អង្គការលីកាដូ (Licadho) នៅខេត្តកំពង់ធំ និងសហគមន៍មានបញ្ហាដីធ្លីជាច្រើននៅខេត្តត្បូងឃ្មុំ នឹងរៀបចំយុទ្ធនាការប្រឆាំងការបង្កើតច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី២២ កក្កដា។
ការរៀបចំយុទ្ធនាការនេះ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យព្រឹទ្ធសភា ទម្លាក់ចោលច្បាប់នេះ ដោយពិចារណាឡើងវិញពីផលប៉ះពាល់នៃច្បាប់នេះទៅដល់អង្គការក្រៅរដ្ឋាភិបាល និងអ្នកទទួលសេវាពីអង្គការសមាគមទាំងនោះ។
ក្នុងយុទ្ធនាការប្រឆាំងការបង្កើតច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល អង្គការ និងប្រជាសហគមន៍ក្នុងខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ នឹងជួបប្រជុំគ្នាថ្លែងពីក្ដីបារម្ភ និងផលប៉ះពាល់នៃច្បាប់នេះទៅលើពួកគេ។ ស្របគ្នានេះ ក៏មានការចែកចាយខិត្តប័ណ្ណ ឬស្ទីកឃ័រ (Sticker) ដែលមានពាក្យថា "ទេ" ចំពោះច្បាប់មួយនេះទៀតផង។
មន្ត្រីអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ខេត្តកំពង់ធំ លោក ឈួម រុណ មានប្រសាសន៍ថា ខាងលោកនឹងធ្វើយុទ្ធនាការបដិសេធច្បាប់នេះ ដោយមានការចូលរួមពីបណ្ដាអង្គការក្រៅរដ្ឋាភិបាលនៅក្នុងខេត្តកំពង់ធំ នៅថ្ងៃទី២២ កក្កដា។ លោកបន្តថា គោលបំណងសំខាន់ គឺធ្វើយ៉ាងណាដើម្បីផ្ញើសារជូនរាជរដ្ឋាភិបាលឲ្យគិតបន្ថែមទៀត ចំពោះច្បាប់មួយនេះ៖ «ការមិនពេញចិត្តរបស់អង្គការមិនមែនរដ្ឋាភិបាលហ្នឹង រដ្ឋាភិបាលហាក់មិនអើពើចំពោះច្បាប់ហ្នឹង។ និយាយចំទៅ ច្បាប់ហ្នឹងវាផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញផង វាផ្ទុយនឹងច្បាប់អន្តរជាតិផង ដូចជា កតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋស្ដីពីនយោបាយអី»។
យ៉ាងណា កាលពីថ្ងៃទី១៣ កក្កដា ច្បាប់អង្គការសមាគមមិនមែនរដ្ឋាភិបាល ត្រូវបានរដ្ឋសភាអនុម័តដោយតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ទាំង ៦៨រូប បើទោះបីជាច្បាប់នេះមានភាពចម្រូងចម្រាសក៏ដោយ។
អង្គការលីកាដូ ខេត្តកំពង់ធំ នឹងរៀបចំយុទ្ធនាការនេះនៅមុខទីស្នាក់ការរបស់ពួកគេ។ លោក ឈួម រុណ អំពាវនាវឲ្យស្ថាប័នព្រឹទ្ធសភាដែលមានតួនាទីត្រួតពិនិត្យការអនុម័តច្បាប់អង្គការ និងសមាគមមិនមែនរដ្ឋាភិបាល គប្បីច្រានចោលចំពោះច្បាប់មួយនេះ ជៀសវាងប៉ះពាល់ដល់ពលរដ្ឋទូទៅ។
ចំណែកឯនៅខេត្តត្បូងឃ្មុំ វិញ ប្រជាសហគមន៍មានជម្លោះដីធ្លីជាច្រើន គ្រោងនឹងជួបជុំគ្នានៅក្បែរសាលាស្រុកមេមត់ ដើម្បីសម្ដែងការមិនពេញចិត្ត និងចែកចាយស្ទីកឃ័រដែលមានពាក្យថា "ទេ" ចំពោះច្បាប់មួយនេះនៅថ្ងៃទី២២ កក្កដា។
តំណាងប្រជាសហគមន៍នៅឃុំត្រមូង ដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ អ្នកស្រី ព្រំ ដាណែត មានប្រសាសន៍ថា ច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល មិនត្រឹមតែប៉ះពាល់ដល់អង្គការសាមីប៉ុណ្ណោះទេ ប៉ុន្តែប្រជាពលរដ្ឋរងគ្រោះដែលត្រូវការសេវាផ្នែកច្បាប់ ឬយោបល់ពីខាងអង្គការសមាគមទាំងនោះ នឹងត្រូវជួបឧបសគ្គដូចគ្នាដែរ។ អ្នកស្រីបន្តថា ប្រជាសហគមន៍បដិសេធចំពោះរាល់ច្បាប់ណាដែលប្រាសចាកនឹងច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា៖ «ខ្ញុំចង់ឲ្យគាត់កុំទាន់អាលចេញច្បាប់ហ្នឹង បើចេញគួរណាមើលឲ្យគ្រប់ជ្រុងជ្រោយ គឺថាច្បាប់ហ្នឹងប៉ះពាល់ដល់ពលរដ្ឋអត់? អាហ្នឹងពួកខ្ញុំមិនអីទេ ដើម្បីប្រទេសជាតិ តែប៉ះពាល់ដល់ពួកខ្ញុំជាជនរងគ្រោះហ្នឹង ខ្ញុំប្រឆាំង ខ្ញុំអស់សង្ឃឹមហ្មង»។
យ៉ាងណា ប្រជាសហគមន៍ទាំងនោះមិនបានជូនដំណឹង ឬសុំការអនុញ្ញាតពីអាជ្ញាធរឡើយ ដោយយល់ថា នេះគ្រាន់តែជាការសម្ដែងមតិតូចមួយរបស់ពួកគាត់។ ប្រភពដដែលបញ្ជាក់ថា ការធ្វើយុទ្ធនាការប្រឆាំងច្បាប់អង្គការក្រៅរដ្ឋាភិបាល គឺផុសចេញពីការព្រួយបារម្ភផ្ទាល់ខ្លួនរបស់ប្រជាសហគមន៍មានទំនាស់ដីធ្លី និងប្រជាសហគមន៍មានបញ្ហាផ្សេងៗទៀត។
បន្ថែមលើនេះ មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តកំពង់ចាម លោក ប៊ូ វីរៈ មានប្រសាសន៍ថា ប្រជាសហគមន៍ទាំងនោះ គឺពួកគេនាំគ្នាធ្វើឡើងដោយខ្លួនឯង ប៉ុន្តែស្របពេលអង្គការលីកាដូ ទាំង ១៣រាជធានីខេត្ត គឺគេរៀបចំយុទ្ធនាការនេះដែរ។ លោកបន្តថា ចំពោះយុទ្ធនាការប្រឆាំងច្បាប់អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើឡើងដោយប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ គឺអង្គការលីកាដូ ខេត្តកំពង់ចាម មានតួនាទីជាអ្នកចូលរួមផង និងជាអ្នកឃ្លាំមើលសកម្មភាពរបស់ប្រជាសហគមន៍ទាំងនោះផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។