អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បានចេញផ្សាយរបាយការណ៍ផ្សព្វផ្សាយនៅថ្ងៃទី២៥ មិថុនា ថា ការរំលោភបំពានធ្វើទារុណកម្ម និងវាយធ្វើបាបទៅលើអ្នកទោស នៅតែបន្តកើតមាននៅតាមពន្ធនាគារ និងប៉ុស្តិ៍នគរបាលនានានៅប្រទេសកម្ពុជា។ អាជ្ញាធរមិនមានវិធានការទប់ស្កាត់ដោយមានប្រសិទ្ធភាព ចំពោះការធ្វើទារុណកម្មនោះបានទេ។
អង្គការការពារសិទ្ធិមនុស្សនៅកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ទប់ស្កាត់ដោយប្រសិទ្ធភាពការធ្វើទារុណកម្ម និងធ្វើបាបក្នុងពន្ធនាគារ និងប៉ុស្តិ៍នគរបាល ដើម្បីយកចម្លើយសារភាព និងថវិកា។
លោក អំ សំអាត អ្នកសម្របសម្រួលបច្ចេកទេសស៊ើបអង្កេត នៃអង្គការលីកាដូ មានប្រសាសន៍ថា ការធ្វើទារុណកម្មនៅតែកើតមានទៅលើអ្នកទោស និងមនុស្សដែលត្រូវគេចាប់ខ្លួន ដើម្បីបង្ខំយកចម្លើយសារភាព និងដើម្បីប្រើប្រាស់ចម្លើយសារភាពនោះជាបន្ទុកចោទប្រកាន់ ក្នុងពេលបញ្ជូនទៅកាត់ទោសនៅតុលាការ៖ «ករណីទាំងអស់យើងបារម្ភនៅបន្តកើតមាន ហើយគ្មានវិធានការណាដើម្បីទប់ស្កាត់ទេ ពីព្រោះយើងកម្រឃើញថា ជនសង្ស័យដែលត្រូវនគរបាលបញ្ជូនដល់តុលាការ គឺកម្រចាប់ផ្ដើមសួរដំបូងទាក់ទងជាមួយបញ្ហាទារុណកម្ម ទោះបីអ្នកទាំងនោះរងរបួស មានការបាក់ដៃ ហើមមុខហើមមាត់»។
របាយការណ៍របស់សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ បានសរសេរថា អ្នកទោសត្រូវគេវាយដំទាត់ ទះ ឬដាល់ជារឿយៗ រហូតដល់អ្នកទាំងនោះហូរឈាម និងសន្លប់។ ឧបករណ៍ធ្វើទារុណកម្មមានតាំងពីកាំភ្លើង ដំបងឈើ ដំបងដែក និងដំបងឆក់។ អាជ្ញាធរកម្ពុជា មិនបានបំពេញការងារ និងការទទួលខុសត្រូវ ការពារ និងដាក់ទណ្ឌកម្មចំពោះអ្នកធ្វើសកម្មភាពធ្វើបាប និងធ្វើទារុណកម្មគេទេ។
របាយការណ៍បានលើកឡើងថា ប្រទេសកម្ពុជា បានផ្តល់សច្ចានុមតិលើពិធីសារនៃអនុសញ្ញារបស់អង្គការសហប្រជាជាតិ ទប់ស្កាត់អំពើទារុណកម្ម និងអំពើឃោរឃៅផ្សេងទៀត អំពើអមនុស្សធម៌ ឬការបន្ទាបបន្ថោកក្នុងឆ្នាំ២០០៧។ ប៉ុន្តែ ប្រទេសកម្ពុជា មិនបានបង្កើតយន្តការបង្ការថ្នាក់ជាតិឯករាជ្យមួយ ដូចពិធីសារតម្រូវឲ្យមានទេ។ ផ្ទុយទៅវិញ នៅឆ្នាំ២០០៩ ប្រទេសកម្ពុជា បានបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយ ដែលមិនឯករាជ្យ និងគ្មានប្រសិទ្ធភាព ដើម្បីធ្វើការងារនោះទៅវិញ។
អង្គការលីកាដូ បានអំពាវនាវសុំឲ្យមន្ត្រី និងចៅក្រមតុលាការ កុំទទួលយកចម្លើយសារភាពណាដែលបានមកពីការបង្ខិតបង្ខំ ក្នុងពេលចាប់ខ្លួន និងជាប់ឃុំ ដើម្បីរួមចំណែកលុបបំបាត់ការធ្វើទារុណកម្ម និងការធ្វើបាបទៅលើអ្នកត្រូវចោទប្រកាន់។
លោក អំ សំអាត មន្ត្រីអង្គការលីកាដូ បានលើកឡើងថា ដើម្បីកាត់បន្ថយការធ្វើទារុណកម្ម និងធ្វើបាបទៅលើអ្នកទោសនោះ អាជ្ញាធរកម្ពុជា គួររៀបចំច្បាប់ជាតិជាក់លាក់មួយ ស្ដីពីការទប់ស្កាត់អំពើទារុណកម្ម និងការបង្កើតយន្តការបង្ការថ្នាក់ជាតិឯករាជ្យពិតប្រាកដមួយ និងស្ថាប័នការពារស៊ីវិលមួយ ដែលអាចដោះស្រាយបណ្ដឹងទៅលើនគរបាលប្រកបដោយប្រសិទ្ធភាព៖ «អ៊ីចឹងគណៈកម្មាធិការនោះគេដើរតួក្នុងការទប់ស្កាត់ ស៊ើបអង្កេត កសាងសំណុំរឿងទាំងឡាយ ដែលទាក់ទងការធ្វើទារុណកម្ម ហើយបញ្ជូនទៅតុលាការ។ ហើយទី២ បង្កើតមជ្ឈមណ្ឌលដើម្បីការពារជនរងគ្រោះ ដោយសារការធ្វើទារុណកម្មនេះ អានេះភាគីរដ្ឋាភិបាល។ ចំពោះភាគីតុលាការចាប់ផ្ដើមដំបូង ត្រូវមានការសួរអំពីទារុណកម្ម បើសិនជាបានរងអំពើទារុណកម្ម កំណត់ហេតុទាំងឡាយដែលបានមកពីនគរបាលយុត្តិធម៌ ដោយសារទារុណកម្មត្រូវច្រានចោល ហើយធ្វើការសាកសួរជាថ្មី»។
ប្រតិកម្មចំពោះរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ នេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានបដិសេធថា រដ្ឋាភិបាលមិនអាចទទួលយកការចោទប្រកាន់តាមរបាយការណ៍នេះបានទេ៖ «ការលើកឡើងរបស់ខាងអ៊ិនហ្សេអូ លីកាដូ នេះ យើងមិនអាចទទួលយកបានទេ ពីព្រោះវាមានភាគច្រើនបំផុត យើងបានធ្វើតាមនីតិវិធី»។
មន្ត្រីអង្គការលីកាដូ បានឲ្យដឹងថា របាយការណ៍ស្ដីពីការធ្វើទារុណកម្មនេះ គឺមានការសិក្សាស្រាវជ្រាវច្បាស់លាស់លើករណីធ្វើទារុណកម្មបង្ខំយកចម្លើយនេះ ៥០០ករណី នៅតាមពន្ធនាគារ និងតាមប៉ុស្តិ៍នគរបាលនានា ដោយគិតពីឆ្នាំ២០០៨ មកទល់បច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។