របាយការណ៍៣ខែដំបូងនៃឆ្នាំ២០១៣ របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានបង្ហាញថា ករណីចាប់រំលោភសេពសន្ថវៈបានកើតឡើងចំនួន ៨ករណី នៅឯទីជនបទដាច់ស្រយាលមួយចំនួន ក្នុងខេត្តកំពង់ឆ្នាំង។
លោក សំ ច័ន្ទគា ជាមន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោកបានឲ្យដឹងនៅរសៀលថ្ងៃទី១ ខែមេសា ថា គិតចាប់ពីដើមខែមករា មកដល់ចុងខែមីនា ឆ្នាំ២០១៣ នេះ មានករណីចាប់រំលោភសេពសន្ថវៈចំនួន ៨ករណីបានកើតឡើង។ ហើយបើតាមការស្រាវជ្រាវ បង្ហាញថា ជនរងគ្រោះក្នុងការចាប់រំលោភសេពសន្ថវៈនេះ ភាគច្រើនគឺជាអនីតិជន។
ជាមួយគ្នានេះ លោកបានបង្ហាញពីក្ដីកង្វល់ចំពោះកង្វះកិច្ចសហការរបស់អាជ្ញាធរប៉ូលិស ជាមួយអង្គការសង្គមស៊ីវិល ក្នុងការស៊ើបអង្កេតករណីចាប់រំលោភសេពសន្ថវៈទាំងនោះ៖ «ជាក់ស្ដែង គឺកន្លងទៅ យើងទាក់ទងប៉ូលិសសុំការសម្ភាស ប៉ូលិសបានបង្វែរមិនឲ្យយើងសម្ភាសជនរងគ្រោះក្នុងការចាប់រំលោភសេពសន្ថវៈបានទេ»។
របាយការណ៍អង្គការអាដហុក បានបង្ហាញថា ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២ ករណីចាប់រំលោភសេពសន្ថវៈបានកើតឡើងតែ ៣ករណីបុណ្ណោះ។
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង គឺលោក ឌុច ចំរើន មិនពន្យល់ចំពោះករណីចាប់រំលោភសេពសន្ថវៈមានការកើនឡើងនៅក្នុងខេត្តកំពង់ឆ្នាំង នេះទេ នៅល្ងាចថ្ងៃទី១ មេសា។ ប៉ុន្តែលោកបានអះអាងថា ជនល្មើសភាគច្រើនត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។
លោក សំ ច័ន្ទគា ក៏បានឲ្យដឹងដែរថា ការកើនឡើងនៃករណីចាប់រំលោភសេពសន្ថវៈ គឺជាក្ដីកង្វល់របស់សង្គមស៊ីវិល ព្រោះវាបានកើតឡើងភាគច្រើនលើកុមារដែលជាអនីតិជន។ លោកសំណូមពរឲ្យអាជ្ញាធរ មាតាបិតា រួមជាមួយអង្គការក្រៅរដ្ឋាភិបាល រួមគ្នាជួយធ្វើការផ្សព្វផ្សាយ និងធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីកាត់បន្ថយបញ្ហានេះឲ្យបាន៖ «ទី១ គឺជនរងគ្រោះនៅតែឯងនៅទីដាច់ស្រយាល ដែលធ្វើឲ្យជនល្មើសមានឱកាស។ ចំណុចទី២ គឺដោយសារតែការចាត់ការលើផ្លូវច្បាប់មានលក្ខណៈធូររលុង មានជនល្មើសភាគច្រើនពេលសមត្ថកិច្ចបញ្ជូនមកដល់តុលាការ មានមួយចំនួនត្រូវបានដោះលែង។ ទី៣ គឺការផ្សព្វផ្សាយឲ្យមានការយល់ដឹងពីការបង្ការ និងការដាក់ទណ្ឌកម្មនៅមានលក្ខណៈមិនទូលាយ ទាំងជនរងគ្រោះ ទាំងជនល្មើស មិនសូវបានទទួលព័ត៌មានទាំងនោះ»។
លោក សំ ច័ន្ទគា បានកត់សម្គាល់ថា នៅតាមតំបន់ជនបទដាច់ស្រយាលនៃខេត្តកំពង់ឆ្នាំង ករណីចាប់រំលោភសេពសន្ថវៈកើតឡើងជារឿយៗ ហើយមានករណីជាច្រើនដែលប្រជាពលរដ្ឋ និងអាជ្ញាធរបាននាំគ្នាធ្វើការសម្របសម្រួលឲ្យមានការបង់ប្រាក់សំណង ជាថ្នូរនឹងការមិនអនុវត្តន៍តាមផ្លូវច្បាប់ ចំពោះជនល្មើស។ លោកថា នេះគឺជាកត្តារួមផ្សំមួយដែលបណ្ដាលឲ្យបទល្មើសរំលោភសេពសន្ថវៈមានការកើនឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។