តុលាការក្រុងភ្នំពេញ សម្រេចចេញដីកាចាប់ខ្លួនអនុប្រធានវិទ្យុអាស៊ីសេរី។ មេធាវីការពារក្ដីឲ្យលោក ជុន ច័ន្ទបុត្រ អះអាងក្រោយចេញពីបន្ទប់អយ្យការ ដោយលោកបញ្ជាក់ថា នឹងបន្តពិនិត្យក្នុងសំណុំរឿងនេះទៀត។
សេចក្ដីសម្រេចនៅក្នុងដីកាបង្គាប់ឲ្យចាប់ខ្លួន ដោយអយ្យការអមតុលាការក្រុងភ្នំពេញ លោក សៀង សុខ នៅពេលនេះ ធ្វើឡើងស្របពេលដែលព្រះរាជអាជ្ញារងរូបនេះបញ្ចប់ការសាកសួរ និងការដាក់ឯកសារដែលជាភស្តុតាងដោះបន្ទុកមួយចំនួនរបស់មេធាវីការពារក្តីឲ្យលោក ជុន ច័ន្ទបុត្រ កាលពីព្រឹកថ្ងៃទី២ ខែឧសភា។
ដីកាដែលចេញដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ ចេញក្នុងថ្ងៃតែមួយផ្ទួនៗគ្នាចំនួនពីរដងនេះ នៅចំថ្ងៃកំណត់ដែលតុលាការតម្រូវឲ្យលោក ជុន ច័ន្ទបុត្រ ចូលបំភ្លឺជុំវិញបទចោទថា ផ្ដល់សេចក្ដីប្រកាសដោយភូតកុហក បន្លំខ្លួនចូលពន្ធនាគារ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនដែលចេញក្រោយបញ្ចប់ការសាកសួរមេធាវីតែប៉ុន្មានម៉ោង នៅថ្ងៃទី២ ខែឧសភា តំណាងអយ្យការ លោក សៀង សុខ បានបង្គាប់ឲ្យកម្លាំងសមត្ថកិច្ចចាប់ខ្លួននាយករងវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរភ្លាមដែរ។ ខ្លឹមសារនៃដីកានេះទៀត ក៏បានបង្គាប់ឲ្យលោក ជុន ច័ន្ទបុត្រ ត្រូវបង្ហាញខ្លួននៅចំពោះមុខអយ្យការអមតុលាការក្រុងភ្នំពេញ រហូតដល់មានសេចក្ដីសម្រេចថ្មី។
ប្រាប់ក្រុមអ្នកកាសែតក្រោយចេញពីបន្ទប់សាកសួរ មេធាវីការពារក្ដីឲ្យលោក ជុន ច័ន្ទបុត្រ គឺលោក ឌុន វិបុល ឲ្យដឹងថា ថ្វីបើកូនក្ដីរបស់ខ្លួនដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ពុំបានទៅដោយផ្ទាល់ ប៉ុន្តែលោកបានដាក់ឯកសារដោះបន្ទុកគ្រប់គ្រាន់ហើយតាមនីតិវិធី។ លោកបន្តថា ក្នុងនាមលោកជាមេធាវីការពារក្ដី នឹងបន្តតាមដានពីការវិវឌ្ឍន៍នៃនីតិវិធីក្នុងរឿងក្ដីនេះទៀត។ លោកបន្តថា « ក្រោយដាក់ភស្តុតាង ខ្ញុំបានចូលជួបតំណាងអយ្យការ ហើយតំណាងអយ្យការក៏បានអនុញ្ញាតឲ្យខ្ញុំជួប។ បានន័យថា យើងបានពិភាក្សាគ្នាត្រង់ៗ ដោយសាររឿងខ្ញុំគឺថាមូលហេតុកូនក្តីរបស់ខ្ញុំបាទ សម្រេចចិត្តមិនចូលមកតុលាការជារឿងមូលហេតុផ្ទាល់ខ្លួនរបស់គាត់។ តែក្នុងនាមជាមេធាវី ខ្ញុំត្រូវតែមកតាមមើលពីនីតិវិធី តាមធ្វើការងារគ្រប់បែបយ៉ាង ដើម្បីដោះបន្ទុកឲ្យកូនក្ដីពីការចោទប្រកាន់ »។
ការសាកសួរ និងការទទួលយកឯកសារដោះបន្ទុក ដែលប្រើពេលប្រមាណជាង ១ម៉ោង កាលពីព្រឹកថ្ងៃទី២ ឧសភា សង្កេតឃើញថា នៅខាងក្រៅបរិវេណតុលាការវិញ ក្រៅពីក្រុមអ្នកកាសែត និងអ្នកគាំទ្រមកពីតំបន់មួយចំនួន ដូចជាមកពីសហគមន៍ទំនាស់ដីធ្លីថ្មគោល សហគមន៍បុរីកីឡា នៅក្នុងទីក្រុងភ្នំពេញហើយ លើសពីនេះទៅទៀត សង្កេតឃើញថា ក៏មានកម្លាំងបង្កប់របស់រដ្ឋាភិបាល និងក្រុមចារកម្មបានចុះអង្កេតមួយចំនួនដែរ។
ទាក់ទិនរឿងក្ដីនេះ ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា វាហាក់ចម្លែកក្នុងសំណុំរឿងនេះ ដែលតុលាការប្រញាប់ប្រញាល់ប្រើប្រាស់ជម្រើសចុងក្រោយបំផុតនេះ ដែលវាមិនទាន់ចាំបាច់នៅឡើយ។ លោកបន្តថា « ខ្ញុំគិតថាវាជាការលឿនពេក។ វាគួរតែមានការកោះអញ្ជើញលើកទី២ ឲ្យចូលខ្លួន ដើម្បីឲ្យគាត់បំភ្លឺ។ នេះវាជាមូលហេតុសមស្របជាងប្រកាសឲ្យនាំខ្លួន »។
តំណាងអយ្យការអមតុលាការក្រុងភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះកាលពីថ្ងៃទី២១ ខែមេសា ឲ្យនាយករងវិទ្យុអាស៊ីសេរី ចូលខ្លួនបំភ្លឺនៅថ្ងៃទី២ ឧសភា ក្រោមបទចោទ ផ្ដល់សេចក្ដីប្រកាសដោយភូតកុហក បន្លំចូលពន្ធនាគារ កាលពីថ្ងៃទី១៩ ខែមេសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។