ករណីនេះ កើតមានឡើងកាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ នៅពេលសមត្ថកិច្ចប៉ូលិសមានគ្នា ៤នាក់ ចុះទៅចាប់ខ្លួនជនសង្ស័យម្នាក់ ដែលត្រូវជាប្អូនរបស់ស្ត្រីរងគ្រោះ នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ស្ត្រីរងគ្រោះឈ្មោះ វង់ គឹមអាន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ លោកស្រីបានថ្លែងនៅថ្ងៃទី១ ខែមីនា ថា កាលពីវេលាម៉ោង៤ និង ៣០នាទីល្ងាច ថ្ងៃទី២៨ កុម្ភៈ មានប៉ូលិស ៤នាក់ ស្លៀកពាក់ស៊ីវិល បានចូលចាប់គ្រៀកប្អូនប្រុសរបស់គាត់ឈ្មោះ វង់ គឹមលី។ លោកស្រីក៏បានសួរទៅកាន់សមត្ថកិច្ច ដើម្បីសុំមើលដីកាចាប់ខ្លួន ប៉ុន្តែប៉ូលិសប្រាប់ថា ដីកាមាននៅស្នងការ។
លោកស្រី វង់ គឹមអាន៖ «អូសប្អូនខ្ញុំទៅ ខ្ញុំឃើញគេទាញខ្នោះដៃដាក់ប្អូនខ្ញុំ ខ្ញុំក៏ប្រតាយប្រតប់អត់ឲ្យដាក់ខ្នោះដៃប្អូន ប្អូនខ្ញុំវាយំផង ថាកុំចាប់ប្អូនខ្ញុំទៅណា ប្អូនខ្ញុំអត់ធ្វើអីខុសទេ ប៉ូលិសហ្នឹងដាល់ខ្ញុំមួយដៃចំពោះ ខ្ញុំប្រាប់គាត់ថា ខ្ញុំមានផ្ទៃពោះម៉េចក៏ដាល់ខ្ញុំអ៊ីចឹង ក៏វាដាល់យើងថែមបីដៃទៀត កំពុងប្រតាយប្រតប់គ្នាហ្នឹង បានម្នាក់ទៀតមកចាប់សក់ខ្ញុំទាញទៅក្រោយ ដួលផ្កាប់មុខ សន្លប់ អ្នកស្រុក និងបងស្រីខ្ញុំ បីខ្ញុំមកមន្ទីរពេទ្យ»។
ករណីនេះ លោកស្រីថានឹងប្ដឹងប៉ូលិសដែលប្រើអំពើហិង្សានោះទៅតុលាការខេត្តបាត់ដំបង។
លោក យិន ម៉េងលី ជាអ្នកសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបាត់ដំបង បានថ្លែងថា ប៉ូលិសបានចុះប្រតិបត្តិការក្នុងឯកសណ្ឋានស៊ីវិល ខុសនីតិវិធីច្បាប់។ ប៉ូលិសចុះទៅចាប់ខ្លួនមនុស្សដែលពុំមានបទល្មើសជាក់ស្ដែង ហើយពុំមានដីកាពីតុលាការ។ ចំណុចខ្វះខាតរបស់ប៉ូលិសទាំងពីរនេះហើយ ដែលធ្វើប្រជាពលរដ្ឋរារាំងរហូតធ្វើឲ្យប៉ូលិសប្រើអំពើហិង្សាវាយទៅស្ត្រីមានផ្ទៃពោះ ៧ខែម្នាក់ឲ្យរបួសធ្ងន់។
លោក យិន ម៉េងលី៖ «មានភាពអាម៉ាស់ណាស់ដែលខ្លួនជាមន្ត្រីអនុវត្តច្បាប់ ក៏ប៉ុន្តែខ្លួនអត់បានអនុវត្តទៅតាមនីតិវិធី។ អ៊ីចឹង ដើម្បីពង្រឹងការអនុវត្តនេះឲ្យបានឲ្យកាន់តែល្អប្រសើរថែមទៀត ទី១ លោកព្រះរាជអាជ្ញា មានវិធានការ ទី២ លោកស្នងការក៏ត្រូវមានវិធានការមួយដែរ ដើម្បីពង្រឹងមន្ត្រីទាំងអស់នេះ»។
ក្រុមគ្រូពេទ្យ ពុំបានបញ្ជាក់ពីលទ្ធផលថាតើកូនក្នុងផ្ទៃរបស់ជនរងគ្រោះនោះ មានគ្រោះថ្នាក់ ឬក៏យ៉ាងណានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។