្នាក់បានយកអាវុធទៅបាញ់នៅក្នុងហ្វូងមហាជនកំពុងតែចូលរួមសប្បាយក្នុងពិធីបុណ្យមួយកាលពីពេលថ្មីៗ។
ប្រភពពីប្រជាពលរដ្ឋ ឱ្យដឹងថា យ៉ាងហោចណាស់ក៏មានអ្នកភូមិស្រីប្រុសចំនួន ៣នាក់ បានរងរបួសដោយសារតែទាហានបាញ់នោះ។
មេភូមិសាមគ្គី គឺអ្នកស្រី មូល ណេន។ អ្នកស្រីបានមានប្រសាសន៍ថា កាលពីថ្ងៃទី២២ ខែមេសា កន្លងទៅ អ្នកភូមិរបស់គាត់បាននាំគ្នាធ្វើពិធីបុណ្យស្រង់ព្រះ ហើយនៅពេលយប់ក៏មានការដាក់សេះហោះ បាញ់ប៉េងប៉ោង និងរទេះភ្លើង ដើម្បីឱ្យអ្នកភូមិបានជិះកម្សាន្ត និងមកលេងសប្បាយ ព្រមទាំងប្រជាពលរដ្ឋខ្លះបានលក់ដូរនំចំណីផង។ ស្រាប់តែនៅវេលាម៉ោងប្រមាណជា ៨យប់ មានទាហានម្នាក់បានកាន់អាវុធទៅបាញ់នៅក្នុងចំណោមមនុស្សដោយមិនដឹងមូលហេតុ៖ «ឈ្មោះ សាន សំអុស ទាហានសឹករង! អត់មានថាម៉េច មកដល់បាញ់តែម្ដង ៧គ្រាប់។ ពេលបាញ់ប្រជាពលរដ្ឋ យើងកុះករហ្នឹង ក៏ប្លាតគ្រួសត្រូវបីនាក់ ត្រូវភ្លៅម្នាក់ ត្រូវស្មាម្នាក់ ហើយនិងដៃ ហើយនិងភ្នែកនោះម្នាក់ ស្រីម្នាក់ ប្រុស ២នាក់។ ប្រជាពលរដ្ឋមួយចំនួនទៀតក៏គ្នាភ័យខ្លាច អាខ្លះក៏រត់ចោលកូនចោលចៅ វង្វេងម៉ែវង្វេងកូន ស្រែកពេញហ្នឹងទៅ»។
ប្រជាពលរដ្ឋខ្លះដែលរងរបួសដោយសារការបាញ់នោះ បានដាក់ពាក្យបណ្ដឹងមកអង្គការសិទ្ធិមនុស្ស ដើម្បីឱ្យជួយស្វែងរកយុត្តិធម៌សម្រាប់ពួកគេ។
ចំណែកនៅឯភូមិត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ជាប់ព្រំដែននៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឯណោះវិញ ទាហាន ២នាក់ បានទៅស៊ីផឹកមិនឱ្យលុយ ហើយបានវាយស្ត្រីអ្នករត់តុម្នាក់ឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
ស្ត្រីអ្នករត់តុនៅក្នុងភោជនីយដ្ឋានយីហោកាកា០០៩ ឈ្មោះ សុខ សីណា អាយុ ១៩ឆ្នាំ បានអះអាងកាលពីយប់ថ្ងៃទី១៦ ខែមេសា កន្លងទៅថា មានទាហាន ២នាក់ដែលនាងមិនធ្លាប់ស្គាល់ បានចូលទៅស៊ីផឹកនៅហាងរបស់នាង។ ទាហានម្នាក់ក្នុងចំណោមនោះ បានព្យាយាមប៉ះពាល់កេរ្តិ៍ខ្មាសរបស់នាង និងបបួលនាងទៅរួមរ័កផ្លូវភេទ ក៏ប៉ុន្តែនៅពេលដែលនាងមិនព្រម ក៏បានវាយតប់រូបនាង៖ «អ្ងែងកុំចរិតឡូយពេក! បបួលចេញក្រៅមិនបាន ដល់ពេលទៅវាយខ្ញុំដួលទៅក្រោយម្ដង ហើយគ្មានអ្នកណានៅ ខ្ញុំនៅម្នាក់ឯងស្រីៗ ដល់ពេលអីចឹងទៅ ស្រាប់ខ្ញុំឡើងមកម្ដងទៀត គេដេញវាយខ្ញុំទៀត ទៅខ្ញុំស្រែកហៅពូខ្ញុំ មកជួយឃាត់ចង់វាយគាត់ទៀតនោះ។ ទាហានហៅគ្នាគាត់មក ទាហានម្នាក់អត់កាន់អាវុធទេ ២នាក់ទៀតក្មេងៗកាន់អាវុធ ២ដើម។ វាយចុកខ្លួនមួយចំហៀង ក្បាលហើម ទើបទៅពេទ្យគេឱ្យថ្នាំមកលេប ក៏ខ្ញុំឡើងទៅដេក»។
ទាក់ទងនឹងអំពើហិង្សាដដែលនេះ ក្រុមប្រជាពលរដ្ឋមួយចំនួន រួមទាំងអ្នកកាសែតម្នាក់ផង បានចោទប្រកាន់ក្រុមមន្ត្រីកងរាជអាវុធហត្ថនៃស្រុកត្រពាំងប្រាសាទ ខ្លះថាបានប្រើអំពើហិង្សាមកលើពួកគេថែមទៀត នៅពេលដែលគេបានទូរស័ព្ទហៅមកជួយអន្តរាគមន៍ ក៏ប៉ុន្តែនៅពេលដែលកងរាជអាវុធហត្ថមកដល់ មិនព្រមចាប់ទាហានដែលស៊ីផឹកមិនឱ្យលុយ បែរជាទៅចាប់ម្ចាស់ហាង និងអ្នកកាសែតដែលថតរូបហេតុការណ៍ទៅវិញនោះ។
អ្នកយកព័ត៌មានឱ្យកាសែតប្រព័ន្ធយុត្តិធម៌ គឺលោក សុង តៃហ្គេច បានមានប្រសាសន៍ថា លោកបានទៅលេងផ្ទះបងប្អូនក្នុងភូមិត្រពាំងប្រាសាទ ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ក៏ប៉ុន្តែនៅពេលដែលឃើញទាហានចូលទៅស៊ីផឹកក្នុងហាងកាកា០០៩ មិនឱ្យលុយ ព្រមទាំងវាយតប់ស្ត្រីអ្នករត់តុផងនោះ លោកក៏ទៅជួយសម្របសម្រួល ព្រមទាំងថតយករូបភាពនោះ។ ស្រាប់តែប៉េអិម មកដល់ឃើញលោកថតរូបដូច្នេះ សួរនាំមួយម៉ាត់ពីរ ក៏វាយលោកតែម្ដង។
ម្ចាស់ហាងយីហោកាកា០០៩ និងអគ្គនាយករងអង្គការទប់ស្កាត់បទល្មើសនៅកម្ពុជា កំពុងដាក់ពាក្យបណ្ដឹងមួយច្បាប់ជូនទៅមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីប្រឆាំងនឹងមន្ត្រីកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ មួយចំនួន ដែលបានពាក់ព័ន្ធនឹងការប្រើអំពើហិង្សាខុសច្បាប់មកលើប្រជាពលរដ្ឋនេះ។
ទោះយ៉ាងណា រហូតមកដល់ពេលនេះ គេមិនទាន់ឃើញអាជ្ញាធរ ឬស្ថាប័នច្បាប់ណាមួយចេញមុខអន្តរាគមន៍ចំពោះអំពើហិង្សាទាំងឡាយដែលបង្កឡើងដោយទាហាន និងកងរាជអាវុធហត្ថមួយចំនួននោះនៅឡើយទេ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន បានមានប្រសាសន៍ថា លោកកំពុងមានការព្រួយបារម្ភជាខ្លាំងចំពោះទាហានខ្លះដែលកាន់អាវុធមកប្រើហិង្សាលើប្រជាពលរដ្ឋនេះ ហើយលោកសូមអំពាវនាវដល់មន្ត្រីរដ្ឋាភិបាលដែលមានតួនាទីដោះស្រាយបញ្ហាទាំងនោះ ត្រូវយកចិត្តទុកដាក់ និងពង្រឹងវិន័យទៅលើកងកម្លាំងឡើងវិញ៖ «ខ្ញុំចង់ឱ្យក្រៅពីម៉ោងបេសកកម្មអីចឹង សូមកុំឱ្យមានការប្រើប្រាស់អាវុធសេរីអីចឹងពេក។ ចេះតែទៅណាគាត់យកទៅតាម ដល់ពេលគាត់ខឹងអីចឹង គាត់ប្រើប្រាស់អាវុធទៅលើប្រជាពលរដ្ឋអីចឹង ដូចជាកន្លងមកថ្មីៗនេះ បាញ់បុកដីខ្ទាតត្រូវប្រជាពលរដ្ឋអីចឹង អាហ្នឹងបើទោះទំហំការខូចខាតតិចតួច ប៉ុន្តែគ្រាន់តែផ្ទុះអាវុធ គឺគាត់ភ័យណាស់ ពួកប្រជាពលរដ្ឋនៅតាមព្រំដែនហ្នឹង»។
នេះគឺជាលើកទី៣ហើយដែលកងទាហាន និងមន្ត្រីកងរាជអាវុធហត្ថខ្លះក្នុងខេត្តឧត្តរមានជ័យ បានប្រើហិង្សាមកលើប្រជាពលរដ្ឋដែលជាជនស៊ីវិល។
កាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ មានទាហានមួយក្រុមដែលគេមិនស្គាល់អត្តសញ្ញាណ និងអង្គភាពច្បាស់លាស់ បានចាប់ខ្លួនប្រជាសហគមន៍ចំនួន ២០នាក់ ជាថ្នូរនឹងការដោះដូរបទល្មើសព្រៃឈើ បន្ទាប់ពីប្រជាសហគមន៍ដើរល្បាតការពារព្រៃ ហើយបានដកហូតយករណាយន្ត និងឈើពីក្រុមអ្នកចូលទៅអារឈើខុសច្បាប់នៅក្នុងព្រៃសហគមន៍នៃភូមិសាស្ត្រសង្កាត់កូនក្រៀល ក្រុងសំរោង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។