[ ចុចត្រង់នេះដើម្បីអានសេចក្ដីណែនាំរបស់ក្រសួងព័ត៌មានOpens in new window ]
វាគ្មិនកិត្តិយស ៣រូប ដែលបានមកចូលរួមក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី បានបកស្រាយអះអាងដូចៗគ្នាថា ទង្វើរបស់ក្រសួងព័ត៌មាន បិទកម្មវិធីផ្សាយបន្តជាភាសាខ្មែររបស់វិទ្យុអន្តរជាតិ គឺជាការដើរបញ្ច្រាសទិសប្រជាធិបតេយ្យ និងផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។ ជាពិសេស ផ្ទុយនឹងគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងឱកាសប្រកួតប្រជែងការបោះឆ្នោតសកលនៅខែកក្កដា ខាងមុខ។
បន្ថែមពីនេះ វាគ្មិនទាំងនោះក៏បញ្ជាក់ដែរថា ការផ្អាកកម្មវិធីផ្សាយវិទ្យុបរទេសជាភាសាខ្មែរ រួមមានវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុវីអូអេ (VOA) គឺបង្ហាញយ៉ាងច្បាស់ក្រឡែតថា រដ្ឋាភិបាលកម្ពុជា កំពុងរំលោភបំពានលើប្រព័ន្ធផ្សព្វផ្សាយដែលមានភាពឯករាជ្យ ផ្សាយព័ត៌មានពិត និងទាន់ពេលវេលាសម្រាប់ការចង់បានរបស់ពលរដ្ឋម្ចាស់ឆ្នោត ដែលត្រូវការចង់ដឹងអំពីកម្មវិធីនយោបាយរបស់គណបក្សនយោបាយដែលចូលរួមបោះឆ្នោត។
ប្រធានផ្នែកអង្កេតរបស់សមាគមអាដហុក (Adhoc) លោក នី ចរិយា ដែលជាវាគ្មិនមួយរូប បានគូសបញ្ជាក់ថា សេចក្តីណែនាំរបស់ក្រសួងព័ត៌មាន គឺមិនស្របតាមច្បាប់កំពូលរបស់ប្រទេសកម្ពុជា និងច្បាប់បោះឆ្នោតដែលបានចែងច្បាស់អំពីសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋជាម្ចាស់ឆ្នោត។
វាគ្មិនមួយរូបទៀត កញ្ញា ចាន់ ម៉ាឡៃ និស្សិតឆ្នាំទី៤ ឯកទេសផ្នែកទំនាក់ទំនងអន្តរជាតិ និងការទូត ក៏បានមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយមានសារៈសំខាន់ណាស់សម្រាប់សង្គមប្រជាធិបតេយ្យ។ ដូចនេះ ប្រការដែលក្រសួងព័ត៌មាន ផ្អាកការផ្សាយកម្មវិធីវិទ្យុទាំងនោះ គឺមានន័យថា កម្ពុជា កំពុងដើរថយក្រោយ។
កាលពីកន្លងមក សង្គមស៊ីវិលទាំងថ្នាក់ជាតិ និងអន្តរជាតិ រួមទាំងសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ បានរិះគន់រដ្ឋាភិបាលកម្ពុជា ថា ប្រព័ន្ធផ្សព្វផ្សាយ រួមមានស្ថានីយវិទ្យុ ទូរទស្សន៍ ភាគច្រើនគាំទ្រគណបក្សប្រជាជនកម្ពុជា។ រដ្ឋាភិបាលពុំបានគិតគូរអំពីសមធម៌ ឬភាពស្មើគ្នាក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់គណបក្សនយោបាយផ្សេងទៀត ដែលចូលរួមការប្រកួតប្រជែងការបោះឆ្នោតសកលនាចុងខែកក្កដា ខាងមុខ។
ទាក់ទងនឹងការផ្អាកការផ្សាយរបស់វិទ្យុបរទេស ដែលផ្សាយជាភាសាខ្មែរ តាមស្ថានីយវិទ្យុក្នុងស្រុកនានា មានវិទ្យុសំបុកឃ្មុំ អែហ្វអឹម១០៥ (FM105) វិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា អែហ្វអឹម១០២ (FM102) និងវិទ្យុនៅតាមបណ្ដាខេត្តមួយចំនួនទៀតនៅក្នុងអំឡុងឃោសនាបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត មានរយៈពេល ៣១ថ្ងៃនេះ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយ (CCIM) ដែលជាវាគ្មិនមួយរូបដែរ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ទង្វើរបស់ក្រសួងព័ត៌មាននេះ គឺមានគោលដៅចង់បិទវិទ្យុទាំងនេះដែលរដ្ឋាភិបាលចោទថា ជាស្ថានីយវិទ្យុគាំទ្រគណបក្សប្រឆាំង។
ចំណែកឯលោក ម៉ម សូណង់ដូ នាយកវិទ្យុសំបុកឃ្មុំ ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសបារាំង បានមានប្រសាសន៍ប្រតិកម្មយ៉ាងខ្លាំងចំពោះការប្រកាសនេះ។ លោកបានចោទទង្វើនេះថា មានលក្ខណៈមិនត្រឹមត្រូវ និងមិនសមស្របតាមកាលៈទេសៈឡើយ។
តែទោះជាយ៉ាងនេះក្តី នាយកស្ថានីយវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ បានឲ្យដឹងថា ស្ថានីយលោកនឹងត្រូវបិទទ្វារផ្អាកកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ តែម្តង។
ក្នុងសេចក្តីណែនាំដែលចុះហត្ថលេខាដោយលោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីស្តីទីក្រសួងព័ត៌មាន ផ្សាយជាសាធារណៈចុះកាលបរិច្ឆេទថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៣ បានព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើម្ចាស់ស្ថានីយអែហ្វអឹម ទាំងឡាយណាដែលមិនគោរពតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន៕
សហរដ្ឋអាមេរិកចេញសេចក្តីថ្លែងការណ៍រិះគន់រដ្ឋាភិបាលកម្ពុជា
កាលពីថ្ងៃសុក្រ ទី២៨ ខែមិថុនា សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយរិះគន់យ៉ាងខ្លាំងដល់រដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសផ្អាកស្ថានីយវិទ្យុក្នុងស្រុក ដែលបានផ្សព្វផ្សាយកម្មវិធីបន្តរបស់វិទ្យុបរទេសផ្សាយជាភាសាខ្មែរ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតសកលនៅចុងខែកក្កដា ខាងមុខ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ប៉ាទ្រីក វ៉ឺនត្រែល (Patrick Ventrell) បានមានប្រសាសន៍ថា ទង្វើក្រសួងព័ត៌មាននេះ គឺជាការរំលោភធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពសារព័ត៌មាន។ ការរឹតបន្តឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយបែបនេះ ជំរុញឲ្យមានសំណួរ និងចម្ងល់ថា តើការបោះឆ្នោតសកលនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ អាចមានភាពសេរី និងយុត្តិធម៌ដែរឬទេ?
ក្នុងសេចក្តីណែនាំចុះថ្ងៃទី២៥ ខែមិថុនា ប៉ុន្តែផ្សាយជាសាធារណៈ កាលពីថ្ងៃទី២៨ មិថុនា ចុះហត្ថលេខាដោយលោក អ៊ុក ប្រាថ្នា រដ្ឋមន្ត្រីស្តីទីក្រសួងព័ត៌មាន បានព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើម្ចាស់ស្ថានីយវិទ្យុអែហ្វអឹម (FM) ទាំងឡាយណាដែលមិនគោរពតាមការចង្អុលបង្ហាញរបស់ក្រសួងព័ត៌មាន ហើយចចេសបន្តចាក់ផ្សាយកម្មវិធីវិទ្យុបរទេសជាភាសាខ្មែរតទៅទៀតនោះ។
សេចក្តីសម្រេចរបស់ក្រសួងព័ត៌មាននេះ បណ្ដាលឲ្យវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា ត្រូវផ្អាកកម្មវិធីផ្សាយរបស់ខ្លួនតាមការផ្សាយបន្តរបស់ស្ថានីយវិទ្យុអែហ្វអឹម ចំនួន ១០ស្ថានីយ។ វិទ្យុអាស៊ីសេរី បានចាត់ទុកទង្វើនេះថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដែលគួរអោយភ្ញាក់ផ្អើលក្រៃលែងនៅក្នុងទំព័រប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបានទេ។ ស្ថានីយវិទ្យុវីអូអេ សហរដ្ឋអាមេរិក ក៏បានថ្កោលទោសទង្វើនេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។