រឿងរ៉ាវចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) យកទៅផ្ដន្ទាទោសនៅតុលាការពេលនេះ ធ្វើឱ្យមជ្ឈដ្ឋានអន្តរជាតិយល់ថា ជាស្ថានការណ៍នយោបាយវឹកវរមួយ ដែលគេត្រូវតាមដានយ៉ាងដិតដល់បំផុត។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ហៅការចាប់ខ្លួននេះជាយុទ្ធនាការរារាំងការងារសិទ្ធិមនុស្ស។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នៅថ្ងៃទី៣ ខែឧសភា ចេញសេចក្ដីថ្លែងការណ៍ឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់យុទ្ធនាការកាត់បន្ថយការឃ្លាំមើលសិទ្ធិមនុស្សជាតិ និងអន្តរជាតិនៅកម្ពុជា។ អង្គការនេះចាត់ទុក ការចាប់ផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស ៦នាក់ ដោយហេតុផលនយោបាយ ថាជាការគំរាមកំហែងដល់រាល់ការងារសិទ្ធិមនុស្ស។
នាយកប្រតិបត្តិអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម (Brad Adams) ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ថា ករណីនេះគឺជាកិច្ចប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «សូមកុំច្រឡំចំពោះការផ្ដន្ទាទោសនេះទៅលើរឿងអ្វីឱ្យសោះ។ រឿងនេះ គឺជាកិច្ចប្រឹងប្រែងរបស់លោក ហ៊ុន សែន ដើម្បីបំបាត់សមិទ្ធផលការងាររបស់អង្គការខ្មែរ និងអង្គការសហប្រជាជាតិ ដែលខំធ្វើរាប់ទសវត្សកន្លងមក ដើម្បីលើកកម្ពស់សិទ្ធិមនុស្សរបស់កម្ពុជាគ្រប់រូប»។
ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍របស់លោក ប៊្រែដ អាដាម មន្ត្រីនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា រាជរដ្ឋាភិបាលមិនបានចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សណាមួយទេ៖ «យើងអត់បានចាប់អង្គការផង។ យើងចាប់បុគ្គលិករបស់អង្គការ ដែលបានប្រព្រឹត្តខុសនឹងដែនសមត្ថកិច្ចរបស់ខ្លួនស៊ុមគ្រលុំដើម្បីបិទបាំងអំពើខុសឆ្គងរបស់បក្សពួករបស់ពួកគេ សូកប៉ាន់ ដើម្បីបំផ្លាញនូវសមិទ្ធកម្មនៃការងារយុត្តិធម៌»។
ទន្ទឹមគ្នានឹងសេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ស្ថានទូតអន្តរជាតិនៅភ្នំពេញ មួយចំនួន ក៏បញ្ចេញប្រតិកម្ម និងជំហររបស់ខ្លួនដែរក្នុងបញ្ហានេះ។
ឯកអគ្គរាជទូតស៊ុយអែត ប្រចាំកម្ពុជា អ្នកស្រី អែនណា ម៉ាច ហ៊ុលហ្កាដ (Ms. Anna Maj Hultgard) ថ្លែងនៅព្រឹកថ្ងៃទី៣ ខែឧសភា ថា ស្ថានទូតស៊ុយអែត កំពុងតាមដានមើលករណី និងស្ថានការណ៍បច្ចុប្បន្នយ៉ាងយកចិត្តទុកដាក់បំផុត៖ «ខ្ញុំគិតថា នេះជាពេលវឹកវរមួយដែលយើងត្រូវតាមដានឱ្យបានដិតដល់។ យើងនឹងព្យាយាមជួបអ្នកពាក់ព័ន្ធនានា ដើម្បីឱ្យយល់កាន់តែប្រសើរ និងដើម្បីប្រមូលគំនិតយោបល់ល្អៗ ថាតើយើងអាចមានតួនាទីអ្វីខ្លះនៅក្នុងបញ្ហាហ្នឹង»។
មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ លោក ជេ រ៉ាម៉ាន (Jay R. Raman) ថ្លែងតាមសារអេឡិចត្រូនិកថា ស្ថានទូតសហរដ្ឋអាមេរិក កំពុងព្រួយបារម្ភជាខ្លាំងចំពោះបទចោទប្រកាន់ដែលធ្វើឡើងដោយសាលាដំបូងរាជធានីភ្នំពេញ ប្រឆាំងមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក ទាំងកំពុងបំពេញការងារ និងអតីតមន្ត្រីនៃអង្គការនេះ។ លោក ជេ រ៉ាម៉ាន បញ្ជាក់បន្ថែមថា ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ នឹងឃ្លាំមើលករណីទាំងនេះឱ្យបានដិតដល់បំផុត។
ដូចគ្នានេះដែរ ស្ថានទូតសាធារណរដ្ឋបារាំង នៅភ្នំពេញ ឱ្យដឹងថា ខ្លួនក៏កំពុងតាមដានស្ថានការណ៍បច្ចុប្បន្នយ៉ាងដិតដល់ បន្ទាប់ពីការចាប់ខ្លួនបុគ្គលិក និងអតីតបុគ្គលិកសិទ្ធិមនុស្សមិនមែនរដ្ឋាភិបាលនេះ។
មន្ត្រីនាំពាក្យស្ថានទូតសាធារណរដ្ឋបារាំង នៅភ្នំពេញ លោក នីកូឡាស បូដ្វីន (Nicolas Baudouin) សរសេរនៅក្នុងសារអេឡិចត្រូនិកថា ស្ថានទូតបារាំង បញ្ជាក់ជំហរគាំទ្ររបស់ខ្លួនដដែលចំពោះការងារអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដែលជាដៃគូសំខាន់មួយរបស់ស្ថានទូតសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងប្រជាធិបតេយ្យរបស់ប្រទេសនេះ។
ដោយឡែកមន្ត្រីនាំពាក្យស្ថានទូតអូស្ត្រាលី នៅភ្នំពេញ លោក ស៊ីម៉ុន ហ្វែលឡូស៍ (Simon Fellows) ថ្លែងថា អូស្ត្រាលីមានទំនាក់ទំនងល្អជាមួយកម្ពុជា ហើយស្ថានទូតអូស្ត្រាលី នៅភ្នំពេញ តែងទាក់ទងជាមួយរដ្ឋាភិបាលកម្ពុជា ជាទៀងទាត់ អំពីបញ្ហាសិទ្ធិមនុស្ស។
ឯកអគ្គរាជទូតស៊ុយអែត ប្រចាំកម្ពុជា អ្នកស្រី អែនណា ម៉ាច ហ៊ុលហ្កាដ យល់ឃើញថា ស្ថានការណ៍ដូចបច្ចុប្បន្ននេះ អាចប៉ះពាល់ដល់ការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០១៧ និងបោះឆ្នោតជាតិនៅឆ្នាំ២០១៨។
អ្នកស្រីបន្តថា អ្នកស្រីបានជួបសហការីរបស់អ្នកស្រី ដើម្បីគិតគូរអំពីបញ្ហានេះ ប៉ុន្តែមិនអាចចេញសេចក្ដីថ្លែងការណ៍អ្វីច្រើនទេ៖ «ជាធម្មតា អ្វីដែលយើងធ្វើនៅក្នុងចំណោមប្រទេសជាសមាជិករបស់សហភាពអឺរ៉ុប គឺយើងធ្វើជាសមូហភាព ឬរួមគ្នា។ ដូច្នេះ យើងមិនធ្វើសេចក្ដីថ្លែងការណ៍សាធារណៈជាទ្វេភាគីទេ នៅពេលនេះទេ។ ដូច្នេះបញ្ហានេះ ខ្ញុំសុំឱ្យលោកទាក់ទងទៅប្រតិភូសហភាពអឺរ៉ុប ដើម្បីធ្វើសេចក្ដីថ្លែងការណ៍អំពីទស្សនៈរួមរបស់ប្រទេសជាសមាជិក»។
ទោះជាយ៉ាងនេះក្ដី អ្នកស្រី អែនណា ថ្លែងថា ខាងអ្នកស្រីនៅតែពិនិត្យមើលថា តើអ្នកស្រីអាចជួយជ្រោមជ្រែងយ៉ាងម៉េចបាននៅក្នុងកិច្ចការអភិវឌ្ឍន៍ល្អ និងមានសន្តិភាពនៃប្រទេសនេះ។
អង្គការតម្លាភាពអន្តរជាតិ ដែលជាអង្គការសកលនាំមុខក្នុងការប្រឆាំងអំពើពុករលួយ ក៏ចេញសេចក្ដីថ្លែងការណ៍ព័ត៌មានមួយដែរ ដោយអំពាវនាវឱ្យអាជ្ញាធរកម្ពុជា បញ្ឈប់ការយាយីទៅលើអង្គការសង្គមស៊ីវិល ហើយឈប់យាយី និងគំរាមកំហែងសកម្មជនការពារសិទ្ធិមនុស្ស។ អង្គការនេះ អំពាវនាវដល់អាជ្ញាធរកម្ពុជា ឱ្យគោរពការងាររបស់អង្គការសង្គមស៊ីវិល។
អនុប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការតម្លាភាពអន្តរជាតិ អ្នកស្រី អេលេណា ប៉ានហ្វីឡូវ៉ា (Elena Panfilova) ថ្លែងថា អង្គការតម្លាភាពអន្តរជាតិព្រួយបារម្ភខ្លាំងចំពោះការកើនឡើងនូវការជ្រៀតជ្រែកផ្នែកនយោបាយ និងការគំរាមកំហែងដល់អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រឆាំងអំពើពុករលួយ។ អង្គភាពប្រឆាំងអំពើពុករលួយ មិនគួរអនុវត្តតួនាទីខ្លួន ដើម្បីយាយី និងព្យាយាមបំបិទសំឡេងសកម្មជនសង្គមស៊ីវិលឡើយ។ ការអនុវត្តបែបនេះ ជាការបញ្ជូនសារអវិជ្ជមានទៅកាន់ប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋនៅទូទាំងពិភពលោក។ អង្គការសង្គមស៊ីវិល ត្រូវការការការពារ ដើម្បីឱ្យពួកគេអាចបំពេញការងារជួយគាំពារប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។