អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សន្យាថានឹងលើកយកបញ្ហារំលោភសិទ្ធិជនជាតិដើមភាគតិច ទៅពិភាក្សាជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង នៅដើមសប្ដាហ៍ក្រោយ។ ការលើកឡើងដូចនេះ គឺនៅបន្ទាប់ពីអ្នកស្រីបានជួបប្រជុំជាមួយតំណាងអង្គការសង្គមស៊ីវិលមួយចំនួន នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៦ មីនា។
ផលប៉ះពាល់លើជនជាតិដើមភាគតិចដោយសារការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ទៅឲ្យក្រុមហ៊ុនឯកជន និងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ សុទ្ធសឹងតែជាប្រធានបទសំខាន់ៗមួយចំនួនដែល អ្នកស្រី រ៉ូណា ស្មីត គ្រោងនឹងលើកយកទៅពិភាក្សាជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង ក្នុងពេលដ៏ខ្លីខាងមុខ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តស្ទឹងត្រែង លោក ហូ សំអុល ឲ្យដឹងតាមទូរស័ព្ទថា ក្នុងជំនួបជាមួយសង្គមស៊ីវិល អ្នកស្រី រ៉ូណា ស្មីត បានផ្ដោតទៅលើការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន ដោយសារគម្រោងអភិវឌ្ឍន៍នានានៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង ដែលសម្បូរទៅដោយជនជាតិដើមភាគតិច។
លោក ហូ សំអុល ឲ្យដឹងបន្ថែមថា ក្នុងជំនួបនោះ តំណាងអង្គការសង្គមស៊ីវិលជិត ១០ បានស្នើឲ្យ អ្នកស្រី រ៉ូណា ស្មីត ជំរុញទៅអាជ្ញាធររដ្ឋាភិបាល គោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ ជាពិសេសសិទ្ធិរបស់ជនជាតិដើមភាគតិច នៅពេលដែលផលប្រយោជន៍របស់ពួកគាត់ ត្រូវបានរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន និងការរំលោភបំពានផ្សេងៗពីឈ្មួញអ្នកមានទ្រព្យសម្បត្តិ ឬអ្នកមានអំណាច៖ « ទី១ យើងគិតទៅលើដីសម្បទានសេដ្ឋកិច្ច។ ទី២ គឺសង្គមកិច្ច នៅពេលរដ្ឋាភិបាលគាត់សម្បទានមក គឺប៉ះពាល់ទៅលើជនជាតិដើមភាគតិចនេះឯងភាគច្រើន និងពាក់ព័ន្ធជាមួយក្រុមឈ្មួញ និងឧក្រិដ្ឋជនមួយចំនួន ដែលកាប់ព្រៃអនាធិបតេយ្យប៉ះទៅលើដើមច្បោះដែលជាសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច »។
មុនមកដល់ប្រទេសកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បានប្រកាសថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជា ជាលើកទី២ របស់អ្នកស្រីនៅពេលនេះ គឺពិនិត្យមើលជាសំខាន់ទៅលើស្ថានភាពសិទ្ធិមនុស្សរបស់ពលរដ្ឋដែលបាត់បង់ឱកាស និងដែលរដ្ឋាភិបាលពុំសូវគិតគូរដល់ រួមមាន ស្ត្រី និងជនជាតិដើមភាគតិច និងជនរងគ្រោះដោយសារការរើសអើងពូជសាសន៍ ជាដើម។
បើទោះបីជានៅមិនទាន់ដឹងថា អាជ្ញាធរខេត្តស្ទឹងត្រែង នឹងឆ្លើយតបចំពោះកង្វល់របស់ពលរដ្ឋបែបណាក្តី ប៉ុន្តែសង្គមស៊ីវិលលើកឡើងថា ការចុះសិក្សាដល់ទីកន្លែងពីទុក្ខលំបាករបស់ជនជាតិដើមភាគតិច ដោយ អ្នកស្រី រ៉ូណា ស្មីត ពេលនេះ បង្ហាញឲ្យឃើញថា អង្គការសហប្រជាជាតិ មិនបានបោះបង់ពួកគេចោលនោះឡើយ។
មន្ត្រីទំនាក់ទំនងនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា ឲ្យដឹងកាលពីថ្ងៃទី២៦ មីនា ថា ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ មីនា ក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ក្រៅពីជួបពិភាក្សាជាមួយសង្គមស៊ីវិល និងអាជ្ញាធរខេត្ត អ្នកស្រី រ៉ូណា ស្មីត ក៏គ្រោងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា ក្នុងនោះក៏មានទាំងតំណាងរបស់ក្រុមហ៊ុនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។